អ្នកម្តាយគួរដឹង៖ រោគសញ្ញា​នៃជំងឺអូទីស្សឹម (Autism) និង​វិធីសង្កេតមើលថា តើកូនមាន​​កើតជំងឺនេះ រឺអត់ ?

ជំងឺអូទីស្សឹម (Autism) រឺ​ខ្មែរ​យើង​ហៅថា​​ជំងឺ​បាត់​ទំនាក់​ទំនង​សង្គម ។ បើយោង​តាម Centers for Disease Control នៅ​សហរដ្ឋអាមេរិច បាន​អោយ​ដឹងថា បច្ចុប្បន្នជំងឺ Autism នេះ​បាន​ជះឥទ្ធិពល​​ទៅលើ​កុមារ ១ នាក់​នៅក្នុង​ចំណោម ៥៩ នាក់ នៅក្នុង​សហរដ្ឋអាមេរិច ។ មាន​កត្តារួមផ្សំជាច្រើន ដែល​បណ្តាល​អោយ​កើត​ជំងឺ​អូទីស្សឹមនេះ ក្នុងនោះវា​អាច​រួមផ្សំ​ជាមួយ​​នឹងហ្សែន (តំណរពូជ) និង​កត្តា​បរិស្ថាន​ជុំវិញ ។

ដោយសារ​តែ​ជំងឺអូទីស្សឹម គឺ​ជា​​ជំងឺ​ដែល​ទាក់ទង​ទៅ​នឹង​សរសៃប្រសាទ ដូច្នេះក្មេងៗ​ដែល​កើត​ជំងឺនេះ មួយចំនួន អាចមានភាព​ខ្លាំង​ផ្សេងគ្នា ហើយនឹងមាន challenges ដែលខុស​ពីក្មេង​ទូទៅ​ផងដែរ ។ ថ្វីត្បិតតែ​ក្មេង​ដែល​កើតជំងឺនេះ មិនសូវមាន​ទំនាក់ទំនង​ជាមួយ​នឹងមនុស្ស​ជុំវិញ​ខ្លួន រឺពួកគេ​មិន​អាច​និយាយ​បាន​ក៏ពិត​មែន ប៉ុន្តែ​ពួកគេ​អាច​មាន​សមត្ថភាព​ក្នុងការ​រៀន គិត និង​ដោះស្រាយ​បញ្ហា​បាន​យ៉ាងលឿន ។

ទោះបី​ជាយ៉ាង​ណាក៏​ដោយ ក្មេងៗដែល​កើត​ជំងឺ​អូទីស្សឹម គឺពួកគេ​មាន​លក្ខណៈ​ខុសប្រក្រតី ហើយ​ពួកគេ​ត្រូវ​ការ​ការគាំទ្រយ៉ាងខ្លាំង ពីឪពុកម្តាយ នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់ពួកគេ ជាងក្មេងធម្មតា ។ ជំងឺអូទីស្សឹមនេះ ជារឿយៗ​វាត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​កោសិកា​សរសៃ​ប្រសាទ​វិញ្ញាណ រឺការទទួលរំញោច បញ្ញាសុខភាព​ដូចជា​ជំងឺក្រពះ ពោះវៀន ជំងឺប្រកាច់ ឬជំងឺទាក់ទងទៅនឹង​ការគេង និងញុំា​ ក៏ដូចជា​សុខ​ភាព​ផ្លូវចិត្តដូចជា ការថប់បារម្ភ ការធ្លាក់ទឹកចិត្ត និង​ការ​យក​ចិត្តទុកដាក់ ។

ជាទូទៅ​ជំងឺ​នេះ​នឹង​លេច​ឡើង​នៅលើ​កុមារ​ដែល​មាន​អាយុ​ចាប់​ពី ២ ទៅ ៣ ឆ្នាំ ។ ទោះបី​ជា​យ៉ាងណា​ក៏ដោយ ជំងឺនេះអាច​កើត​ឆាប់​ជាងនេះ ដែលជា​ទូទៅ​គេធ្វើ​រោគវិនិច្ឆ័យឃើញនៅ​ក្មេង​អាយុ ១៨ ខែ ។ រោគសញ្ញា​មួយ​ចំនួន​នៃ​ជំងឺ​អូទីស្សឹម​នេះ​មាន​ដូចជា៖

-នៅពេល​ដែលគេ​ហៅ​ឈ្មោះ​មិនងាក ដូចជា​មិន​លឺយើង​ហៅ ប៉ុន្តែពួក​គាត់​មិនមែន​ថ្លង់ទេ ។
-អាយុ ១ រឺ ២ ឆ្នាំហើយ​នៅ​មិន​ចេះ​និយាយ​សូម្បីមួយ​ម៉ាត់ តែពេលនិយាយ​ យើងស្តាប់គាត់មិនយល់ មិនដឹងនិយាយភាសាអ្វី ។
-ឆាប់ខឹង ធ្វើបាបខ្លួន បោកក្បាល ស្រែកយំ​យកឈ្នះ
-មិន​ចាប់​អារម្មណ៍​ពី​អ្នក​ជុំវិញ​ខ្លួន មិន​ដែល​មើល​មុខអ្នកណា​ចំ សូម្បីតែប៉ាម៉ាក់ ក៏ពួកគាត់​ មានអារម្មណ៍ថាខ្លាចៗ ។

-មិន​ចូលចិត្ត​លេង​ជាមួយ​ក្មេងដទៃ តែ​ចូលចិត្ត​លេង​ម្នាក់ឯង រឺសំលឹងតែ​ទូរស័ព្ទ -ល- ។
-ខ្លាចមនុស្ស រឺខ្លាច​ពេល​នៅ​កន្លែអ៊ូរអរ
-មិនចេះចង្អុល រឺមិនចេះ​ប្រាប់​ឪពុកម្តាយ នៅពេល​ដែល​ពួកគេ​ចង់បាន​អ្វីមួយ ប៉ុន្តែពួកគេនឹង​ចាប់ដៃ​អ្នកដទៃ អោយ​យក​របស់​នោះជំនួស
-និយាយ​​ភាសា​អ្វី​ដែល​ស្តាប់​មិន​បាន​
-ចូលចិត្ត​ធ្វើត្រាប់​តាមតុក្កតា
-មិនសូវដើរ​តាម​ធម្មតាទេ តែចូលចិត្ត​លោតៗ របៀបដើរចុងជើង
-មិនចេះ​ទំពារ​អាហារ រឺពិបាក​ក្នុងការ​លេប​ចំណី​អាហារ ។

ប្រសិន​​បើអ្នក​ប្រទះ​ឃើញ​កូន​របស់​អ្នក​មាន​រោគ​សញ្ញាដូចគ្នា រឺមាន​ច្រើន​ដូចអ្វី ដែល​បាន​រៀបរាប់​ខាងលើនេះ សូមប្រញាប់​នាំពួកគេ​ទៅពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ចិត្តសាស្ត្រកុមារ ជៀសវាងហួសពេល ៕

ទស្សនាវីដេអូ​ក្មេង​ដែល​កើតជំងឺអូទីស្សឹម៖

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial