សាលារៀនមួយនៅប្រទេសឥណ្ឌា បង្រៀនសិស្សៗ​អោយចេះ​សរសេរដៃទាំងសងខាង​ក្នុងពេលតែមួយ

សាលារៀននៅប្រទេសឥណ្ឌាមួយ ដែលមានឈ្មោះថា Veena Vandini នៅរដ្ឋ Madhya Predesh បានបង្រៀនសិស្សៗទាំងអស់ អោយចេះប្រើដៃទាំងសងខាង ។ បើយោងតាមការចុះផ្សាយនៅលើ Oddity Central បានអោយដឹងថា ស្ថាបនិកសាលារៀននេះ​ធ្លាប់ជាទាហាន ដូច្នេះ​គាត់ចង់​បង្រៀនអោយ​កូនសិស្ស​​របស់គាត់​ទាំងអស់​មាន​ភាពរឹងមាំ ហើយមាន​សមត្ថភាពអាចប្រើ​ដៃទាំង​សង​ខាងបាន ដោយគាត់​បានលើកឡើងថា៖

«យើងចាប់ផ្តើម​បណ្តុះបណ្តាលសិស្ស​ពីស្តង់ដារកំរិតទី I រហូតដល់ពួកគេឈានដល់​កំរិតស្តង់ដារទី III ដែលពួកគេ​អាចមានភាពងាយស្រួលក្នុងការប្រើដៃទាំង​សងខាងរបស់ពួកគេបាន ហើយសំរាប់កំរិតស្តង់ដារទី VII និង VIII គឺពួកគេអាចប្រើ​ដៃទាំងសងក្នុងពេលតែមួយ ដោយ​សរសេរ​បានលឿន និងស្អាតត្រឹមត្រូវ ។ មិនតែប៉ុណ្ណោះសិស្សទាំង​អស់នេះ​ក៏ចេះបីបួនភាសា​ផងដែរ » ។

ដោយ​ការប្តេជ្ញាចិត្ត​​របស់លោក Sharma ដែលជា​ស្ថាបនិក និងកិច្ចសហការ​របស់សិស្សៗ ពេលនេះសិស្សដែល​កំពុងសិក្សា​នៅ​សាលារៀន​មួយនេះ​ចំនួន ៣០០ នាក់ គឺអាចប្រើដៃ​ទាំងពីររបស់ពួកគេបាន ។ អ្វីដែលកាន់តែ​អស្ចារ្យនោះគឺ​ សិស្ស​មួយ​​ចំនួនអាច​ប្រើដៃទាំងសង​ខាង​សរសេរក្នុងពេលតែមួយ ជាភាសាផ្សេងគ្នាបាន ។

នៅសាលារៀន​នោះ រៀនមេរៀន ៤៥ នាទី និង ១៥នាទីទៀតគឺ​អនុវត្តការសរសេរ​​ ដើម្បីអោយប្រាកដថាសិស្សៗទាំងអស់​ស្ទាត់ជំនាញក្នុងការសរសេរ ហើយក៏ជួយអោយពួកគេ​រៀនភាសាថ្មីផងដែរ ។ សិស្សៗទាំងអស់តែងតែ​អនុវត្ត​ការ​សរសេរ​​​ពាក្យ​ដូចគ្នា តែ​ភាសា​ខុសគ្នា ដោយប្រើដៃ​ទាំងសង​ខាងក្នុង​ពេលតែមួយ ។ ការធ្វើបែបនេះ ក៏ជួយអោយ​មានការប្រមូលផ្តុំ និង​បង្កើន​សមត្ថភាពចំណេះដឹងរបស់ពួកគេផងដែរ ។ សាលារៀននេះ​​បង្កើត​ឡើង​នៅក្នុងឆ្នាំ ១៩៩៩ ដោយលោក Sharma អតីតទាហាន ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial