បុរសម្នាក់សន្លប់បាត់បង់ស្មារតី (coma) ២០០០ ថ្ងៃ ទើបតែដឹងខ្លួនវិញ អរគុណប្រពន្ធគាត់ដែលមើលថែគាត់ ២០ ម៉ោងក្នុងមួយថ្ងៃ

នៅលើលោកពិតជាមានអព្ភូតហេតុ និងរឿងនឹកស្មានមិនដល់ជាច្រើនបានកើតឡើង ។ តួយ៉ាងបុរសម្នាក់នេះ បានសន្លប់បាត់បង់ស្មារតីរយៈពេល ៥ ឆ្នាំ ហើយទើបតែដឹងខ្លួនវិញ បន្ទាប់ពីប្រពន្ធរបស់គាត់តែងតែនៅក្បែរគាត់ និយាយជាមួយគាត់ ហើយថែមទាំងចាក់បទចម្រៀងដែលគាត់ចូលចិត្តអោយគាត់ស្តាប់ជារៀងរាល់ថ្ងៃ ។ យោងតាមការចុះផ្សាយនៅលើ metro បានអោយដឹងថា បុរសនោះមានឈ្មោះថា Li Zhihua រស់នៅក្នុងខេត្ត Hubei ប្រទេសចិន បានសន្លប់ (coma) ក្រោយពេលដែលគាត់ជួបគ្រោះថ្នាក់ចរាចរធ្ងន់ធ្ងរមួយ ដែលបានប៉ះទង្គិចក្បាលរបស់គាត់ នៅពេលដែលគាត់ចេញពីធ្វើការ ត្រលប់មកផ្ទះវិញ ។

លោក Li Zhihua ជួបគ្រោះថ្នាក់ចរាចរកាលពីចុងឆ្នាំ ២០១៣ ហើយពេលនោះគ្រូពេទ្យបានប្រាប់ប្រពន្ធរបស់គាត់ថា ដោយសារតែស្ថានភាពរបស់លោក Zhihua ធ្ងន់ធ្ងរ ដូច្នេះគាត់នឹងក្លាយជាមនុស្សរុក្ខជាតិ ហើយក៏ប្រហែលជាលែងដឹងខ្លួនជារៀងរហូតផងដែរ ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រពន្ធរបស់គាត់មិនបោះបង់ចោលក្តីសង្ឃឹមឡើយ ហើយ​គាត់តែងតែនៅកំដរប្តីរបស់គាត់យ៉ាងហោចណាស់ ២០ ម៉ោងក្នុងមួយថ្ងៃ រយៈពេល ២០០០ ថ្ងៃ ។ មានមនុស្សជាច្រើន បានប្រាប់អោយគាត់កាត់ចិត្តទៅ តែអ្នកស្រី Zhang Guihuan វ័យ ៥៧ ឆ្នាំ មិនដែលអស់សង្ឃឹមនោះទេ គាត់តែងតែអង្គុយនិយាយជាមួយប្តីគាត់ និងចាក់ភ្លេងដែលប្តីគាត់ចូលចិត្តស្តាប់ជារៀងរាល់ថ្ងៃ។

រហូតអព្ភូហេតុកើតឡើងពិតមែន ទីបំផុតប្តីរបស់គាត់ក៏ដឹងខ្លួនឡើងវិញ ។ លោក Li Zhihua បាននិយាយថា ទោះបីជាពេលនោះគាត់មិនអាចនិយាយបានពិតមែន តែគាត់អាចទទួលដឹងថាប្រពន្ធរបស់គាត់នៅក្បែរគាត់ ហើយគាត់អាចស្តាប់លឺនូវអ្វីដែលប្រពន្ធរបស់គាត់និយាយជាមួយគាត់ ។ អ្នកស្រី Guihua គឺជាមនុស្សតែម្នាក់គត់ដែលនៅមើលថែគាត់ ហើយគាត់គេងតែ ២ ទៅ ៣ ម៉ោងក្នុងមួយថ្ងៃតែប៉ុណ្ណោះ ដែលជាលទ្ធផលគាត់ស្រក់ទំងន់អស់ ១០ គីឡូចាប់តាំងពីប្តីគាត់សន្លប់បាត់បង់ស្មារតី ។ ពាក្យដំបូងគេបំផុត ដែលលោក Li និយាយទៅកាន់ប្រពន្ធរបស់គាត់ បន្ទាប់ពីគាត់ដឹងខ្លួនឡើងវិញនោះគឺ «ប្រពន្ធសម្លាញ់! បងស្រលាញ់អូនណាស់» ។

លោកវេជ្ជបណ្ឌិត Wan Qing បានអោយដឹងថា ស្ថានភាពរបស់លោក Li នៅពេលដែលគេបញ្ជូនមកដល់មន្ទីរពេទ្យគឺលែងដឹងខ្លួន ហើយគ្មានរំញោចអ្វីទាំងអស់ ។ លោកគ្រូពេទ្យបានបន្ថែមទៀតថា អរគុណដល់អ្នកស្រី Guihua ដែលមិនបោះបង់ក្តីសង្ឃឹម ហើយតែងតែជជែកហៅឈ្មោះអ្នកជំងឺ រហូតទាល់តែមានអព្ភូតហេតុកើតមានឡើង ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial