ក៏ព្រោះតែ Iphone 11 មួយគ្រឿងសោះ ដាច់ចិត្តលក់ក្មួយស្រីអាយុ ២ ឆ្នាំ

កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅនេះ ប៉ូលីសនៅក្នុងខេត្ត An Giang ប្រទេសវៀតណាមបានចេញសេចក្តីសម្រេចចោទប្រកាន់ និង ឃុំខ្លួនស្ត្រីម្នាក់ ដើម្បីបន្តការស៊ើបអង្កេតបន្ថែម បន្ទាប់ពីស្ត្រីរូបនោះដោះដូរក្មួយស្រីអាយុ ២ ឆ្នាំ ជាមួយនឹង Iphone 11 ។ យោងតាមការចុះផ្សាយនៅលើគេហរទំព័រព័ត៌មានមួយ បានអោយដឹងថា ស្ត្រីវ័យកណ្តាលដែលមានឈ្មោះថា Hanh ត្រូវបានឪពុកម្តាយ ក្មេងស្រីរងគ្រោះមានឈ្មោះថា Ng បានទុកកូនអោយនៅជាមួយ មួយរយៈ ។

នៅថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៩ ស្ត្រីឈ្មោះ Hanh បាននាំក្មេងស្រីរងគ្រោះចេញទៅក្រៅផ្ទះ ហើយអំឡុងពេលនោះក៏មានស្ត្រីម្នាក់ទៀតមានឈ្មោះថា Vinh បានខលជាវីដេអូតាម Messenger មកស្ត្រីខាងលើ ។ Vinh ហើយនឹង Hanh ជាមិត្តភក្តិលើបណ្តាញទំនាក់ទំនងសង្គម ។ នៅពេលដែលនិយាយ Video Call នោះ ស្ត្រីឈ្មោះ Vinh និយាយដដែលថា Ng (ក្មេងស្រីរងគ្រោះ) គួរអោយស្រលាញ់ណាស់ ។

បន្ទាប់មកស្ត្រីឈ្មោះ Hanh ក៏បានចាប់ផ្តើមប្រឌិតរឿងកុហកស្ត្រីឈ្មោះ Vinh ថា ក្មេងស្រីរងគ្រោះនេះត្រូវបានឪពុកបោះបង់ចោល ខណៈដែលម្តាយរបស់នាងញៀននឹងល្បែងស៊ីសង ហើយនឹងញៀនថ្នាំ ហើយពួកគេគ្រោងនឹងបញ្ជូនក្មេងស្រីទៅវិហារដើម្បីអោយគេមើលថែ ។ នៅពេលដែលលឺបែបនេះ ស្ត្រីឈ្មោះ Vinh ក៏បានសុំក្មេងស្រីយកទៅចិញ្ចឹម ដោយសន្យាថានឹងអោយ Iphone 11 ហើយនឹងលុយបន្តិចបន្តួចមកស្ត្រីឈ្មោះ Hanh ។ លឺដូច្នេះ Hanh ក៏យល់ព្រម ។ លុះព្រឹកបន្ទាប់ ស្ត្រីឈ្មោះ Hanh ក៏បាននាំក្មេងស្រីរងគ្រោះចេញពីផ្ទះជីដូនរបស់នាង ដោយប្រាប់ថានាំក្មេងស្រីរងគ្រោះដើរលេងនៅខាងក្រៅ ប៉ុន្តែការពិតនាងយកក្មេងស្រីទៅអោយ Vinh ។ ពេលនោះស្ត្រីឈ្មោះ Vinh បានអោយលុយចំនួន 1.5 million VND (ប្រហែល ៦៤ ដុល្លា) សម្រាប់ថ្លៃធ្វើដំណើរតាមតាក់ស៊ី ហើយនឹង Iphone 11 មួយគ្រឿងតាមការសន្យាកាលពីម្សិល ។

ដោយខ្លាចគេដឹងរឿង ស្ត្រីឈ្មោះ Hanh ក៏បានទៅរាយការណ៍ប្រាប់ប៉ូលីសថាបាត់ក្មួយស្រី ។ ក្រោយទទួលសេចក្តីរាយការណ៍ប៉ូលីស ក៏ចាប់ផ្តើមធ្វើការស៊ើបអង្កេត ហើយសាកសួរព័ត៌មានខ្លះៗទាក់ទងនឹងក្មេងស្រីរងគ្រោះ ។ បន្ទាប់ពីសួរចុះសួរឡើងជីកឬសជីកគល់ ស្ត្រីឈ្មោះ Hanh ក៏បានសារភាពថានាងបានលក់ក្មួយស្រីទៅអោយមិត្តភក្តិរបស់នាងឈ្មោះ Vinh ដោយដូរយក Iphone 11 ។ នៅថ្ងៃទី ៣ ខែវិច្ឆិកា ប៉ូលីសក៏បានទៅដល់ផ្ទះស្ត្រីឈ្មោះ Vinh ហើយនឹងបាននាំខ្លួននាងទៅកាន់ប៉ុស្តិ៍ប៉ូលីសដើម្បីសួរចម្លើយបន្ត ។ ស្ត្រីទាំងពីរនាក់ខាងលើក៏ត្រូវបានប៉ូលីសឃុំខ្លួន ចំណែកឯក្មេងស្រីត្រូវបានប្រគល់ទៅអោយឪពុកម្តាយរបស់នាងវិញ ដោយសុវត្ថិភាព ។

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial