អាណិតណាស់ ! ម្តាយទំនងជាបែកថ្នាំ បានយកកូនស្រីទើបនឹងកើតបាន ៩ ថ្ងៃ ទៅជ្រមុជទឹកទន្លេ

មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីរសៀលថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម្សិលមិញនេះ ខណៈពេលដែលស្ត្រីជាម្តាយម្នាក់ទំនងជាប្រើប្រាស់ថ្នាំញៀនលើសកម្រិត ក៏បានយកកូនស្រីដែលទើបនឹងកើតបាន ៩ ថ្ងៃ យកទៅជ្រមុជទឹកទន្លេ ហើយបានស្រែកគម្រាមគេឯងថា បើអ្នកណាហ៊ានចូលមកជួយសង្គ្រោះកូនរបស់នាង ៗនឹងទំលាក់ចូលទឹកភ្លាម ។

ប្រជាពលរដ្ឋដែលនៅទីនោះ បានព្យាយាមនិយាយលួងលោម រហូតស្ត្រីជាម្តាយទន់ចិត្ត ហើយពួកគាត់ក៏រត់ចូលទៅចាប់បំបែកកូនចេញពីម្តាយឃោរឃៅនោះ ទើបទារិកាកំសត់រួចផុតពីសេចក្តីស្លាប់ ។ ដោយសេចក្តីអាណិតមេត្តាចំពោះទារិកាកំសត់ ប្រជាពលរដ្ឋក៏បានជួយទិញទឹកដោះអោយនាងបៅ ហើយយកនាងទៅមើលថែមួយយប់ រហូតមកដល់ព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកានេះ ស្ត្រីជាម្តាយបានមកយំឡាំប៉ាស្រែកទារយកកូនទៅវិញ តែស្ត្រីដែលបានជួយសង្គ្រោះក្មេង បារម្ភពីសុវត្ថិភាពក្មេង ក៏សម្រេចចិត្តរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានអោយជួយសង្គ្រោះក្មេងផង ។

ក្រោយទទួលដំណឹងនេះសមត្ថកិច្ច ក៏បានរាយការណ៍បន្តទៅចៅសង្កាត់ទួលង្កែទី១​ ខណ្ឌឬស្សីកែវ ​រាជធានី​ភ្នំពេញ​ ដើម្បីអោយជួយរកដំណោះស្រាយ ។ ចៅសង្កាត់ក៏បានហៅស្ត្រីជាម្តាយមកនិយាយ ចុងក្រោយទើបនាងព្រមប្រគល់កូនទៅអោយសង្គមកិច្ចខណ្ឌឬស្សីកែវអ្នកមើលថែ ។ គួរបញ្ជាក់ផងដែរថា ស្ត្រីជាម្តាយរូបនោះមានឈ្មោះថា ទូច គឹងសៀងហៃ អាយុ ២៤ ឆ្នាំ មានទីលំនៅនៅក្រុមទី ១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ចំណែកឯទារិកាកំសត់មានឈ្មោះថា ច័ន្ទ មុន្នីនាថ អាយុ ៩ ថ្ងៃ ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial