ឪពុកយល់សុបន្តិឃើញ ខ្មោចប្រពន្ធ នៅជាមួយកូនស្រី ដោយ​បារម្ភពេក​ក៏​ទៅ​មើលកូន ស្រាប់តែ​​ប្រទះឃើញ​សាកសពកូននៅក្នុងផ្ទះ

កាលពីថ្មីៗ​នេះមាន​ហេតុការណ៍​ដ៏ភ្ញាក់ផ្អើល​មួយបាន​កើតឡើង​នៅប្រទេសថៃ បន្ទាប់ពី​​ប៉ូលីសបាន​រក​ឃើញ​​សាកសព​​នារីម្នាក់​​នៅក្នុង​ផ្ទះ​​របស់នាង​នៅឯ Pathum Thani ខាង​ជើង​ទីក្រុងបាងកក ។ ប៉ូលីសបានអោយដឹងថា ​នារីរងគ្រោះរូបនោះ បានស្លាប់​យ៉ាងហោច​ណាស់ក៏ ៦ ខែមកហើយ ។

ទោះបីជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់​បានដឹង​ថានាង​ស្លាប់នោះទេ ទើបតែ​កាលពីថ្មីៗនេះ ឪពុករបស់​នាងបាន​សុបិន្ត ឃើញ​នាងនៅ​ជាមួយខ្មោចម្តាយ​ ។ នេះ​បានតាម​ការចុះផ្សាយ​នៅលើ worldofbuzz ។ ប្រភព​ដដែល ដែល​បាន​ដកស្រង់​ព័ត៌មាន​​ចេញពី the nation បានអោយដឹងថា ឪពុកនារីរងគ្រោះ វ័យ ៧១ ឆ្នាំ មានឈ្មោះថា Boonlong Boonplan គាត់បានយល់សុបិន្តឃើញ ខ្មោចប្រពន្ធគាត់ ហើយនឹងកូនស្រីរបស់គាត់ (នារីរងគ្រោះ) បាននាំគ្នា​ទៅលេង​គាត់កាល​ពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៩ ។ ពេលដែលគាត់ភ្ញាក់ដឹងខ្លួនឡើង គាត់មានអារម្មណ៍មិនល្អ ។ ដូច្នេះ​គាត់ក៏​បានមក​មើល​កូន​ស្រីគាត់ ដែលនៅ​ឆ្ងាយ​ពី​ផ្ទះ​គាត់ប្រហែល​ជា ២០ គីឡូ ។

ពេលមកដល់ គាត់មានអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំង ដែលឃើញផ្ទះ​របស់​នាង​ចាក់​សោរ ដូចជា​គ្មានមនុស្សរស់នៅទាល់តែសោះ ព្រោះស្មៅដុះជុំវិញផ្ទះ គ្មានអ្នកមើលថែ ។ គាត់ក៏ដើរទៅ​ជិត ដើម្បីអើតមើលខាងក្នុងផ្ទះ ស្រាប់តែ​គាត់បាន​ធុំ​ក្លិន​ស្អុយយ៉ាងចម្លែក ចេញពីក្នុងផ្ទះ ។ គាត់ក៏បាន​សុំសន្តិសុខយាម វាយសោរ​ចូល​ទៅក្នុង​ផ្ទះ​មើល ។ បន្ទាប់​ពីវាយ​បំបែក​សោរ​បាន​ហើយ គាត់់រន្ធត់ចិត្តជាខ្លាំង​ ដោយបាន​ប្រទះឃើញ​សាកសព​កូនស្រី​របស់គាត់ក្រៀម នៅក្បែរទ្វារបន្ទប់ទឹកនៅជាន់ផ្ទាល់ដី ។

បើតាម​សំដី​ឪពុករបស់នាង បានអោយដឹងថា នារីរងគ្រោះ​មានឈ្មោះ​ថា Thiphaphat Phaksuk មានវ័យ ៤៦​ ឆ្នាំ រស់នៅក្នុង​ផ្ទះនេះ​តែម្នាក់ឯង បន្ទាប់ពី​នាង​បាន​លែងលះគ្នាជាមួយ​នឹង​ប្តីរបស់នាង ។ ក្រោយ​ការសាក​សួរព័ត៌មាន​ពីអ្នក​ជិតខាង បានអោយដឹងថា ពួកគេគិតស្មាន​ថានាង​ប្តូរទី​លំនៅ ទៅរស់នៅ​ឯណាផ្សេង ព្រោះថា​ទឹក និងភ្លើង ត្រូវបាន​កាត់ផ្តាច់​អស់ហើយ ដោយសារ​តែនាង​មិនបាន​បង់ថ្លៃ​វិក័យប័ត្រ ។ លោក Boonlong និយាយទាំងទឹកភ្នែក​ថា ទោះគាត់រស់នៅ​មិនឆ្ងាយ​ពីគ្នាប៉ុន្មាន​ក៏ដោយ ប៉ុន្តែគាត់ និងកូនស្រីគាត់​​ ខានជួបមុខគ្នាយូរហើយ ។

គាត់បានបន្តថា គាត់ចង់មកលេង​កូនស្រី​គាត់ ប៉ុន្តែនាង​​ប្រាប់គាត់​ថា នាងតែងតែ​រវល់​ជានិច្ចមិនសូវនៅផ្ទះទេ ។ ប៉ូលីសពិនិត្យមើល​ជុំវិញ​កើតហេតុ ហើយបាន​និយាយ​ថា ដោយផ្អែកលើការស៊ើបអង្កេត​បឋមនៃ​ការស្លាប់របស់ Thiphaphat Phaksuk គឺគ្មាន​អ្វីដែល​គួរអោយ​សង្ស័យនោះទេ ។ តាមការស៊ើបអង្កេត និងការធ្វើ​កោសល្យវិច័យ ពួកគេជឿថា​នាង​អាច​ស្លាប់​ដោយសារគាំងបេះដូង ។ ទោះបីជា​យ៉ាងណា​ក៏ដោយ សាកសពនាង​ក៏ត្រូវ​បានបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ Bhumibol Adulyadej ដើម្បីធ្វើកោសល្យវិច័យ កំណត់ពីមូលហេតុ​​ពិតប្រាកដ​នៃការ​ស្លាប់របស់នាង ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial