រឿងអប់រំខ្លី៖ ដំបូន្មាននៅក្នុងជីវិត (គ្រប់គ្នាគប្បីគួរអាន)

ជាយូរលង់ណាមកហើយ មានប្តីប្រពន្ធក្រីក្រមួយគូរស់នៅក្នុងភូមិដាច់ស្រយាលមួយ។ ថ្ងៃមួយបុរសជាប្តីបានសំរេចចិត្តចាកចេញពីភូមិ ដើម្បីទៅរកការងារធ្វើនៅឯទីក្រុង ដោយទុកអោយប្រពន្ធរបស់គាត់រស់នៅតែម្នាក់ឯង។ គិតរួចបុរសជាប្តីក៏បាននិយាយទៅកាន់ប្រពន្ធរបស់គាត់ថា,​
«អូនសម្លាញ់, បងនឹងចាកចេញពីផ្ទះ ធ្វើដំណើរទៅទីសែនឆ្ងាយមួយដើម្បីរកការងារធ្វើ។ បងនឹងខិតខំប្រឹងធ្វើការដើម្បីបានប្រាក់ត្រលប់មករស់នៅជាមួយអូន ហើយបងនឹងផ្តល់ជីវភាពសមរម្យមួយដល់អូន។ បងមិនដឹងថាតើបងនឹងទៅយូរប៉ុណ្ណានោះទេ ប៉ុន្តែបងសុំអូនម្យ៉ាងគឺសុំអូនរង់ចាំបង ហើយពេលដែលបងមិននៅ សូមអូនស្មោះត្រង់ជាមួយ ព្រោះបងនឹងស្មោះត្រង់ចំពោះអូន»។

បន្ទាប់ពីទទួលការព្រមព្រៀងគ្នារួចហើយ បុរសកំសត់ក៏បានចាកចេញពីផ្ទះទៅ។ គាត់ចេះតែដើរៗទៅ ជាច្រើនថ្ងៃកន្លងផុតទៅគាត់ក៏បានជួបនឹងបុរសកសិករម្នាក់ ដែលកំពុងតែស្វែងរកអ្នកមកជួយការងារគាត់។ កសិករក៏ទទួលបុរសកំសត់អោយចូលធ្វើការ។

មុនពេលដែលចូលធ្វើការកសិករ និងបុរសបាននិយាយពីគ្នាលក្ខខ័ណ្ឌការងារ

បុរសកំសត់បាននិយាយទៅកាន់កសិករថា, «ខ្ញុំនឹងធ្វើការអោយលោកយូរតាមដែលខ្ញុំចង់។ ខ្ញុំនឹងមិនបើកប្រាក់ខែរបស់ខ្ញុំនោះទេ, ខ្ញុំផ្ញើរទុកនៅលោកអោយជួយសន្សំអោយខ្ញុំ រហូតដល់ថ្ងៃដែលខ្ញុំត្រលប់ទៅផ្ទះវិញ»។

បន្ទាប់ពីនិយាយពីលក្ខខ័ណ្ឌការងារចប់សព្វគ្រប់ហើយ ពួកគេទាំងពីរក៏យល់ព្រមនឹងគ្នា។ បុរសកំសត់ក៏ចាប់ផ្តើមធ្វើការងាររបស់គាត់។ គាត់ខិតខំប្រឹងប្រែងធ្វើការងារមិនហ៊ានសំរាកនោះទេ មិនថាថ្ងៃសៅរ៍អាទិត្យ រឺថ្ងៃឈប់សំរាកឡើយ។ គាត់អំណត់នឹងការងារខ្លាំងណាស់ ដែលជាហេតុធ្វើអោយកសិករពេញចិត្តគាត់ជាខ្លាំង។ គាត់ធ្វើការអោយកសិកររយៈពេល ២០ ឆ្នាំដោយមិនបើកប្រាក់ខែម្តងណាឡើយ។

ថ្ងៃមួយ, បុរសសំរេចចិត្តឈប់ធ្វើការ ហើយវិលត្រលប់ទៅផ្ទះវិញដើម្បីជួបជុំប្រពន្ធគាត់។ គិតរួចបុរសក៏បានទៅជួបកសិករដើម្បីលាឈប់ពីការងារ។ បុរសនិយាយទៅកាន់កសិករថា,

«លោកថៅកែ, ខ្ញុំចង់បានប្រាក់ខែរបស់ខ្ញុំ ព្រោះខ្ញុំគិតចង់វិលត្រលប់ទៅផ្ទះវិញហើយ»។

ថៅកែឆ្លើយតបវិញថា, «ល្អ, ប៉ុន្តែខ្ញុំមានអ្វីថ្មីមួយដែលចង់ធ្វើកិច្ចព្រមព្រៀងជាមួយនឹងឯង។ តើឯងចង់បានប្រាក់ខែ រឺក៏ចង់បានដំបូន្មាន ៣ យ៉ាងក្នុងជីវិត? ប្រសិនបើយកដំបូន្មានទាំង ៣ គឺខ្ញុំមិនអោយប្រាក់ខែទៅឯងទេ ហើយបើឯងយកប្រាក់ខែ ខ្ញុំនឹងមិនអោយដំបូន្មានទេ។ ឥលូវចូរឯងត្រលប់ទៅបន្ទប់ ហើយដេកគិតអោយច្បាស់សិនទៅថា ឯងនឹងជ្រើសរើសយកមួយណា»។

គាត់ត្រលប់ទៅបន្ទប់របស់គាត់វិញ, គាត់គិតអស់ពីរថ្ងៃ បន្ទាប់មកគាត់ក៏ត្រលប់មកជួបថៅកែ ហើយប្រាប់ទៅគាត់ថា,

«ខ្ញុំយកដំបូន្មានទាំង ៣»។

ថៅកែបញ្ជាក់ម្តងទៀតថា, «បើឯងយកដំបូន្មានទាំង ៣ នោះឯងនឹងមិនបានប្រាក់ខែ ដែលឯងខំប្រឹងទាំងនឿយហត់អស់រយៈពេល ២០ ឆ្នាំនេះទេណា»។

បុរសឆ្លើយយ៉ាងម៉ឺងម៉ាត់ថា,
«ខ្ញុំចង់បានដំបូន្មានទាំង ៣»។

ថៅកែប្រាប់អំពីដំបូន្មានទាំង ៣ ទៅកាន់បុរស៖

«ទី១៖ កុំជ្រើសរើសផ្លូវកាត់នៅក្នុងជីវិតរបស់អ្នក, ផ្លូវដែលខ្លី ហើយផ្លូវដែលមិនស្គាល់ច្បាស់អាចធ្វើអោយជីវិតរបស់ឯងខូចខាត។
ទី ២៖ មិនត្រូវចង់ដឹងចង់ឃើញពេកនោះទេ ព្រោះការដែលចង់ដឹងចង់ឃើញខ្លាំងពេក អាចនាំអោយមានសេចក្តីស្លាប់។
ទី ៣៖ ចូរកុំធ្វើការសម្រេចចិត្តខណៈពេលដែលខឹង រឺឈឺចាប់ ព្រោះឯងអាចគិតខុស ហើយស្តាយក្រោយ ហើយវាអាចនឹងយឺតពេល»។

បន្ទាប់ពីផ្តល់ដំបូន្មានទាំង ៣ ទៅកាន់បុរសហើយ ថៅកែក៏បាននិយាយបន្ថែមទៀតថា,
«យកនំប៉័ងមូលធំៗ ៣ នេះទៅ, ២ នេះសម្រាប់ឯងញ៉ាំក្នុងអំឡុងពេលធ្វើដំណើរត្រលប់ទៅផ្ទះវិញ ហើយ ១ដុំនេះសម្រាប់ឯងញ៉ាំជាមួយប្រពន្ធរបស់ឯង ពេលដែលឯងទៅដល់ផ្ទះវិញ»។

បន្ទាប់ពីទទួលដំបូន្មាន និង នំប៉័ងហើយបុរសក៏លាថៅកែ ហើយធ្វើដំណើរត្រលប់ទៅផ្ទះវិញ។ គាត់នឹកប្រពន្ធជាទីស្រលាញ់របស់គាត់ខ្លាំងណាស់។

នៅពេលដែលធ្វើដំណើរថ្ងៃទី ១នោះ, បុរសបានជួបនឹងតាចាស់ម្នាក់។ តាចាស់នោះក៏បានសួរទៅកាន់គាត់ថា,
«តើចៅទៅណា?»

គាត់ឆ្លើយប្រាប់ទៅតាចាស់នោះវិញថា, «ខ្ញុំកំពុងតែធ្វើដំណើរត្រលប់ទៅផ្ទះរបស់ខ្ញុំវិញ។ ខ្ញុំចាកចេញពីផ្ទះដើម្បីទៅធ្វើការនៅស្រុកឆ្ងាយរយៈពេល ២០ ឆ្នាំហើយ។ ពីទីនេះទៅដល់ផ្ទះរបស់ខ្ញុំត្រូវចំណាយពេលរាប់ខែទើបដល់»។

តាចាស់បាននិយាយទៀតថា,
«អូ... ចៅកំសត់អើយ, ផ្លូវដែលចៅធ្វើដំណើរនេះវែងឆ្ងាយខ្លាំងណាស់។ ខ្ញុំស្គាល់ផ្លូវកាត់មួយដែលមានសុវត្ថិភាព ហើយចៅនឹងឆាប់ទៅដល់ភូមិរបស់ចៅណា»។

បុរសចាប់ផ្តើមដើរតាមផ្លូវកាត់ដែលតាចាស់នោះបានប្រាប់ ប៉ុន្តែស្រាប់តែគាត់នឹកឃើញនូវដំបូន្មានទី ១ របស់ថៅកែគាត់។ គាត់ក៏ត្រលប់មកផ្លូវដើមរបស់គាត់វិញ ហើយបន្តដំណើរនៅលើផ្លូវដ៏វែងឆ្ងាយនេះ។ ជាច្រើនថ្ងៃកន្លងផុតទៅបុរសក៏បានលឺថា ផ្លូវកាត់ដែលគាត់បំរុងនឹងដើរនោះ មានពួកចោរបានពួនសំងំចាំស្ទាក់ប្លន់អ្នកដំណើរ។ គាត់និយាយតែម្នាក់ឯងថា, «ពិតជាសំណាងខ្លាំងណាស់»។

ជាច្រើនថ្ងៃកន្លងផុតទៅ, គាត់ក៏បានដើរដល់ភូមិមួយ។ គាត់បានឃើញផ្ទះចាស់មួយកន្លែង ដែលអាចអោយអ្នកដំណើរស្នាក់អាស្រ័យបាន។ គាត់ក៏សំរេចចិត្តស្នាក់នៅទីនោះមួយយប់។ គាត់ចូលទៅក្នុងបន្ទប់មួយ បន្ទាប់ពីគាត់ធ្វើការងូតទឹកសំអាតខ្លួនរួចរាល់ហើយ គាត់ក៏ដាក់ខ្លួនទម្រេតនៅលើគ្រែគេង។

នាពាក់កណ្តាលយប់, គាត់ភ្ញាក់ពីដំណេកដោយសារតែបាន លឺសំលេងស្រែកដ៏គួរអោយភ័យខ្លាចមួយ។ គាត់ងើបឡើង ហើយដើរសំដៅទៅមាត់ទ្វារបំរុងនឹង​ បើកចុះក្រោមមើលថាតើមានអ្វីកើតឡើង។ គាត់ក៏នឹកឃើញនូវដំបូន្មានទី ២ របស់ថៅកែគាត់។ គាត់ក៏ត្រលប់មកគ្រែដើម្បីគេងវិញ។

ព្រឹកឡើង, គាត់ក្រោកឡើង ហើយរៀបចំខ្លួនចេញដំណើរទៅមុខទៀត។ ពេលនោះម្ចាស់ផ្ទះដែលអោយគាត់សំណាកនោះបានសួរទៅកាន់គាត់ថា, «តើអ្នកមានលឺសំលេងអ្វីចម្លែកដែររឺទេកាលពីយប់មិញនេះ?» គាត់បានប្រាប់ទៅកាន់ម្ចាស់ផ្ទះថាគាត់បានលឺ។ ម្ចាស់ផ្ទះធ្វើមុខចម្លែក ហើយក៏សួរបន្តថា, «តើអ្នកមិនចង់ដឹងទេថានោះជាសម្លេងអ្វី?»



បុរសឆ្លើយវិញថា,
«បាទ, អត់ចង់ដឹងទេ»
ម្ចាស់ផ្ទះក៏បាននិយាយរៀបរាប់ប្រាប់ទៅបុរសថា,
«អ្នកគឺជាភ្ញៀវទីមួយហើយ ដែលនៅមានជីវិតអាចចាកចេញពីទីនេះ។ ភូមិនេះគឺជាភូមិដ៏ចម្លែកមួយ។ ជារៀងរាល់យប់តែងតែមាន សំលេងស្រែកហៅនរណាម្នាក់អោយជួយ។ ពេលដែលមនុស្សណាម្នាក់ចេញទៅក្រៅដើម្បីមើលនោះ, នឹងត្រូវបានគេសម្លាប់ ហើយសាកសពនឹងត្រូវបញ្ចុះនៅក្រោយភូមិនេះ។

បុរសពិតជារន្ធត់ ហើយភ័យខ្លាចបំផុតពេលដែលដឹងអំពីរឿងនេះ។ បន្ទាប់មកបុរសក៏លាម្ចាស់ផ្ទះដើម្បីបន្តដំណើរទៅមុខទៀត។

គាត់បានធ្វើដំណើរទាំងយប់ទាំងថ្ងៃ, គាត់ពិតជាអស់កំលាំងខ្លាំងណាស់ ប៉ុន្តែគាត់បានធ្វើដំណើរជិតដល់ភូមិរបស់គាត់ហើយ។

គាត់បានឃើញដំបូលផ្ទះរបស់គាត់ពីចំងាយ, គាត់ពិតជាត្រេកអរខ្លាំងណាស់។ មេឃកាន់តែយប់ណាស់ទៅហើយ គាត់ខំប្រឹងធ្វើដំណើរអោយដល់ផ្ទះឆាប់ៗ។ គាត់បានឃើញភ្លើងចង្កៀងភ្លឺរឹមៗចេញពីបង្អួចផ្ទះរបស់គាត់។ ដោយសារតែពន្លឺភ្លើងចង្កៀងទើបអាចធ្វើអោយគាត់ អាចមើលឃើញស្រមោលរបស់ប្រពន្ធគាត់។ គាត់ញញឹម ហើយនិយាយតែម្នាក់ឯងថា, «អូនសម្លាញ់, យើងជិតបានជួបគ្នាហើយ បងនឹកអូនខ្លាំងណាស់»។ ស្រាប់តែភាពរីករាយ និង ស្នាមញញឹមបានប្រែទៅជាអារម្មណ៍ឈឺចាប់ទៅវិញ ព្រោះគាត់បានឃើញស្រមោលមនុស្សប្រុសនៅក្នុងផ្ទះរបស់គាត់។ ប្រពន្ធរបស់គាត់មិនបាននៅផ្ទះតែម្នាក់ឯងនោះទេ។ ខណៈពេលនោះបេះដូងរបស់គាត់ហាក់ដូចជា មានអ្វីម្យ៉ាងមកកាប់ចិញ្ច្រាំ ហើយអារម្មណ៍ស្អប់ និងល្វីងជូរចត់ក៏នៅស្ទះពេញក្នុងនោះ។ គាត់បានសំរេចចិត្តដើរទៅយ៉ាងប្រញាប់ ដើម្បីទៅសម្លាប់ពួកគេទាំងពីរនាក់។

ប៉ុន្តែពេលនោះគាត់ក៏នឹកឃើញនូវដំបូន្មានទី ៣ របស់ថៅកែគាត់ ហើយគាត់ខំប្រឹងទប់ចិត្តទប់អារម្មណ៍ ដកដង្ហើមវែងៗ។ គាត់ក៏អាចបន្ធូរបានខ្លះ ហើយគាត់ក៏ដាក់ខ្លួនដេកក្រោមដើមឈើធំមួយទាំងអារម្មណ៍មួរម៉ង។

ព្រឹកឡើង, គាត់រំងាប់អារម្មណ៍ ហើយបានគិតយល់ថា,
«គាត់នឹងមិនសម្លាប់ប្រពន្ធរបស់គាត់ រួមនឹងសាហាយនោះទេ។ គាត់នឹងត្រលប់ទៅជួបថៅកែដើម្បីសុំគាត់ធ្វើការងារបន្តទៀត ប៉ុន្តែមុននឹងគាត់ទៅ, គាត់ចង់ទៅប្រាប់ប្រពន្ធរបស់គាត់ថា គាត់មិនដែលក្បត់ចិត្តប្រពន្ធរបស់គាត់ម្តងណាឡើយ»។

គិតរួចបុរសក៏បានធ្វើដំណើររហូតដល់ផ្ទះរបស់គាត់។ គាត់ឈរគោះទ្វារ។ ពេលដែលប្រពន្ធរបស់គាត់បើកទ្វារឡើងឃើញគាត់, នាងយំជាខ្លាំង ហើយឳបគាត់យ៉ាងកក់ក្តៅ។ ប៉ុន្តែគាត់ព្យាយាមប្រលេះដៃរបស់នាងចេញពីគាត់។

គាត់រលីងរលោងទឹកភ្នែក ហើយនិយាយទៅកាន់ប្រពន្ធរបស់គាត់ថា,

«បងស្មោះត្រង់ជាមួយអូន ប៉ុន្តែហេតុអ្វីបានជាអូនក្បត់បង?»

ប្រពន្ធរបស់គាត់ភ្ញាក់ព្រឺត ហើយនាងក៏បានតបវិញថា,

«អូនក្បត់បងយ៉ាងម៉េចទៅ? អូនមិនដែលក្បត់បងនោះទេ។ អូនរង់ចាំបងយ៉ាងអំណត់អស់រយៈពេល ២០ឆ្នាំ»។

បុរសញញឹមបែបឌឺដង,
«ចុះបុរសដែលនៅជាមួយអូនយប់មិញនោះគេជានរណា?»

ប្រពន្ធរបស់គាត់ញញឹម ហើយក៏បានហៅបុរសនោះចេញមកជួបនឹងប្តី។
នាងនិយាយទៅកាន់គាត់ថា,
«បុរសម្នាក់នេះគឺជាកូនប្រុសរបស់បង។ ពេលដែលបងចាកចេញទៅ ទើបអូនដឹងថាអូនមានទំងន់។ ហើយថ្ងៃនេះគេមានអាយុ ២០ ឆ្នាំហើយ»។

បុរសជាប្តីមានអារម្មណ៍ស្រលាំងកាំង បូករួមជាមួយនឹងអារម្មណ៍ត្រេកអរ។ គាត់ក៏បាននិយាយសុំទោសទៅកាន់ប្រពន្ធរបស់គាត់ ដែលគាត់ឆាប់វិនិច្ឆ័យគិតខុសថា ប្រពន្ធរបស់គាត់មានសាហាយក្បត់ចិត្តគាត់។

បន្ទាប់ពីបានដឹងរឿងអស់ហើយ, បុរសក៏បាននិយាយរៀបរាប់អំពីដំណើរជីវិត ២០ ឆ្នាំដែលគាត់បានចាកចេញពីផ្ទះ។ ហើយគាត់បានប្រាប់ប្រពន្ធរបស់គាត់ថាប្រាក់ខែ ២០ ឆ្នាំរបស់គាត់គឺប្តូរជាមួយនឹងដំបូន្មាន ៣។ គាត់ក៏បានយកនំប៉័ងចេញពីបង្វិចសម្លៀកបំពាក់គាត់ ហើយគាត់ក៏កាច់ចែកប្រពន្ធ និងកូនរបស់គាត់។ ស្រាប់តែគាត់បើកភ្នែកធំៗ ព្រោះខាងក្នុងនំប៉័ងជាប្រាក់ខែរបស់គាត់។ គាត់ពិតជារីករាយខ្លាំងណាស់។

គាត់រស់នៅជាមួយនឹងប្រពន្ធ​ និងកូនប្រុសជាទីស្រលាញ់របស់គាត់យ៉ាងមានសុភមង្គល។ ជាមួយនឹងដំបូន្មានទាំង ៣ នេះធ្វើអោយគាត់រស់នៅយ៉ាងរីករាយ៕

Loading...

ប្រែសម្រួលដោយ៖ ដា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Bektleay Campaign
Anchor Beer