បុរសវ័យ ២៣ ឆ្នាំម្នាក់នេះ ដាស់តឿនដល់អ្នកដែលលេងទូរស័ព្ទបែកអេក្រង់ ប្រយ័ត្នជួបរឿងដូចគាត់

បុរសជនជាតិម៉ាឡេស៊ីវ័យ ២៣ ឆ្នាំ ម្នាក់របួសមេដៃធ្ងន់ធ្ងរ រហូតដល់ថ្នាក់ចូលមន្ទីរពេទ្យ បន្ទាប់ពីមុត screen ការពារអេក្រង់ទូរស័ព្ទដែលបែក ។ បើតាមការចុះផ្សាយនៅលើកាសែត Harian Metro បានអោយដឹងថា បុរសរូបនោះមានឈ្មោះថា Azuan Iqbal Abdullah Sani ថ្ងៃមួយគាត់បានយកទូរស័ព្ទរបស់គាត់មកលេងហ្គេម ស្រាប់តែមិនប្រយ័ត្នបណ្តាលអោយមុតកញ្ចក់ការអេក្រង់ទូរស័ព្ទ ដែលបានបែករយៈពេល ៤ខែ មកហើយ ប៉ុន្តែគាត់មិនទាន់បានដូរថ្មី ។

តាមសំដី Azuan បានអោយដឹងថា ពេលមុតភ្លាមៗ គាត់ក៏មិនបានចាប់អារម្មណ៍ថាវាធ្ងន់ធ្ងរអីដែរ ប៉ុន្តែគ្រាន់តែមានអារម្មណ៍មេដៃរបស់គាត់ឈឺៗ រហូតមកដល់ថ្ងៃមួយគាត់ស្រាប់តែឃើញមេដៃរបស់គាត់ មានស្នាមអុចខ្មៅ ហើយឡើងហើម និងឈឺកាន់តែខ្លាំង ។ ដោយទ្រាំមិនបានគាត់ក៏ទៅពេទ្យ ដើម្បីអោយគ្រូពេទ្យពិនិត្យ ។ ក្រោយការពិនិត្យគ្រូពេទ្យប្រាប់ថា មេដៃរបស់គាត់មានឆ្លងបាក់តេរី ដូច្នេះគ្រូពេទ្យក៏បើកថ្នាំផ្សះ និងថ្នាំបំបាត់ការឈឺចាប់អោយគាត់លេប ។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីលេបថ្នាំរួច ស្ថានភាពរបស់គាត់ក៏មិនបានប្រសើរឡើងនោះដែរ ។

Azuan បាននិយាយថា ពេលលេបថ្នាំរួចមេដៃរបស់គាត់ក៏បាត់ឈឺ ប៉ុន្តែពេលអស់ជាតិថ្នាំវាក៏ចាប់ផ្តើមឈឺទៀត ហើយវានៅហើមដដែល ។ រយៈពេល ៣ សប្តាហ៍ហើយស្ថានភាពរបស់គាត់ក៏មិនបានធូរស្រាលដែល វានៅតែឈឺខ្ទោកៗដដែល ។ គាត់ក៏សម្រេចចិត្តទៅគ្លីនិកឯកជនផ្សេងទៀត គ្រូពេទ្យធ្វើការឆ្លុះមើល ក៏ប្រទះឃើញអំបែកកញ្ចក់ជាប់នៅក្នុងមេដៃរបស់គាត់ ។ គ្រូពេទ្យក៏វះ យកអំបែងកញ្ចក់ចេញ ហើយធ្វើការលាងសំអាតសម្លាប់មេរោគ ។ ក្រោយពីគេងសម្រាកនៅមន្ទីរពេទ្យ ២-៣ ថ្ងៃ អាការរបស់គាត់ក៏ធូរស្រាល ហើយគ្រូពេទ្យក៏អោយត្រលប់ទៅផ្ទះវិញ ។ បន្ទាប់ពីជួបរឿងបែបនេះ ទើបគាត់សម្រេចចិត្តធ្វើការបង្ហោះសារ ដាស់តឿន​ដល់មនុស្សគ្រប់គ្នា ដែលលេងទូរស័ព្ទបែកអេក្រង់ជៀសវាងជួបរឿងដូចគាត់ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial