ការពិត ៥​យ៉ាង ​អំពី​កូ​ឡេ​ស្តេ​រ៉ុល ដែល​អ្នក​គួរតែ​យល់ដឹង​ចាប់ពីពេលនេះ​ទៅ​!!!

កូ​ឡេ​ស្តេ​រ៉ុល​គឺជា​សារធាតុ​ខ្លាញ់​មួយ​ប្រភេទ​ដែល​ត្រូវបាន​គេ​រកឃើញ​ក្នុង​កោសិកា​របស់​សត្វ​។ សារធាតុ​មួយ​នេះ​អាច​ទទួលបាន​ទាំង​ពី​ការ​ញ៉ាំ​អាហារ និង​រាងកាយ​ផលិត​ចេញ​ដោយ​ខ្លួនឯង​។ វា​ត្រូវ​បាន​ចល័ត​នៅក្នុង​ចរន្តឈាម​ពេញ​រាងកាយ​យើង ហើយ​កាលណា​វា​មាន​ចំនួន​ច្រើន​ពេក អាច​បង្ក​ទៅជា​កំណកខ្លាញ់​នៅ​ចន្លោះ​ជញ្ជាំង​សរសៃឈាម​អាក់ទែ​បាន​។ កំណក​នេះហើយ​ជា​អ្នក​ធ្វើឲ្យ​សរសៃឈាម​ទៅ​ជា​រឹង និង​បង្ក​ជា​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល លើស​សម្ពាធ​ឈាម និង​ជំងឺ​បេះដូង​។ ខាងក្រោម​នេះ​គឺជា​រឿង​ពិត​មួយចំនួន​អំពី​កូ​ឡេ​ស្តេ​រ៉ុល ដែល​អ្នក​គប្បី​យល់ដឹង និង​ជឿ​ចាប់ពី​ពេលនេះ​ទៅ​៖

​កូ​ឡេ​ស្តេ​រ៉ុល​មិនមែន​តែ​តែ​អាក្រក់​នោះទេ​
​រាងកាយ​របស់​មនុស្ស​យើង​មានកូ​ឡេ​ស្តេ​រ៉ូល​ពីរ​ប្រភេទ​នោះ​គឺ LDL (​កូ​ឡេ​ស្តេ​រ៉ូល​អាក្រក់​) និង HDL (​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​)​។ កាល​ណាកូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​មាន​ច្រើន​ក្នុង​ឈាម វា​នឹង​បង្ក​ទៅជា​កំណក​ឈាម តែ​បើ​សិន​ជាកូ​ឡេ​ស្តេ​រ៉ុល​ល្អ​មាន​ច្រើន​វិញ វា​នឹង​ជួយ​សម្អាត​កំណក​នានា​ក្នុង​សរសៃឈាម​ចេញ​វិញ​។ កូ​ឡេ​ស្តេ​រ៉ុល​មួយចំនួន​ត្រូវបាន​ថ្លើម និង​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ​យក​ទៅ​ប្រើប្រាស់​សម្រាប់​ផលិតផល​ផ្សេងៗ​ដូចជា អ័រម៉ូន​ភេទ ឬ​អង់ស៊ីម​រំលាយ​អាហារ​ជាដើម​។​

កូ​ឡេ​ស្តេ​រ៉ុល​អាចមាន​ក្នុង​ហ្សែ​ន​មនុស្ស​យើង​ដែរ​
​ការ​ដែល​មានកូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់​ក្នុង​ឈាមជា​រឿង​មួយ​ដែល​មិន​អាច​ចៀសផុត​បាន​ឡើយ​ជាពិសេស​មនុស្ស​មួយចំនួន​ដែល​មាន​បញ្ហា​ដំណរ​ពូជ ហើយ​វា​ក៏​អាច​ទាក់ទង​នឹង​ការ​លើសកូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ផងដែរ​។ ករណី​បែប​នេះ​ហៅថា Familial Hypercholesterolemia ដែល​អាច​នាំឲ្យ​កើត​ជា​ជំងឺ​គាំងបេះដូ​ងទាំង​វ័យក្មេង ហើយ​ក៏​ត្រូវការ​ការព្យាបាល​ខ្លាំងក្លា​ផង​ដែរ​។

​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់​អាច​មើលឃើញ​ពី​ខាងក្រៅ​
​ធម្មតា​គ្រាន់តែ​យើង​មើលឃើញ​ពី​ខាងក្រៅ ក៏​អាច​ដឹង​ថា​រាងកាយ​មនុស្ស​ម្នាក់​នោះ​មាន​ជា​តិកូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់​ឬ​អត់​ដែឬ​។ កាល​ណាកូ​ឡេ​ស្តេ​រ៉ុល​ឡើង​ខ្ពស់ វា​អាច​បណ្តាល​ឲ្យ​ដុះ​ខ្លាញ់​ក្រោម​ស្បែក​ច្រើន ដែល​មើលទៅ​ពណ៌​លឿងៗ និង​មាន​ដុំ​ក្រហមៗ​នៅលើ​ផ្ទៃ​ស្បែក​ខាងក្រៅ​។ ដុំ​បែបនេះ​ហៅថា Xanthomas ហើយ​អាច​មាន​នៅ​គ្រប់​កន្លែង​ទាំងអស់​នៃ​រាងកាយ ជាពិសេស​នៅ​សន្លាក់ ប្រអប់​ដៃ និង​ត្របកភ្នែក​តែម្តង​។

ការ​ហាត់ប្រាណ​អាច​បង្កើន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​បាន​
​ការ​ហាត់ប្រាណ​គួរតែ​ធ្វើ​ជា​ទម្លាប់​ប្រចាំថ្ងៃ​ដើម្បី​ជីវិត​មាន​សុខភាព​ល្អ​។ ការ​ហាត់ប្រាណ​ត្រូវបាន​គេ​បង្ហាញ​ថា ជួយ​បង្កើន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ក្នុង​ខ្លួន​។ បើសិន​ជា​អ្នក​ធា​ត់ ចូរ​ធ្វើយ៉ាងណា​សម្រក​ទម្ងន់​ឲ្យបាន ១០ ទៅ​២០​ភាគរយ​នៃ​ទម្ងន់​ខ្លួន​សរុបទៅ នោះ​អ្នកនឹង​មើលឃើញ​ការថយចុះ​នៃ​កូ​ឡេ​ស្តេ​រ៉ុលក្នុង​ឈាម​អស្ចារ្យ​ប៉ុណ្ណា​ហើយ​។

អាយុ​កាន់តែច្រើន កូ​ឡេ​ស្តេ​រ៉ុល​កាន់តែ​ឡើង​ខ្ពស់ តែ​ជា​រឿង​ធម្មជាតិ​ទេ​
​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​នឹង​កើន​ឡើង​តាម​ធម្មជាតិ​នៅពេល​អាយុ​កាន់តែច្រើន ជាពិសេស​មនុស្ស​ស្រី​តែម្តង​។ មុន​ពេល​រ៉ាំ​ង​រដូវ ស្ត្រី​ភាគច្រើន​គឺ​មានកូ​ឡេ​ស្តេ​រ៉ុលក្នុង​ឈាម​ទាប​ជាង​បុរស​ទេ ប៉ុន្តែ​វា​នឹង​ឡើង​ខ្ពស់​ជាង​បុរស​វិញ​នៅ​ពេល​ពួកគេ​រ៉ាំ​ង​រដូវ​។ ចំពោះ​មូលហេតុ​វិញ ដោយសារ​តែ​ការថយចុះ​នៃ​អ័រម៉ូន​ភេទ​អេ​ស្ត្រូជែន​ក្រោយ​ពី​រ៉ាំងរដូវ​រួច​តែ​ម្តង​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​ដែល​មាន​ចំនួន​កូ​ឡេ​ស្តេ​រ៉ូលក្នុង​ឈាម​ច្រើនពេក ឬ​តិចពេក សុទ្ធ​តែ​បង្ក​បញ្ហា​ដល់​រាងកាយ​បាន​ទាំងអស់​។ ដូច្នេះ​យក​ល្អ​គួរតែ​ញ៉ាំ​អាហារ​ឲ្យបាន​ត្រឹមត្រូវ និង​ហាត់ប្រាណ​ជា​ទៀងទាត់​ដើម្បី​រក្សា​ភាព​ធម្មតា​របស់កូ​ឡេ​ស្តេ​រ៉ុល​ក្នុងឈាម​៕

Loading...

ផ្តល់សិទ្ធិដោយ៖ health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Bektleay Campaign
Anchor Beer