ដាស់តឿនដល់​អ្នក​ដែលមានកូនឆ្លាតៗ សូមទុកដាក់ Visa Card អោយបានត្រឹមត្រូវ​ប្រយ័ត្ន​យំមិន​ចេញដូចឪពុកម្នាក់នេះ

ក្មេងៗសម័យអ៊ីនធើណេតនេះ​ឆ្លាតៗណាស់ អាយុមិនទាន់ ១០​ ឆ្នាំ ស្រួលបួលផងក៏ចេះប្រើទូរស័ព្ទ ចេះប្រើអ៊ីនធើណេត ចេះចុចរកកន្លែងមើលវីដេអូដែលពួកគេចូលចិត្ត ដោយមិនចាំបាច់មានប៉ាម៉ាក់ចុចអោយនោះទេ ។ ហើយអ្វីដែលនឹកស្មានមិនដល់ទៀតនោះ មានក្មេងមួយចំនួនថែមទាំងចេះទិញទំនិញតាមរយៈអនឡាញដោយប្រើជា Visa Card ថែមទៀតផង ។

ជាក់ស្តែងដូចជាករណីមួយ ដែលទើបតែ​កើតមានឡើងនៅប្រទេសចិនកាលពីថ្មីៗនេះ មានក្មេងប្រុសអាយុ ៦ ឆ្នាំម្នាក់ បានប្រើ Visa Card របស់ឪពុកដើម្បីទិញទំនិញអនឡាញយ៉ាងច្រើនសន្ធឹកសន្ធប់ គិតជាទឹកប្រាក់អស់ចំនួនដល់ទៅ ៧០,០០០ យ័ន (ប្រហែលជាង ៩ ពាន់ដុល្លា) ។ បើតាមការចុះផ្សាយនៅលើ China Press បានអោយដឹងថា ក្មេងប្រុសរូបនោះបានទិញទំនិញតាមរយៈ app ដោយមាន​ភ្ជាប់គណនីទិញទំនិញ​របស់ឪពុកគេស្រាប់ ហើយក៏ចេះតែចុចទិញៗ ដោយឪពុកមិនបានដឹងនោះទេ ។ លុះនៅពេលដែលទំនិញដឹកមកដល់មុខផ្ទះ គាត់ស្រាប់តែស្រឡាំងកាំង នៅពេលដែលឃើញទំនិញទាំងនោះសុទ្ធតែ​ប្រេនៗ ដែលរួមមានដូចជាចិញ្ចៀន ក្រែមលាបមាត់ កាបូបដៃ និងរបស់ជាច្រើនមុខផ្សេងទៀត ។ ក្រោយមកទើបគាត់ដឹងថា កូនប្រុសរបស់គាត់បានប្រើគណនីទិញទំនិញ និងបានប្រើ Visa Card របស់គាត់ទិញទំនិញទាំងអស់នោះ ។

ទោះបីជាយ៉ាងណាក៏ដោយ ឪពុករូបនោះមិនបានខឹងនឹងកូនទេ ផ្ទុយទៅវិញគាត់បែរជាហួសចិត្ត ហើយនឹកចង់អស់សំណើច ដែលកូនគាត់មានអាយុទើបតែ ៦ ឆ្នាំសោះ ប៉ុន្តែចេះចាយលុយយ៉ាងច្រើនបែបនេះ ។​ បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង ឪពុករូបនោះក៏បានបង្ហោះសារដាស់តឿនដល់ឪពុកម្តាយ ដែលមានកូនឆ្លាតៗ អោយមានប្រុងប្រយ័ត្នចំពោះ Visa Card ជៀសវាងជួបរឿងដូចជាគាត់បែបនេះ ។ ក្នុងនោះផងដែរគាត់ក៏បាននិយាយថា នេះគឺជាមេរៀនមួយសម្រាប់គាត់ ដើម្បីអោយគាត់ចេះប្រុងប្រយ័ត្នចំពោះគណនីទិញទំនិញ ក៏ដូចជា Visa Card រឺសៀវភៅធនាគារជាដើម ។ ជាសំណាងល្អដែលក្រុមហ៊ុនលក់ទំនិញព្រមទទួលយកទំនិញមួយចំនួនធំវិញ ហើយគាត់ក៏បានទុកទំនិញខ្លះដោយមិនចាំបាច់ដូរទេ ព្រោះការពិតគាត់ក៏មានបំណងចង់ទិញអំណោចជូនប្រពន្ធគាត់ដែរ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial