អ្នកម្តាយគួរដឹង៖ ទារកដែលទើបនឹងកើតមកមានប្រឡាក់សៗ (ដូចក្នុងរូបនេះ) ការពិតល្អចំពោះក្មេងទៅវិញទេ ហើយវាមិនទាក់ទងនឹងការហូបបបរស ពេលទំងន់នោះទេ

បើយោងតាម​ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ah Nith បានធ្វើ​ការចែករំលែក​នូវ​រឿងមួយ​ដែលចាស់ៗ​ពី​សម័យមុន តែងតែនិយាយថា ពេលដែលអ្នកម្តាយទំងន់ កុំហូបបបរ​ព្រោះវា​អាច​ធ្វើកូន​កើត​មកមិន​ស្អាត ប្រឡាក់អ្វីម្យ៉ាងសៗ (ដូចក្នុងរូបនេះ) ដោយបងស្រីម្ចាស់គណនីនោះបានបកស្រាយយ៉ាងក្បោះក្បាយដូចខាងក្រោមនេះថា៖

«សួស្តី​ម៉ាក់ៗ​ទាំងអស់​គ្នា ខ្ញុំសុំ​ចែក​រំលែក​រឿង​តិចតួច​ទាក់ទង​នឹង​កូនកើត​មកប្រឡាក់សៗ ដើម្បី​កុំអោយ​មាន​ការ​យល់ខុស​ត​ទៅ​ទៀត ។​ តាម​ខ្ញុំដឹង​ម៉ាក់ៗ​​នៅស្រុក​ខ្មែរភាគ​ច្រើន​បាន​យល់ខុស​ចំពោះ​រឿងនេះ ។ អ្នកខ្លះ​គិត​ថា​ពេល​មាន​ទម្ងន់​ហាម​មិន​អោយ​ញុំា បបរស ព្រោះ​កូន​កើតមកប្រឡាក់សៗ បែបនេះ គឺ​កក្រិច មិនស្អាត គួរអោយខ្ពើម -ល- ។ តាមការពិត ក្មេង​ដែល​កើត​មក​មាន​ប្រឡាក់សៗ បែបនេះ​គឺស្បែក​ស្អាត​ជាង​ក្មេង ដែល​មិន​សូវ​មានប្រឡាក់ ហើយការញុំា​បបរសអីហ្នឹង មិន​ពាក់ពន្ធ័​នឹង​រឿង​នេះទេ ។ ពេលខ្ញុំ​ទម្ងន់ ខ្ញុំ​បាន​សួរគ្រូពេទ្យ និង អ្នក​ដែល​មក​បង្រៀន​វគ្គ​មាន​ផ្ទៃពោះ​អោយខ្ញុំ ពួក​គាត់​បាន​ប្រាប់ថា ម្ស៉ៅសៗ ដែល​ប្រឡាក់​លើខ្លួន​ក្មេងនោះ គេហៅជា​ភាសា​អង់គ្លេសថា vernix caseosaq រឺ ហៅខ្លី​ថា vernix វា​ជា​ជាតិ​រំអិល​ម្យ៉ាង​សំរាប់​ការពារ​ស្បែក​ទារក ពេល​នៅក្នុង​ផ្ទៃម្តាយ ។

បើគ្មាន​ជាតិ​នឹង​ការពារទេ ធ្វើ​អោយ​ស្បែក​ក្មេង​ជ្រីវជ្រួញ ដោយសារ​ទារក​ត្រូវ​នៅក្នុង​ទឹកភ្លោះ​រាប់ខែ ។ សាក​គិត​មើល​យើង​គ្រាន់​តែ​ត្រាំដៃ​ក្នុង​ទឹក​តែ ២ ៣ ម៉ោង​លើក​មក​វិញ បើមិន​ជ្រីវជ្រួញ តែ​ទារក​នៅក្នុង​ទឹកភ្លោះ​ដល់ ទៅ ៩ ខែ ពេល​កើត​មក​មិន​ជ្រីវជ្រួញ​ទេ ដោយសារ​តែមាន​ជាតិសៗ នេះ​ហើយ​ជួយ​មិន​អោយ​ជ្រីវជ្រួញ។ ក្មេង​ដែល​កើត​មុន​ពេល​កំណត់​ភាគ​ច្រើន​គឺ​មាន ម៉្សៅ សៗ នឹង​ច្រើន​ជាង​ក្មេង​កើតគ្រប់ខែ ។ ចំណែក​ក្មេង​ដែល​កើត​លើស​ពេល​កំណត់​គឺ​សឹង​តែ មិនមាន​ម្ស៉ៅនឹងជាប់​ខ្លួនទេ ដោយសារ​តែជាតិ​នោះ​បាន​រលាយ​អស់ ។

នៅ​មន្ទីរពេទ្យ​ប្រទេស​អូស្ត្រាលី ពេល​ទារកកើត​មក​គេ​មិន​អោយ​យក​ទារក​ទៅ​មុជ​ទឹកភ្លាមៗ​ទេ ។ គេរង់ចាំ ២៤ ម៉ោងទៅ ៤៨ ម៉ោង​ក្រោយ បាន​អោយ​ទារក​មុជទឹក ព្រោះ​គេ​ទុក​អោយ​ជាតិសៗ នោះ​រលាយ​ចូល​ទៅក្នុង​ស្បែក​ក្មេង​វិញ រឺ​ក៏​ម៉ាស្សា​វា​តិចៗ ដើម្បី​អោយ​វារលាយ​ចូល​ក្នុង​ស្បែកវិញ ព្រោះវា​ធ្វើអោយ​ស្បែក​ទារក​មាន​ជាតិ​សំណើម ការពារ​ស្បែក​ក្មេង​មិន​អោយ​ស្ងួត របក និង ប្រេះ ជា​ពិសេស​ជាង​នឹងទៀត ជាតិសៗ នេះ​វា​អាច​ជួយ​អោយ​ក្មេង​មិន​ងាយ​ឆ្លង​មេរោគ ហើយ​វា​នៅ​មាន​គុណ​សម្បត្តិ​ជាច្រើន​ដែល​ខ្ញុំ​មិន​អាច​សរសរ​អស់ ព្រោះ​វាវែង​ពេក។ បើអ្នក​ទាំងអស់​គ្នា​មាន​ពេល​ទំនេរ​អាច​ចូល​ឆែក​ក្នុង google បាន គ្រាន់​តែដាក់ ថា vernix caseosaq benefit នឹង​ឃើញ​អត្ថប្រយោជន៍​ជាច្រើន​របស់​វា​ចំពោះទារកហើយ » ។

អរគុណសម្រាប់ការចែករំលែក ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial