សាលារៀនមួយនៅឥណ្ឌា ទទួលសំរាមពីសិស្សក្រីក្រ ២៥ មុខជារៀងរាល់សប្តាហ៍ ជាថ្នូរនឹងថ្លៃសិក្សា

សាលារៀនមួយដែលបានបង្កើតឡើង ដោយប្តីប្រពន្ធមួយគូ ដែលប្តីមានឈ្មោះថា Mazin Mukhtar និង ប្រពន្ធមានឈ្មោះថា Parmita Sarma ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៦ ។ សាលារៀននេះទទួលបង្រៀនសិស្សដោយមិនគិតថ្លៃនោះទេ ។ បើតាមការរៀបរាប់នៅលើគេហរទំព័រព័ត៌មានឥណ្ឌាមួយបានអោយដឹងថា សាលារៀននេះដំបូងមានសិស្សតែ ២០ នាក់ប៉ុណ្ណោះ ហើយបន្ទាប់មកក៏មានការ​កើនឡើងជិត ១០០ នាក់ ដែលសិស្សៗភាគច្រើនមានអាយុចន្លោះពី ៤ ទៅ ១៥ ឆ្នាំ​ ។

សាលារៀនឥតគិតថ្លៃនេះ បានបង្រៀនសិស្សដោយផ្តោតយ៉ាងសំខាន់ទៅលើការអប់រំ និរន្តរភាព​បរិស្ថាន ហើយនឹងអោយពួកគេអនុវត្តផ្ទាល់ ។ ភាគច្រើននៃប្រជាជន ដែលរស់​0នៅក្នុងភូមិ Pamohi ប្រទេសឥណ្ឌា គឺស្ថិតនៅក្នុងភាពក្រីក្រខ្លាំង ហើយប្រជាជននៅទីនោះ​ មិនមានលទ្ធភាព​បញ្ជូនកូនៗ​របស់ពួកគេ​ទៅសាលារៀនបានទេ ។ ជំនួសអោយការបញ្ជូនកូនៗទៅសាលារៀន ឪពុកម្តាយភាគច្រើនបានបញ្ជូនកូនៗរបស់ពួកគេទៅធ្វើជាកម្មកររើសថ្ម ដើម្បីរកប្រាក់ចំណូលបន្ថែមនៅក្នុងគ្រួសារ ។ ដោយព្រួយបារម្ភពីអនាគតក្មេងៗដែលរស់នៅទីនោះ ប្តីប្រពន្ធមួយគូនេះក៏សម្រេចចិត្តបើកជាសាលារៀនឥតគិតថ្លៃ ។

ទោះបីជាយ៉ាងណាក៏ដោយ វាមិនមែនជារឿងងាយស្រួលនោះទេ ។ មុនដំបូងប្តីប្រពន្ធនេះ ត្រូវដើរបញ្ចុះបញ្ជូលអ្នកភូមិពីផ្ទះមួយទៅផ្ទះមួយ ដើម្បីអោយពួកគេយល់ព្រម​បញ្ជូនកូនៗទៅសាលារៀន ។ លើសពីនេះទៀត បញ្ហាសំរាមនៅក្នុងភូមិ​ក៏ជារឿងដ៏សំខាន់ផងដែរ ។ ប្រជាជនបាននាំគ្នាចោលសំរាមដោយឥតសណ្តាប់ធ្នាប់ ហើយមិនតែប៉ុណ្ណោះ នៅរដូវរងារប្រជាជនថែមទាំងបានដុតសំរាមថែមទៀតផង នេះក៏ព្រោះតែពួកគេមិនបានដឹងថា តើផ្សែងពុលពីសំរាមអាចបង្កអោយមានការប៉ះពាល់ដល់សុខភាព និងបរិស្ថានរបស់ពួកគេនោះទេ ។  ដូច្នេះប្តីប្រពន្ធនេះ បានប្រាប់ទៅអ្នកភូមិ និងសិស្សៗទាំងអស់ថា​ នៅពេលដែលពួកគេទៅសាលារៀន ត្រូវតែយកសំរាមមកអោយសាលារៀន អោយបានយ៉ាងហោចណាស់ម្នាក់ ២៥ មុខ រៀងរាល់សប្តាហ៍ ដើម្បីជាការដោះដូរថ្លៃសិក្សា ។

នេះពិតជាគំនិតដ៏ល្អខ្លាំងមែនទែន ពួកគេអាចផ្តល់ចំណេះដឹងដល់ក្មេងៗ ហើយថែមទាំងអាច​អប់រំ​អំពីការ​ចោល​សំរាមប្លាស្ទិក​ដល់អ្នកភូមិបាន​ទៀតផង ។ គំនិចផ្តួចផ្តើមទាំងនេះ ទទួលបានការឆ្លើយតបវិជ្ជមានពីអ្នកភូមិ ហើយថែមទាំងមានមនុស្សជាច្រើនបានស្ម័គ្រចិត្តចូលរួមក្នុងការងារនេះ ។ រហូតមកដល់ពេលនេះសាលារៀនទទួលបានសិស្សយ៉ាងច្រើន ហើយសំរាមជាច្រើនក៏ត្រូវបានយកទៅកែច្នៃ ធ្វើជាអ្វីផ្សេងផងដែរ ។

ដូចគ្នានេះដែរ នៅប្រទេសកម្ពុជាយើងក៏មាន សាលារៀនស្រដៀងគ្នានេះដែរ ដែលសាលារៀននោះ ត្រូវបានគេដាក់ឈ្មោះថា សាលាដូង គីរីរម្យ មានទីតាំងស្ថិតនៅ ឧទ្យានជាតិគិរីរម្យ ក្នុងទឹកដីនៃខេត្តកំពង់ស្ពឺ ។ សំរាប់ព័ត៌មានលំអិត អំពីសាលាដូង ឬបងប្អូនមានបំណងចង់ចូលរួមជាមួយសាលាដូងនោះ សូមចូលទៅកាន់ទំព័រហ្វេសប៊ុក https://www.facebook.com/jonhkame.day

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial