ស្ត្រីចំណាស់ម្នាក់និយាយថា កូនស្រីគាត់ស្លាប់ដោយសារពុលបុកល្ហុង

ស្ត្រីវ័យ ៥៦ ឆ្នាំ ម្នាក់មានឈ្មោះថា Kachorn Atsiangram បាននិយាយអះអាងថាកូនស្រីរបស់គាត់ មានឈ្មោះថា Wanida ដែលមានអាយុទើបតែ ១៦ ឆ្នាំ បានស្លាប់ដោយសារញុំាបុកល្ហុង ។ បើតាមសំដីបងស្រីរបស់ក្មេងស្រីរងគ្រោះនោះបានអោយដឹងថា​ ម្តាយរបស់នាងបានទិញបុកល្ហុងដែលលក់នៅជិតផ្ទះ កាលពីថ្ងៃសៅរ៍ វេលាថ្ងៃត្រង់ យកមកញុំាជាមួយនឹងប្អូនស្រីនាង ។

នាងបន្តថា Wanida ចាប់ផ្តើមធ្វើទុក្ខរាគ​នៅវេលាម៉ោង ៤ ទាបភ្លឺចូលថ្ងៃអាទិត្យ ហើយស្ថានភាពរបស់នាងកាន់តែដាបទៅៗ ទើបគ្រួសារនាងបានទាក់ទង ហៅរថយន្តសង្គ្រោះបន្ទាន់ មកយកនាង​ទៅមន្ទីរពេទ្យ​នៅវេលារសៀលថ្ងៃអាទិត្យ ។ ពេលដែលដឹកដល់មន្ទីរពេទ្យ នាងបានសន្លប់បាត់បង់ស្មារតី ។ ក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះនាង ប៉ុន្តែមិនអាចជួយបាននោះទេ ។ ម្តាយ Wanida បាននិយាយថា កូនស្រីរបស់គាត់គឺជាក្មេង ដែលមានសុខភាពល្អមាំមួន ហើយនាងគ្មានជំងឺរុំារៃនោះទេ ។

បន្ទាប់ពីគ្រូពេទ្យបាន ពិនិត្យមើលលើសាកសពក្មេងស្រីរងគ្រោះ លទ្ធផលបានបង្ហាញថាការស្លាប់របស់នាង បណ្តាលមកពីការឆ្លងមេរោគក្រពះពោះវៀនធ្ងន់ធ្ងរ ។ បន្ទាប់ពីរឿងនេះបានល្បីសុះសាយពេញប្រទេសថៃ រឿងនេះក៏បានដឹងដល់អ្នកលក់បុកល្ហុងវ័យ ៥០ ឆ្នាំ ឈ្មោះថា Samruray Thongnarin គាត់មានការភ្ញាក់ផ្អើលជាខ្លាំង តែគាត់មិនជឿទេ ថាបុកល្ហុងរបស់គាត់ជាដើមហេតុធ្វើអោយក្មេងស្រីនោះស្លាប់ ។

ដោយគាត់បាននិយាយថា គាត់បានលក់បុកល្ហុងនេះជាង ១ ឆ្នាំហើយៗ គាត់តែងតែទិញ ប្រហុកពីម៉ូយគាត់ ដែលលក់ក្នុងផ្សារ ហើយមិនដែលធ្លាប់មានបញ្ហាទេ ។ គាត់បញ្ជាក់ប្រាប់ទៀតថា គាត់មិនបានបន្ថែម រឺចំអិនប្រហុកទេ ព្រោះតែអតិថិជនរបស់គាត់ភាគច្រើន ចូលចិត្តរសជាតិដើមរបស់វា ។​ ម្តាយក្មេងស្រីនោះ គឺជាម៉ូយប្រចាំរបស់គាត់ តែរាល់ពេលទិញបុកល្ហុង អ្នកស្រី Kachorn (ម្តាយក្មេងស្រីរងគ្រោះ) តែងហាមមិនអោយដាក់ប្រហុកទេ ព្រោះគាត់អាឡែកហ្ស៊ី អោយតែញុំាគឺឡើងរមាស់ហើយ ។

អ្នកលក់បុកល្ហុងបានបញ្ជាក់ប្រាប់ទៀតថា ម៉ូយដែលមកញុំា មិនដែលមាននរណាម្នាក់កើតអ្វីនោះទេ ហើយមិនធ្លាប់លឺថាមាននរណារាគ ដោយសារបុកល្ហុងគាត់ដែរ ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រីពិតជារន្ធត់ចិត្តណាស់ ហើយក៏ចូលរួមសោកស្តាយចំពោះការបាត់បង់ដ៏ធំធេងនេះផងដែរ ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial