ដាស់តឿនដល់ឪពុកម្តាយ៖ ក្មេងប្រុសអាយុ ១៧ ឆ្នាំម្នាក់ដាច់សរសៃឈាមខួរក្បាលស្លាប់ ដោយសារតែលេងហ្គេមអត់បានដេកពួន

កាលពីថ្មីនេះៗ នៅលើគេហរទំព័រព័ត៌មានមួយ បានអោយដឹងថា មានក្មេងប្រុសអាយុ ១៧ ឆ្នាំជនជាតិថៃម្នាក់ មានឈ្មោះថា ​ពីយ៉ាវ៉ាត់ ហារីគុន បានស្លាប់បាត់បង់ជីវិតបន្ទាប់ពី ក្មេងប្រុសរូបនោះញៀននឹងការលេងហ្គេមកុំព្យូរទ័រ ហើយតែងតែលេងដាច់យប់ ។

បើតាមប្រភពព័ត៌មានបានអោយដឹងថា ក្មេងប្រុសរូបនោះបានឈប់សម្រាកពីការសិក្សា (វ៉ាកង់) កាលពីចុងខែ តុលា កន្លងទៅ ហើយចាប់តាំងពីវ៉ាកង់ ពីយ៉ាវ៉ាត់ ក៏បានចំណាយពេលវេលាស្ទើទាំងស្រុងទៅលើការលេងហ្គេម ។ ឪពុកម្តាយក្មេងប្រុសរងគ្រោះបានអោយដឹងថា ពួកគាត់តែងតែស្តីអោយ និង ហាមឃាត់មិនអោយកូនលេងហ្គេមនោះទេ តែពីយ៉ាវ៉ាត់មិនព្រមស្តាប់ ហើយតែងតែលេងហ្គេមដល់យប់ជ្រៅ នៅពេលថ្ងៃគេទំលាក់វាំងននចុះ ហើយបន្តការលេងហ្គេមទៀត ។

តាមសំដីលោក ជីរ៉ាវីត ដែលត្រូវជាឪពុកបានអោយដឹងថា កាលពីថ្ងៃចន្ទទី ៤ វេលារសៀល គាត់បានដើរចូលមកក្នុងបន្ទប់កូន ស្រាប់តែប្រទះឃើញកូនប្រុសរបស់គាត់ធ្លាក់ពីលើកៅអី ហើយទ្រោបទៅលើពូក ។ គាត់ក៏ស្ទុះចូលទៅលើកកូន ហើយជួយសង្គ្រោះបឋម ប៉ុន្តែកូនប្រុសរបស់គាត់បានស្លាប់បាត់ទៅហើយ ។ ក្រោយកើតហេតុប៉ូលីស និងគ្រូពេទ្យផ្នែកពិនិត្យសាកសព ក៏បានចុះមកដល់ធ្វើកោសល្យវិច័យ លទ្ធផលបានបង្ហាញថា ក្មេងប្រុសរងគ្រោះស្លាប់ដោយសារ ដាច់សរសៃឈាមខួរក្បាល ។ ក្រុមគ្រូពេទ្យធ្វើការសន្និដ្ឋានថា ករណីនេះបណ្តាលមកពីក្មេងប្រុសលេងកុំព្យូរទ័រច្រើនម៉ោង ឥតបានសម្រាកសោះនៅពេលយប់ ។

លោក ជីរ៉ាន់វីត បានសារភាពប្រាប់ថា កូនប្រុសរបស់គាត់ញៀនហ្គេមខ្លាំងណាស់ ហើយគាត់ក៏សុំផ្តាំផ្ញើដល់ឪពុកម្តាយដទៃទៀត សូមដាស់តឿនដល់កូនៗ កុំអោយញៀននឹងហ្គេមពេក ជៀសវាងជួបរឿងបែបនេះ ។ គាត់បាននិយាយថា «កូនប្រុសរបស់ខ្ញុំគឺជាក្មេងឆ្លាត ហើយគាត់តែងតែរៀនបានពិន្ទុល្អ ប៉ុន្តែចំណុចអាក្រក់របស់គាត់នោះគឺ គាត់ញៀនហ្គេមពេក ។ ខ្ញុំបានហាមឃាត់ និងព្រមានពីការលេងហ្គេមច្រើនម៉ោង ឥតសម្រាករបស់គាត់ ប៉ុន្តែគាត់តែងតែសន្យានឹងខ្ញុំថានឹងកាត់បន្ថយ តែចុងក្រោយគាត់មិនអាចធ្វើបាន ។

គាត់ស្លាប់ មុនពេលដែលគាត់កែប្រែទំលាប់របស់គាត់ ។ ខ្ញុំសង្ឃឹមថាការស្លាប់របស់កូនខ្ញុំ នឹងក្លាយជាឧទាហរណ៍ ហើយជាមេរៀនមួយ ដែលឪពុកម្តាយគ្រប់រូបគួរតែប្រុងប្រយ័ត្ន ។ ចូរហាមឃាត់កូនៗរបស់អ្នកកុំអោយពួកគេលេងច្រើនពេក ជៀសវាងជួបរឿងដូចកូនរបស់ខ្ញុំ» ។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី ៤ ខែ​ វិច្ឆិកា នៅក្នុងខេត្តឧដនថានីប្រទេសថៃ ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial