ឪពុកតិរិច្ឆានឈ្លោះគ្នាជាមួយ​ប្រពន្ធ ចាប់កូនអាយុជាង ១ ឆ្នាំបោកនឹង​សសរផ្ទះស្លាប់​យ៉ាងអាណោចអធ័ម

មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង នៅក្នុងខេត្តសៀមរាប បន្ទាប់ពីមានសេចក្តីរាយការណ៍មួយបានអោយដឹងថា មានក្មេងប្រុសអាយុ ១ ខួបម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធ័ម ដោយសារតែឪពុកចិត្តតិរិច្ឆានចាប់បោកនឹងសសរផ្ទះបាយ ។

បើតាមប្រភពព័ត៌មានមួយបានអោយដឹងថា មុនពេលកើតហេតុ​បុរសជាឪពុក ដែលមានឈ្មោះថា ផ្លាយ វិភាត់ អាយុ ៣១ ឆ្នាំ បានឈ្លោះប្រកែកគ្នាជាមួយនឹងប្រពន្ធ ដែលមានឈ្មោះថា សោម សុខម អាយុ ២៨ ឆ្នាំ ។ ពីរនាក់ប្តីប្រពន្ធនេះបានឈ្លោះប្រកែកគ្នារឿងទិញបន្លែមិនល្អយកមកធ្វើម្ហូប លុះឈ្លោះប្រកែកគ្នាមួយសន្ទុះ ស្រាប់តែប្តីចិត្តកំណាចឃោឃៅបានស្ទុះទៅចាប់លើកូន ដែលមានឈ្មោះថា ផាង ផល្លាអាយុទើបតែ ១ ខួប ២ ខែ បោកទៅនឹងសសរផ្ទះបាយ បណ្តាលអោយក្មេងប្រុសនោះសន្លប់បាត់បង់ស្មារតីធ្ងន់ធ្ងរ ហើយឪពុកដ៏ឃោឃៅនោះ ថែមទាំងយកកាំបិតបំរុងនឹងកាប់ចិញ្ច្រាំកូនទៀត ប៉ុន្តែបានសាច់ញាតិបងប្អូនជួយស្រែកឃាត់ ។

ភ្លាមៗអ្នកជិតខាងក៏បានមកជួយអន្តរាគមន៍ ដឹកក្មេងយកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ តែគួរអោយសោកស្តាយដែលក្មេងមិនអាចជួយសង្គ្រោះជីវិតបាននោះទេ ។ ក្រោយកើតហេតុ​ឪពុកតិរិច្ឆាននោះក៏បានរត់គេចខ្លួនបាត់ស្រមោល ។ តែទោះបីជាយ៉ាងណាក៏ដោយ ប្រភពព័ត៌មានមិនបានបញ្ជាក់អោយដឹងទេថា គ្រួសារនេះមានកូនប៉ុន្មាននាក់នោះទេ ។ ចំណោះករណីខាងលើសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ រកចាប់ខ្លួនជនសង្ស័យ ។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៩ នៅត្រង់​ចំណុចភូមិតាប្រាក់ ឃុំមានជ័យ ស្រុក ប្រាសាទបាគង្គ ខេត្តសៀមរាប ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial