ដាស់តឿនដល់​អ្នក​​ដែល​ប្រើម៉ាស៊ីន​ត្រជាក់​ចាស់រាប់ឆ្នាំ៖ មានករណី​​ផ្ទុះម៉ាស៊ីនត្រជាក់​ដែល​ប្រើយូរ​រាប់ឆ្នាំ បណ្តាលអោយមនុស្ស ២ នាក់រងរបួសធ្ងន់

មាន​​ហេតុការណ៍​ផ្ទុះ​ម៉ាស៊ីន​ត្រជាក់​មួយ បានកើត​ឡើង​នៅក្នុង​ហាង​​លក់​ទំនិញ​មួយ​កន្លែង​នៅ​ស្រុក San Pa Tong ប្រទេសថៃ ។ បើតាម​​សំដីម្ចាស់​ហាង​បាន​អោយដឹងថា ម៉ាស៊ីនត្រជាក់​នោះគាត់​ប្រើរយៈ​ពេល ១០ ឆ្នាំមកហើយ ។ អ្នកស្រី​ម្ចាស់ហាងបានបន្តទៀតថា ម៉ាស៊ីនត្រជាក់នោះអត់ត្រជាក់ទេ ទើបថ្ងៃកើតហេតុ​នោះអ្នកស្រីបានហៅជាងអោយមកជួសជុល ។ ហេតុការណ៍​នេះបាន​កើត​ឡើង​កាលពី​វេលា​ល្ងាចថ្ងៃទី ១១ ខែមិថុនា ម្សិលមិញនេះ នៅក្នុងខេត្ត Chiang Mai ។

បើតាមសំដីអ្នកស្រី Angkana Tantirithiporn អាយុ ៦៩ ដែលជាម្ចាស់ហាង ហើយក៏ជាបងស្រី​លោក Wiwat បានអោយដឹងថា មុនពេលកើតហេតុ​ប្អូនប្រុស​របស់​អ្នក​ស្រីបាន​ហៅ​ជាង​ម៉ាស៊ីនត្រជាក់អោយមកជួសជុល ហើយខណៈ​ពេល​ដែល​​កំពុងតែ​បញ្ជូល​ហ្គាល​ ស្រាប់តែ​ម៉ាស៊ីនត្រជាក់​ក៏ផ្ទុះតែម្តង ។ អំបែក​ម៉ាស៊ីន ហើយ​អណ្តាតភ្លើង​ក៏បាន​ធ្វើអោយ​​ប្អូនប្រុស​របស់​អ្នកស្រី ​ដែល​កំពុង​ឈរមើលជាង​​ ហើយនឹងជាង​​ដែល​កំពុង​ធ្វើ​​ម៉ាស៊ីន​ត្រជាក់​នោះ​រងរបួសធ្ងន់ ។

ក្រោយ​កើតហេតុ​ប៉ូលីស​មូលដ្ឋានក៏បានចុះដល់កន្លែងកើតហេតុ ប្រទះឃើញបុរសពីរនាក់​រងរបួសធ្ងន់ ហើយបំណែក​ម៉ាស៊ីន​ត្រជាក់​ខ្ចាត់ខ្ចាយ​គ្រប់ទីកន្លែង​នៅក្នុងហាង ។ ជនរងគ្រោះ​ម្នាក់​នៅក្នុង​ចំណោម​នោះ​​គឺជា​ម្ចាស់ហាងវ័យ ៦៧ ឆ្នាំ មានឈ្មោះថា Wiwat Tantrithipon របួសនៅត្រង់ភ្លៅធ្ងន់ធ្ងរ និងរលាកដងខ្លួន ។ ចំណែកម្នាក់ទៀត មានឈ្មោះថា Kasem Pali អាយុ ៥៤ ឆ្នាំ គឺជាជាងម៉ាស៊ីនត្រជាក់ រងរបួសរលាក​ខ្លួន​ធ្ងន់ធ្ងរ ។ ជនរងគ្រោះទាំងពីរនាក់​ត្រូវបានគេ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យស្រុក San Pa Tong ប៉ុន្តែដោយ​ស្ថានភាព​របួស​​ជាងម៉ាស៊ីនត្រជាក់​​ធ្ងន់ធ្ងរពេក ទើបគាត់​ត្រូវបានគេ​បញ្ជូនទៅ​ព្យាបាលបន្ត​នៅមន្ទីរពេទ្យ Maharaj Nakorn Chiang Mai ។

ប្រភព៖ Thairath

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial