Pilot ម្នាក់ត្រូវបានគេបញ្ឃប់ពីការបើកយន្តហោះអស់មួយជីវិត បន្ទាប់ពីអនុញ្ញាតអោយស្រីស្អាតម្នាក់ ចូលទៅអង្គុយញុំាអីនៅក្នុងកាប៊ីនយន្តហោះ

អ្នកណាក៏ដឹងដែរថា កាប៊ីនយន្តហោះ គឺជាកន្លែងហាមឃាត់ ប៉ុន្តែហេតុអ្វីបានជា Pilot អនុញ្ញាតអោយស្រីស្អាតម្នាក់នេះចូលទៅញុំាអី នៅកន្លែងនេះទៅវិញ ? ថ្មីៗនេះនៅលើបណ្តាញសង្គម Wiebo របស់ចិន បានផ្ទុះរឿងដ៏ភ្ញាក់ផ្អើលមួយ បន្ទាប់ពីស្រីស្អាតម្នាក់បានបង្ហោះរូបរបស់ខ្លួន អង្គុយញុំាអីនៅក្នុងកាប៊ីនយន្តហោះ ទៅលើបណ្តាញសង្គម Weibo ធ្វើអោយអ្នកនិយមលេងអ៊ីនធើណេត ក៏ដូចជាអ្នកដែលធ្វើការនៅក្នុង វិស័យអាកាសចរណ៍ ថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើនេះ ។

ភ្ជាប់ជាមួយនឹងរូបថតអង្គុយធ្វើដៃ V នារីដ៏ស្រស់ស្អាតរូបនោះបានសរសេរថា «ខ្ញុំពិតជាអរគុណ Pilot ខ្លាំងណាស់ ។ ខ្ញុំរំភើបចិត្តមែនទែន» ។ បើតាមការសំដីអ្នកដែលស្គាល់ស្ត្រីរូបនោះ បានអោយដឹងថា នាងគឺជានិស្សិតឆ្នាំទី ៣ នៃសាកលវិទ្យាល័យទេសចរណ៍ Guilin ហើយនាងប្រាថ្នាចង់ធ្វើជាអ្នកបម្រើការងារនៅលើយន្តហោះ នៅពេលដែលនាងបញ្ចប់ការសិក្សា ។ យោងតាមការស៊ើបអង្កេតបានរកឃើញថា រូបថតនេះត្រូវបានថត នៅលើជើងហោះហើរពាណិជ្ជកម្មរវាងទីក្រុង Guilin ទៅកាន់ Yangzhou កាលពីដើមឆ្នាំនេះ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានធ្វើឡើងកាលពីថ្ងៃចន្ទទី ៤ ខែវិច្ឆិកាកន្លងទៅ ក្រុមហ៊ុនអាកាសចរណ៍ Guilin បាននិយាយថា អ្នកបើកយន្តហោះនៃជើងហោះហើរនេះ នឹងត្រូវបញ្ឈប់មិនអោយបើកយន្តហោះអស់មួយជីវិត ហើយសមាជិកដទៃទៀត ដែលធ្វើការនៅលើយន្តហោះនេះ នឹងត្រូវផ្អាកឥតដែនកំណត់ ។

នៅក្នុងសេចក្តីថ្លៃងការណ៍នោះពួកគេបានលើកឡើងថា ៖«ក្រុមហ៊ុនអាកាសចរណ៍ Guilin យើងខ្ញុំ តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុវត្ថិភាពអ្នកដំណើរ ហើយយើងនឹងមិនអនុគ្រោះដល់អាកប្បកិរិយាមិនត្រឹមត្រូវ និងគ្មានវិជ្ជាជីវៈណាមួយ ដែលអាចបង្កជាគ្រោះថ្នាក់ដល់ការបើកបរយន្តហោះនោះទេ» ។

ច្បាប់អាកាសចរណ៍ស៊ីវិល អនុញ្ញាតអោយអ្នកដំណើរ ដែលមិនមែនជាអ្នកធ្វើការនៅលើយន្តហោះ ចូលទៅក្នុងកាប៊ីនយន្តហោះបាន លុះត្រាណាតែការចូលនោះ គឺត្រូវបានគេចាត់ទុកថាជារឿងចាំបាច់ខ្លាំងបំផុត ហើយអំណោយផលដល់ការជួយសង្គ្រោះការហោះហើរ ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial