គិត​ត្រឹម​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ កុមារ​ដែលស្លាប់​ដោយសារ​ជំងឺ​រលាកខួរក្បាល បាន​កើន​ឡើង​រហូត​ដល់ ៩៧ នាក់​ហើយ​នៅភាគ​ខាង​កើត​ប្រទេសឥណ្ឌា

យ៉ាងហោចណាស់មានកុមារជិត ១០០ បានស្លាប់​ដោយសារ​តែ​ជំងឺរលាកខួរក្បាល នៅរដ្ឋ Bihar ភាគ​ខាងកើត​ប្រទេសឥណ្ឌា នេះ​បើយោង​​តាម​​សេចក្តីរាយការណ៍​​ពី​​​មន្ត្រី​សុខាភិបាល​​ប្រចាំ​រដ្ឋ​​កាលពីថ្ងៃច័ន្ទម្សិលមិញនេះ ។ បើតាម​សំដីមន្ត្រីសុខាភិបាល លោក Singh បាននិយាយប្រាប់អ្នកយកព័ត៌មាន Reuters ថា មាន​កុមារ ៩៧ នាក់​បាន​​ស្លាប់បាត់​បង់ជីវិត ខណៈ ១៤៦ នាក់ផ្សេងទៀត កំពុងស្ថិត​ក្នុង​ការព្យាបាល​យ៉ាង​ពិសេស​នៅក្នុង​មន្ទីរពេទ្យ ដែលបណ្តាលមកពី​​ជំងឺរលាកខួរក្បាល ដែល​តែងតែផ្ទុះឡើងរៀងរាល់រដូវក្តៅ ។

លោក Sunil Ram ឪពុកកុមារី​ដែលបានស្លាប់ដោយសារជំងឺនេះ បាននិយាយប្រាប់អ្នកយកព័ត៌មាន Reuters ផងដែរថា «នៅទីនេះ (មន្ទីរពេទ្យ) មិនមាន​គ្រឿង​​បរិក្ខារប្រើប្រាស់ល្អៗ និងគ្រប់គ្រាន់នោះទេ ។ បើសិនជាមាន គ្រឿង​​បរិក្ខារប្រើប្រាស់ល្អៗគ្រប់គ្រាន់នោះ កូនស្រីខ្ញុំនឹងមិនស្លាប់ទេ» ។ ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ទាំងអស់បាននិយាយថា ពួកគេខិតខំប្រឹងប្រែង​រិះរក​គ្រប់មធ្យោបាយទាំងអស់ ដើម្បីជួយសង្គ្រោះ និងព្យាបាលក្មេងៗទាំងនោះ ។

ជំងឺរលាកខួរក្បាលនេះ មានរោគសញ្ញាដូចជា គ្រុនក្តៅក្អួត ហើយបើករណីធ្ងន់ធ្ងរវិញនោះ វាបណ្តាលអោយមានការប្រកាច់ និង សន្លប់បាត់បង់ស្មារតី (coma) ។ ទារក និងមនុស្សវ័យចាស់ជរាងាយនឹងរងគ្រោះជាងគេបំផុត ។

គួរបញ្ជាក់ផងដែរថា កាលពី ៥ ឆ្នាំមុន ក៏មានករណីស្រដៀងគ្នានេះ បានផ្ទុះឡើងម្តងរួចមកហើយ ដែលកាលណោះ​ បានសម្លាប់​មនុស្ស​អស់ប្រមាណជា ៣៨០ នាក់ នៅក្នុងរដ្ឋ Bihar ជារដ្ឋដែល​មាន​ចំនួន​ប្រជាជន​ច្រើន​លំដាប់ទី ៣ នៃប្រទេសឥណ្ឌា ។ ទន្ទឹមគ្នានេះដែរ ក៏មានក្រុមអ្នកតវ៉ា បាន​ប្រមូល​ផ្តុំគ្នា​នៅក្នុងទីក្រុង New Delhi ដើម្បីធ្វើ​ការ​ទាមទារ​អោយ​មាន​ការអន្តរាគមន៍ជាបន្ទាន់​ពី​រដ្ឋាភិបាល​កណ្តាល​នៅក្នុង​រដ្ឋ Bihar នេះ ។

ប្រភព៖ asiaone

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial