មានចឹងទៀត ថ្មីម្ល៉េះ! បុរសម្នាក់​ខំជីក​រូងក្រោមដី ដើម្បី​លួច​យក​ការណ៍ពី​​​​អតីតមិត្តស្រី តែ​ត្រូវ​ជាប់​នៅរូង​ប៊ិះនឹងស្លាប់

ការ​បែកគ្នា​មិនមែន​ជារឿង​លេងសើច​នោះទេ ហើយវា​ក៏មិនមែន​ងាយស្រួល​ក្នុងការ​កាត់ចិត្ត​នោះដែរ សម្រាប់ភាគី​ដែលស្រលាញ់​ខ្លាំង ហើយ​មិនទាន់​បាន​ត្រៀមចិត្ត ។ ជាក់ស្តែង​កាល​ពីថ្មីៗនេះ មានបុរសជន​ជាតិម៉ិច​ស៊ីកូម្នាក់ ខំជីករូងក្រោមដីទាំង​ត្រដរ ដើម្បីឈ្លប​យកការណ៍​​ពី​អតីតមិត្តស្រី​របស់គាត់ តែ​គម្រោង​​ការណ៍​របស់គាត់​មិន​បាន​​ទៅ​ដោយ​​រលូននោះទេ ផ្ទុយ​ទៅវិញ​គាត់​បែរ​ជាជាប់​នៅក្នុង​រូងក្រោមដី​​ប៊ិះនឹង​ថប់ស្លាប់ ។

បើយោងតាម​ប្រភពព័ត៌មាន​មួយ​ដែល​​បាន​ចុះផ្សាយ​នៅលើ​គេហរទំព័រ​ព័ត៌មាន​ socialnews បានអោយដឹងថា មាន​បុរស​ជនជាតិម៉ិចស៊ីកូ​វ័យ ៥០ ឆ្នាំម្នាក់​មាន​ឈ្មោះថា Cesar Arnoldo Gomez បាន​បែកគ្នា​ជាមួយ​នឹងមិត្តស្រី​​របស់គាត់ ដែលទាក់ទងគ្នា ១៤ ឆ្នាំមក​ហើយ ។ ប្រភពដដែល​បាន​បន្តថា មិត្តស្រី​របស់​គាត់ មាន​ឈ្មោះ​ថា Griselda Santillan វ័យ ៥៨ ឆ្នាំ បាន​បោះបង់​គាត់​ចោល ព្រោះគាត់​ពូកែ​ប្រច័ណ្ឌពេក ដែលធ្វើអោយការរស់នៅជាមួយគ្នា មានការលំបាកខ្លាំង​។

ទោះបីជា​យ៉ាងណា​ក៏ដោយ សម្រាប់លោក Gomez គាត់​មិនទាន់​អស់ចិត្ត​ពី​អតីត​មិត្តស្រី​របស់គាត់​នៅឡើយ​ទេ ។ បន្ទាប់​ពីបែកគ្នា គាត់ក៏​បានចេញ​ពីផ្ទះ​អ្នកស្រី Santillan (មិត្តស្រី) ដោយ​សំងំចាំ​​ពេល​​យប់​មកដល់ គាត់ក៏ចាប់ផ្តើម​​ជីកដី​រូងក្រោមដី ​​ចូល​ទៅ​ក្នុង​​ផ្ទះ​មិត្តស្រីរបស់គាត់ ដោយមិន​អោយ​អ្នកស្រី​ Santillan ដឹង​ខ្លួនឡើយ ។

បើតាម​សំដីអ្នកស្រី Santillan បានអោយដឹងថា គាត់បាន​លឺសំលេង​អ្វីម្យ៉ាង​ដ៏ចម្លែក​រយៈពេល ១ អាទិត្យ នៅខាង​ក្រៅផ្ទះ​របស់អ្នកស្រី តែអ្នកស្រី​ក៏មិន​ចាប់​អារម្មណ៍​អ្វីដែលនោះ ។ រហូតដល់​សំលេង​រំខាន​កាន់​តែខ្លាំងឡើងៗ ចូលដល់​ក្នុងផ្ទះ​របស់អ្នកស្រី ទើបអ្នកស្រី​ចាប់ផ្តើម​​ដើរ​រក​មើល​​ទៅតាម​សំលេង​នោះ ។ អ្នកស្រី Santillan បាន​និយាយថា «ខ្ញុំបាន​អោយអ្នក​ជិតខាង​ជួយរក​មើល​នៅខាង​ក្នុងផ្ទះ​របស់ខ្ញុំ ប៉ុន្តែពួកគេ​ប្រាប់ថា​គ្មានអ្វី​​នោះទេ ។

មិនអស់ចិត្ត​​ខ្ញុំ ក៏បានដើររកមើល ក៏ស្រាប់តែ​ប្រទះឃើញ​មានស្បែក​ជើង ឧបករណ៍ជាង ហើយនឹង​ទឹកផឹក ។ ខ្ញុំបានឃើញរូងមួយ ខ្ញុំដឹងថារូងនោះគឺ Gomez ជាអ្នកជីក ដូច្នេះខ្ញុំ​ក៏បាន​ស្រែក​ហៅ​អោយគាត់ចេញ​មកក្រៅ (លោក Gomez អតីតមិត្តប្រុស) ប៉ុន្តែគាត់​មិនបាន​ឆ្លើយ​តបមក​វិញនោះ​ទេ » ។ បន្ទាប់មកទៀត អ្នកស្រី Santillan ក៏បាន​ខលហៅ​ភ្នាក់ងារ​​ជួយ​សង្គ្រោះ​​អោយមក​ជួយទាញ លោក Gomez ចេញ​ពីក្នុង​រូងក្រោមដី ។ បើតាម​សំដីក្រុម​អ្នក​សង្គ្រោះ​បាន​អោយ​ដឹងថា​លោក Gomez បានជាប់​នៅក្នុង​រូងក្រោមដី​នោះ​អស់រយៈ​ពេល ២៤ ម៉ោង ដែលធ្វើ​អោយគាត់​ខ្វះ​អុកស៊ីសែន​ខ្លាំង ហើយពិបាក​ក្នុងការ​ទាញយក​គាត់​ចេញ​មក​ក្រៅណាស់ ។

ដោយ​ការខិតខំ​ប្រឹងប្រែង​ពីក្រុម​អ្នក​សង្គ្រោះ ទីបំផុតលោក Gomez ក៏អាច​យកចេញ​ពីរូងក្រោម​ដី​នោះ​បាន ហើយគាត់​ក៏ត្រូវ​បានគេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅឯ​មន្ទីរពេទ្យ ដោយសារ​តែគាត់​ខ្សោះជាតិ​ទឹក​ខ្លាំង ហើយ​ខ្វះ​អុកស៊ីសែន​ផងដែរ ។  ទោះបីជា​យ៉ាង​ណាក៏​ដោយ ទង្វើខំប្រឹង​របស់គាត់​នេះ នៅតែមិនអាច​​អោយ​មិត្តស្រី​របស់គាត់​វិលត្រលប់​មករកគាត់​វិញបាន​ដែរ ។ ចូលរួមសោកស្តាយផងលោក Cesar Arnoldo Gomez ៕

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial