រឿងរ៉ាវ​ជោគជ័យ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​ម្ចាស់​ផេក No One Cares

ទំព័រ​ហ្វេសប៊ុក​ដែល​មាន​ឈ្មោះ​ថា No One Cares បាន​បង្កើត​ឡើង​ដោយ​យុវជន​ជនជាតិ​ឥណ្ឌា​នៅ​ថ្ងៃ​ទី 30 ខែ​ឧសភា ឆ្នាំ 2016។

បន្ទាប់​ពី​ខ្លឹមសារ និង​រូបភាព​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​នោះ ទំព័រ​ហ្វេសប៊ុក​របស់​ពួក​គេ​ទទួល​បាន​អ្នក​ចូលចិត្ត (Like) រហូត​ដល់ 10K ក្នុង​មួយ​ថ្ងៃ និង​បន្ត​រហូត​ដល់ 100K ក្នុង​មួយ​ថ្ងៃ។ ពួក​គេ​បាន​ចាប់​ផ្ដើម​បង្កើត​គេហទំព័រ​កម្សាន្ត​ដែល​មាន​អាស័យដ្ឋាន Noonecares.me នៅ​ពេល​មាន​ផេក​របស់​ពួក​គេ​ឡើង​ដល់ 5M (5លាននាក់)។

ឥឡូវ​នេះ​ផេក​ហ្វេសប៊ុក No one Cares មាន​អ្នក Like រហូត​ដល់ 28M (28លាន) នាក់​ហើយ ហើយ​ពួក​គេ​ក៏​មាន​ក្រុម​អ្នក​គ្រប់គ្រង​ផ្សាយ​អត្ថបទ​ចំនួន 20 ទៅ 25 នាក់​ផង​ដែរ។

Nikhil និង Satyam គឺ​ជា​ម្ចាស់​ផេក​ដ៏​ល្បីល្បាញ​មួយ​នេះ ហើយ​ពួក​គេ​បាន​ផ្ដល់​នូវ​មេរៀន​ល្អៗ​ជា​ច្រើន ទៅ​កាន់​មហាជនទូទៅ។ សូម​អាន​ការ​សន្ទនា​រវាង​អ្នក​សម្ភាសន៍ ជាមួយ Nikhil និង Satyam។

1. តើ​អ្វី​ដែល​ជម្រុញ​ទឹក​ចិត្ត​របស់​អ្នក?
– ជាធម្មតា អ្នក​លើក​ទឹក​ចិត្ត​ខ្ញុំ គឺ​ជា​ក្រុម​មនុស្ស​ដែល​ចូល​ចិត្ត​ផេក​ខ្ញុំ។ រឿង​មួយ​ដែល​ខ្ញុំ​បាន​រៀន​សូត្រគឺ ធ្វើ​មនុស្ស កុំ​មើល​ងាយ​មនុស្ស។ ខ្ញុំ​អាច​បន្ត​អ្វីៗ​រហូត​ដល់​ពេល​នេះ គឺ​ដោយ​សារ​មនុស្ស 30លាន​នាក់ ដែល​គាំទ្រ និង​ចូលចិត្ត​ខ្លឹមសារ​អត្ថបទ​របស់​យើង។

2. តើ​ទំព័រ​របស់​អ្នក​មាន​គុណ​ប្រយោជន៍​អ្វី​ខ្លះ ហើយ​តើ​អ្នក​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ចម្លង​មាតិកា​​របស់​អ្នក​រឺ​ទេ?
– គុណ​សម្បត្តិ​របស់​យើង គឺ​បាន​ទាក់ទាញ​ចិត្ត​មនុស្ស​ជា​ច្រើន។ យើង​មាន​អ្វី​ដែលអ្នក​ដទៃ​គ្មាន។ នោះ​ហើយ​ជា​អ្វី​ដែល​អ្នក​ដទៃ​មិន​អាច​ចម្លង​របស់​យើង​​បាន។

3. តើ​អ្នក​បាន​ប្រឈម​មុខ​នឹង​ហានិភ័យ​អ្វី​ខ្លះ?
– បាទ! មាន​ច្រើន។ យ៉ាង​ណា ភាព​ស្មោះត្រង់ គឺ​ជា​ជ័យ​ជម្នះ។ យើង​ទទួល​បាន​ការ​វា​ប្រហារ​ជា​ច្រើន​ពី​ក្រុម​មនុស្ស​ដែល​ច្រណែន​នឹង​ភាព​ជោគជ័យ​របស់​យើង។ ហើយ​ទីបំផុត​យើង​បាន​យក​ឈ្នះ​ពួក​គេ និង​កាត់​បន្ថយ​វា​ឲ្យ​បាត់​ទៅ​វិញ។

4. តើ​អ្នក​បង្កើត​ទំព័រ​នេះ ក្នុង​គោលបំណង​ដើម្បី​ប្រាក់​ចំណូល រឺ​គ្រាន់​តែ​កម្សាន្ត​អារម្មណ៍?
– លុយ​ជា​អ្វី​ដែល​ជួយ​ឲ្យ​យើង​បាន​ស្ថិតស្ថេរ​រយៈពេល​យូរ ប៉ុន្តែ​វា​ក៏​កើត​ឡើង​ពី​អារម្មណ៍​ផង​ដែរ។ សុភមង្គល ភាព​សោកសៅ ស្នេហា ជា​​អ្វីដែល​បាន​កើត​ឡើង​ក្នុង​ជីវិត​ខ្ញុំ និង​អ្នក​គ្រប់​គ្នា។ នេះ​ជា​ដើម​ហេតុ​នៃ​ទំព័រ​នេះ។

5. តើ​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​អ្នក​មាន​អ្វីខ្លះ?
– ភាព​ខ្លាំង? មែន​ហើយ​មាន​ច្រើន។ ក្រុម​ខ្ញុំ និង​ខ្ញុំ គឺ​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង និង​អ្វីៗ​ដែល​ខ្ញុំ​កំពុង​ធ្វើ។… ចំណុច​ខ្សោយ ខ្ញុំ​គិត​ថា គឺ​ខ្ញុំ​តែងតែ​ខ្លាច​បាត់បង់​អ្វី​គ្រប់​យ៉ាង​ដែល​ក្រុម​ខ្ញុំ និង​ខ្ញុំ​បាន​កសាង។ វា​ធ្លាប់​បាន​កើត​ឡើង​ម្តង​ហើយ ដែល​នៅ​តែ​ធ្វើ​ឲ្យ​យើង​ភ័យ​ខ្លាច។

6. អាច​ប្រាប់​ពីសមិទ្ធិផល​ដែល​ជា​មោទនៈភាព​ដ៏​ធំ​ធេង​របស់​អ្នក​បាន​ទេ?
– ភាពជោគជ័យ​មួយ​ដែល​ក្រុម​របស់​យើង​បាន​ធ្វើ និង​មិន​អាច​បំភ្លេច​បាន​នោះ​គឺ ការ​ផ្សព្វផ្សាយ​រឿ Jolly LLB 2។

7. ប្រសិន​បើ​ថ្ងៃ​នេះ អ្នក​លក់​ក្រុម​ហ៊ុន​របស់​អ្នក តើ​អ្នក​នឹង​មាន​ការ​ពិភាក្សា​បែប​ណា​ខ្លះ?
– ខ្ញុំ​នឹង​មិន​លក់​ក្រុមហ៊ុន​របស់​ខ្ញុំ​ទេ។ វា​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​ចំពោះ​ខ្ញុំ។ វា​ជា​អ្វី​ដែល​ខ្ញុំ​បាន​សាងសង់​​តាំង​ពី​ដំបូង ដោយ​មិន​ចំណាយ​លុយ​សូម្បី​តែ​បន្តិច​បន្តួច។

8. តើ​អ្នក​មាន​ដំបូន្មាន​អ្វី​ខ្លះ សម្រាប់​អ្នក​ដែល​ចង់​ចាប់​ផ្ដើម​ដូច​ជា​អ្នក​ដែរ?
– ចូរ​កុំ​បោះបង់ និង​កុំ​ស្ដាប់​អ្នក​ដទៃ។ ប្រសិន​បើ​អ្នក​ងប់ងល់​នឹង​ក្ដី​សុបិន​របស់​អ្នក នោះ​អ្នក​នឹង​អាច​សម្រេច​វា​បាន។ វា​ពិត​ជា​មិន​ងាយ​ស្រួល​ទេ តែ​ជឿជាក់​លើ​ខ្ញុំ អ្នក​នឹង​ជោគជ័យ។

ប្រភព៖ បរទេស
អត្ថបទដោយ៖ និត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial