ដាស់តឿនដល់អ្នកម្តាយទាំងអស់៖ ពេលមានផ្ទៃពោះសូមអ្នកម្តាយទាំងអស់ កុំសូវញុំាអាហារណាដែលពិបាករំលាយ ជៀសវាងជួបរឿងដូចបងស្រីម្នាក់នេះ

យោងតាមគណនីហ្វេសប៊ុកបងស្រីម្នាក់ បានសរសេររៀបរាប់នូវបទពិសោធន៍មួយ ក៏ដូចជាការដាស់តឿនដល់អ្នកម្តាយគ្រប់រូបជៀសវាងជួបរឿងដូចជាគាត់ ដោយមានខ្លឹមសារដូចខាងក្រោមនេះ «នៅពេលដែលទំងន់កូនបាន ៦ ខែ ស្រាប់ចុកខ្នែងពោះវៀន ។ នៅថ្ងៃទី ២៨ ខែ ១០ ឆ្នាំ ២០១៧ វេលាល្ងាច​ ចាប់ផ្តើមចុកអួលផ្នែកពោះខាងស្តាំ ក្រោមឆ្អឹងជំនីតិចៗ (ស្មានថាញុំាអីខុស) ដល់យប់ម៉ោង ៨-៩ ចាប់ផ្តើមរាគផង ក្អួតផង រហូតដល់ម៉ោង ១០ យប់ ចុកគេងមិនបាន ក៏ទៅពេទ្យឯកជនមួយ ទៅដល់ជួបតែពេទ្យប្រចាំការ បានតែព្យួរសេរ៉ូម និងចាក់ថ្នាំបំបាត់ការឈឺចាប់ ហើយពេទ្យអោយមកគេងនៅផ្ទះវិញ ។

ពេទ្យប្រាប់ទៀតថាបើនៅមិនធូរ ឲ្យត្រលប់មកពេទ្យវិញ ។ មួយយប់ទល់ភ្លឺមានតែក្អួត រាគៗ ដៃជាប់សេរ៉ូម គេងក៏មិនលក់ បន់ឲ្យដល់ភ្លឺ ។  លុះស្អែកឡើង ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៧ ពេលព្រឹកទៅពេទ្យទៀត ជួបដុកទ័រ ប្រាប់តាមអាការៈ គាត់សង្ស័យថារលាកខ្នែងពោះវៀន (ពោះវៀនដុះខ្នែង) ក៏អេកូមើល តែមើលមិនឃើញ ព្រោះបាំងកូនដែលនៅក្នុងផ្ទៃ ។ គាត់ក៏បញ្ជូនអោយទៅពេទ្យខេត្ត ដើម្បីអោយពិនិត្យ និងតាមដានបន្ត ។ វេលាម៉ោង ២ រសៀលថ្ងៃទី ២៩ ដដែល ទៅដល់ពេទ្យ គេអោយចូលបន្ទប់សម្រាលកូន ក្នុងចិត្តភ័យខ្លាំងណាស់ ស្លុតនឹងឃើញគេឈឺពោះស្រែកពេញបន្ទប់សម្រាល ។ គិតទៅមនុស្សស្រីយើងកម្មម៉ង ។

ចូលមិនបានពិនិត្យភ្លាមៗទេ ដុកទ័រជាប់ដៃសម្រាលកូនអោយអ្នកជំងឺសិន រួចដៃគាត់ក៏មកពិនិត្យឲ្យ យកដៃគាត់មកចុចពោះ ចំកន្លែងដែលឈឺ ចុចចុះឡើងៗ ទាញឧបករណ៍អេកូភ្លាមៗ លិទ្ធផលចេញមកគឺរលាកខ្នែងពោះវៀន ហើយតម្រូវអោយធ្វើការវះកាត់ភ្លាមៗនៅវេលាម៉ោង ៥ ល្ងាច ថ្ងៃ ២៩ ខែតុលាដដែល ។ ដុកទ័រក៏ប្រាប់ពីឧបសគ្គក្នុងការវះកាត់ ទី ១ វះហើយកូនអាចកើតមុនកំណត់ និងមានបញ្ហាផ្នែកសតិបញ្ញាណាមួយ ។

ទី ២ មានភាគរយខ្លះដែលជោគជ័យ កូនកើតតាមកំណត់ពឹងលើសំណាង ។ ស្តាប់គាត់ប្រាប់រួច ដើរចេញពីបន្ទប់ពិនិត្យ ដល់ក្រៅប្តី និងម៉ែសួរថាម៉េចហើយ ? ឆ្លើយអត់ចេញទេ ចេញតែទឹកភ្នែក ។ ក្នុងចិត្តគិតសព្វគ្រប់ កូនអើយកូនយើងមានវាសនាជាមួយគ្នាអត់ ? ពិភាក្សាគ្នាថាទៅអោយដល់កាល់ម៉ែត្រ ម៉េចៗអោយអស់ចិត្ត សុំពេទ្យខេត្តចេញ ពេទ្យក៏ធ្វើឯកសារបញ្ជូនអ្នកជំងឺចេញ ។ធ្វើដំណើរពីខេត្តម៉ោងជាង ៦ ដល់កាល់ម៉ែត្រម៉ោង ១២ យប់ ដល់ភ្លាម គេរុញរទេះចូលបន្ទប់សង្គ្រោះបន្ទន់ភ្លាម ដោយគេឃើញដៃមានជាប់សេរ៉ូម ។ ចូលដល់គេវាស់ចង្វាក់បេះដូង វាស់សម្ពាធឈាម និងប្តូរសេរ៉ូមថ្មី ហើយរុញទៅអេកូម្តងទៀត ។

អេកូលើកនេះអត់ឃើញរលាកខ្នែងពោះវៀនទេ អរណាស់ ប៉ុន្តែបែរជាចេញលទ្ធផលថាមានគ្រួសក្នុងតម្រងនោមទៅវិញ ។ គិតបែបណាទេ ? ម៉ោងជិត ២ ភ្លឺ គេអោយសម្រាកសិន និងដាក់ថ្នាំតាមសេរ៉ូមបំបាត់ការឈឺចាប់សិន ស្អែកនឹងអេកូម្តងទៀត ។ រហូតដល់ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៧ មានគេមកសែងទៅអេកូម្តងទៀត គេខ្លាចយើងធ្លាយពោះវៀន ព្រោះកំពុងសង្ស័យថារលាកខ្នែងពោះវៀន ។ លទ្ធផលគឺរលាកមែន ហើយតម្រូវអោយវះភ្លាមៗ ទុកតិចទៀតនឹងធ្លាយពេញពោះ ពិបាកធ្វើការ និងពិបាកធានាសុវត្ថិភាពកូនក្នុងផ្ទៃ ។ មកដល់បន្ទប់សម្រាកវិញ មានពេទ្យស្រីម្នាក់សំអាតខ្លួនអោយ ដោយជូតថ្នាំបេតាឌីនពេញខ្លួន ហើយរុញទៅបន្ទប់វះកាត់ភ្លាម មិនដល់កន្លះម៉ោងទេ ត្រូវសម្រេចចិត្តភ្លាមៗ ប្តីទៅធ្វើឯកសារមុនវះ ។

ម៉ែ និងប្តី ចាំក្រៅបន្ទប់បាត់មាត់បាត់ក ភ័យទាំងអស់គ្នា ថាម៉េចម៉ាទេ បន់អោយហើយ ។ ចូលបន្ទប់វះម្នាក់ឯងភ័យដែរ តែពេទ្យនាំនិយាយនេះនិយាយនោះ ទៅក៏លែងសូវអី ពេទ្យថាមាករណីដូចចឹងដែរ វះពីម្សិល ។ ពេលលឺចឹងក៏គិតថាមិនមែនមានតែយើងទេ ក៏សម្រួលអារម្មណ៍មកវិញ ប្រាប់ខ្លួនឯងថា ដល់ដៃពេទ្យហើយមិនអីទេ ។ មុនវះពេទ្យចាក់ថ្នាំនៅឆ្អឹងខ្នង ដូចអ្នកវះសម្រាលកូនចឹង ។ វះកាត់តែកន្លះម៉ោងទេ តែត្រូវសម្រាកនៅបន្ទប់រងចាំអោយអស់ជាតិថ្នាំស្ពឹកសិន ។ លុះអស់ជាតិថ្នាំស្ពឹកភ្លាម ដឹងកូនកម្រើកភ្លាម សប្បាយចិត្តណាស់ ព្រោះសុវត្ថិភាពទាំងម៉ែទាំងកូន ។

សូមអរគុណដល់មន្ទីរពេទ្យកាល់ម៉ែត្រ ដែលបានជួយសង្គ្រោះ ។ ថ្នេរដេរមិនស្អាតទេ ដាច់ថ្នេរទៀតផង ម្យ៉ាងមកពីរបួសឆ្លងមេរោគទើបនៅសើមមុខរបួស និងមិនងាយសះ ។ កូនកើតមុនអេកូន ៧ ថ្ងៃ សម្រាលតាមធម្មជាតិ កូនសុខភាពល្អធម្មតា ឥលូវកូនមានអាយុ ១ ខួប ៨ ខែហើយ ។ ដូច្នេះសូមផ្តាំទៅម៉ាក់ៗទាំងអស់គ្នា ជៀសវាងញុំាអាហារណាដែលពិបាករំលាយ ឬអាហារដែលមានគ្រាប់ កុំអោយមានបញ្ហាដូចខ្ញុំ ។​ អរគុណដែលបានអត្ថបទរបស់ខ្ញុំ សូមអោយម៉ាក់ៗទាំងអស់មានសុខភាពល្អ » ៕

អរគុណសម្រាប់ការចែករំលែក !

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial