បុរសវ័យ​ ៦៥ ឆ្នាំ​ម្នាក់ ចំណាយ​ពេល ១៩ ឆ្នាំ ដាំដើមឈើ​ ដើម្បី​សង្គ្រោះភូមិ​របស់គាត់​ពីគ្រោះរងស្ងួត

បុរសវ័យ ៦៥ ឆ្នាំម្នាក់ ​ដែលមានឈ្មោះថា Sadiman រស់នៅលើ​ដែនដី Wonogiri ចំកណ្តាលខេត្តចាវ៉ា ប្រទេសឥណ្ឌូនេស៊ី បាន​សង្គ្រោះ​ភូមិ​របស់គាត់​​ដែល​ ងាយ​​រងគ្រោះ​​ដោយគ្រោះរាំង​ស្ងួត​ អោយទៅជា​តំបន់​​ដែល​សំបូរ​ទៅដោយ​ទឹកក្រោមដី​ ដោយបានដឹកនាំ​យុទ្ធនាការ​ដាំដើម​ឈើ​នៅលើ​ភ្នំក្បែរ​នោះ​អស់​រយៈ​ពេល 19 ឆ្នាំមកហើយ ។ចាប់តាំងពីឆ្នាំ ១៩៩៦ គាត់តែងតែជំរុញអោយអ្នកភូមិ​របស់គាត់ដាំដើមឈើ អោយកាន់តែច្រើននៅលើភ្នំ Gendol ដើម្បីទប់ស្កាត់គ្រោះរងស្ងួតធ្ងន់ធ្ងរ ដែលតែងតែវាយប្រហារភូមិរបស់គាត់ជារៀងរាល់ឆ្នាំ អោយតែដល់រដូវប្រាំ ។

តំបន់ដែលស្ថិត​នៅ​តាមជម្រាលភ្នំ​ Lawu ភាគអាគ្នេយ៍ មានទីតាំង​ស្ថិត​​នៅជាប់​​ព្រំប្រទល់​កណ្តាល និង​ខាងកើត​នៃខេត្តជ្វានេះ ត្រូវបានបំផ្លិចបំផ្លាញយ៉ាងខ្លាំង ដោយសារ​តែ​សកម្មភាពកាប់បំផ្លាញព្រៃឈើ ក៏ដូចជាភ្លើងឆេះព្រៃជាបន្តបន្ទាប់ ដែលកើតមានឡើង​ចាប់តាំងឆ្នាំ ១៩៦០ ដល់ឆ្នាំ ១៩៨០ មកម្ល៉េះ ។ ការបំផ្លិចបំផ្លាញ​ព្រៃឈើ​ដ៏សំបើមនេះ បានធ្វើអោយទន្លេ Gendol ដែលជាប្រភពទឹកតែមួយគត់សម្រាប់អ្នកភូមិ Geneng នេះ ទទួលរងនូវរងគ្រោះរាំងស្ងួត​យ៉ាងលឿនបំផុត ដែលធ្វើអោយអ្នកស្រុក​​រស់នៅ​ក្នុង​វិបត្តិ​ខ្វះ​ខាតទឹក​ធ្ងន់ធ្ងរ​ ជាច្រើនឆ្នាំមកហើយ ។

ថ្លែង​ទៅកាន់​កាសែត Jakarta Post កាលពី​ចុងសប្តាហ៍​លោក Sadiman បាន​និយាយ​ថា​​លោក​បាន​​ចាប់ផ្តើម​​គំនិត​បង្កើត​ទឹកដី​អោយមានជីវិតរស់ឡើងវិញ គឺ​នៅពេល​គាត់បានឡើង​លើភ្នំ ​ដើម្បីជាជ័រកៅស៊ូ ពេលនោះ​ស្រាប់តែ​គាត់​​ប្រទះឃើញ​ថា ដើមកៅស៊ូ​មិនអាច​ផលិត​កៅស៊ូ​បានទៀតទេ ។​ ដោយ​គាត់បាន​មាន​ប្រសាសន៍ថា «ពេលនោះខ្ញុំ​ដឹងថា វិបត្តិទឹកធ្ងន់ធ្ងរពេក សូម្បីតែដើមឈើ​ក៏រីងស្ងួតដែរ» ។ ដោយក្តីព្រួយបារម្ភ​ និងចង់សង្គ្រោះ​ជីវិតអ្នកភូមិរបស់គាត់ លោក Sadiman ក៏សម្រេចចិត្តយកលុយរបស់គាត់ ទៅទិញគ្រាប់ពូជដើមឈើ ហើយដាំវាទៅគ្រប់កន្លែង​នៅតំបន់ភ្នំ ។ គាត់​ជ្រើសរើស​ដាំ​ដើមឈើ​ណា​ដែល​មិនស្រូប​យក​ជាតិទឹកពីក្រោមដីខ្លាំងនោះទេ ដូច្នេះគាត់​ជ្រើសរើស​ដាំដើមពោធិឥណ្ឌា ដែលតំលៃរបស់វា ៧.១០ ដុល្លា ក្នុងមួយដើម ។

ទោះបីជាយ៉ាងណាក៏ដោយ ការទិញដើមពោធិឥណ្ឌា​យកមកដាំ មិនមែនចំណាយ​លុយអស់តិចនោះទេ ដូច្នេះដើម្បីសម្រេច​ជោគជ័យ គាត់ក៏បានបណ្តុះដើមផ្កាក្លាំងពូ​នៅមុខផ្ទះរបស់គាត់ នៅពេលដែលវាមានធំ គាត់នឹងយកដើមផ្កាក្លាំងពូ ១០ ដើម ប្តូរយកដើមពោធិឥណ្ឌាកំពស់ ១ ម៉ែត្រ មួយដើមពីអ្នកលក់ពូជកូនឈើ ។ លោក Sadiman បាននិយាយថា ដំបូងឡើយអ្នកភូមិរបស់គាត់ រួមទាំងអ្នកជិតខាងរបស់គាត់​ ធ្លាប់និយាយថាគាត់ខ្ជះខ្ជាយពេលវេលា​ ហើយគ្មានប្រយោជន៍នោះទេ ។ គាត់ក៏បានឃើញ​គ្រាប់ពូជរបស់គាត់ ដែលទើបនឹងដាំត្រូវបានខូចខ្ទេចខ្ទីអស់ ដោយសារតែគោក្របីអ្នកភូមិ ដែលយកទៅស៊ីស្មៅនៅលើភ្នំ ។ ទោះបីជាយ៉ាងណាក៏ដោយ គាត់មិនបានខឹងនឹងអ្នកភូមិរបស់គាត់ ហើយគាត់គ្រាន់តែយកគ្រាប់ពូជថ្មី ទៅដាំជំនួសគ្រាប់ពូជចាស់ ។

១៩ ឆ្នាំក្រោយ គាត់បាននិយាយថា គាត់មិនចាំថា​តើគាត់​​ដាំដើមឈើបាន​​ចំនួនប៉ុន្មាននោះទេ ។ បើតាមទិន្នន័យ​ពីការិយាល័យ​ស្រុក Geneng បានរាយការណ៍ថា យ៉ាងហោចណាស់ដើមឈើ​ចំនួន ១១,០០០ ដើម ក្នុងនោះមានដើម​ពោធិឥណ្ឌាចំនួន ៤០០០ បានដាំនៅលើ​ផ្ទៃដីចំនួន ១០០ ហិចតា នៅលើភ្នំ Gendol ហើយនឹងភ្នំ Ampyangan ដែលនៅជិតនោះ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial