ព្រៃផ្សៃម្ល៉េះ! គ្រាន់តែរកកន្ត្រៃមិនឃើញសោះ ថៅកែចិត្តឬស្យា​​យកទឹកក្តៅដាំពុះ ស្រោច​លើ​​អ្នកបំរើបណ្តាល​​អោយ​រលាក​​តាំង​ពី​​ក្បាល​ដល់ចុងជើង

នារីអ្នកបំរើតាមផ្ទះវ័យ ២១ ឆ្នាំម្នាក់ ត្រូវបានថៅកែស្រោចទឹកក្តៅដាំពុះលើ បណ្តាលអោយរងរបួសធ្ងន់ ។ ហេតុការណ៍នេះ​បានកើត​ឡើង​កាលពីថ្ងៃទី ៧ ខែឧសភា នៅលើកោះបាលី ប្រទេសឥណ្ឌូនេស៊ី ។ យោងតាម​គេហរទំព័រ​ព័ត៌មាន coconuts Bali បានអោយដឹងថា នារីអ្នកបំរើរូបនោះ​មានឈ្មោះថា Eka Febriyanti បាន​ដាក់​ពាក្យបន្តឹង​ទៅប៉ូលីស បន្ទាប់ពី​ហេតុការណ៍នេះបានកើតឡើងបានមួយសប្តាហ៍ ។

ជនរងគ្រោះបានរៀបរាប់ថា ថៅកែរបស់នាងដែល​មានឈ្មោះថា Desak Made Wiratningsing បានប្រើ​នាង​អោយ​រកកន្ត្រៃ ប៉ុន្តែនាងរកមិនឃើញ ។ ថៅកែក៏ខឹងនឹងនាង ហើយក៏បាន​យកឆ្នាំង​ទឹកក្តៅ​ដែល​កំពុងពុះ មកស្រោចពីលើនាង បណ្តាលអោយរលាកធ្ងន់ធ្ងរ តាំងពីក្បាល ខ្នង ដៃ ជើង និងផ្នែកផ្សេងទៀត​នៃរាងកាយ ។ នាងបានបន្តទៀតថា សន្តិសុខយាមផ្ទះ ហើយនឹងប្អូនស្រីចុងរបស់នាង ដែលមានឈ្មោះថា Santi Yuni Astuti ដែលធ្វើការជាអ្នកមើលថែក្មេងនៅក្នុងផ្ទះដែរនោះ ក៏បានយកទឹកក្តៅស្រោច​មកលើនាងដែរ ព្រោះថៅកែ​ចិត្តឬស្យារូបនោះ បានគម្រាមប្អូនស្រីរបស់នាងថា បើនាងមិនធ្វើតាមបញ្ជារទេ នាងក៏នឹងត្រូវទទួលទោសបែបនេះដែរ (ស្រោចទឹកក្តៅលើ) ។

ក្រោយកើតហេតុ នារីរង​គ្រោះ​ក៏បាន​រត់ចេញពីផ្ទះ ហើយស្វែង​រកកន្លែង​ជ្រកកោន​បណ្តោះអាសន្នសិន ។ នាង​បានទៅ​ស្នាក់នៅ​ផ្ទះមិត្តភក្តិ​របស់នាង​នៅឯ​កោះ Nusa Penida ហើយនាង​បានទៅ​ព្យាបាល​នៅ​មន្ទីរពេទ្​យទាហានមួយ ដែល​នៅ​ក្នុងតំបន់នោះ ។ យោងតាមមេធាវីរបស់នារីរងគ្រោះ បានអោយដឹងថាពួកគេបានរៀបចំដាក់ពាក្យប្តឹង ថៅកែ (ឈ្មោះ Desak) Santi (ប្អូនស្រីចុងជនរងគ្រោះ) ហើយនឹងសន្តិសុខយាមផ្ទះរបស់ថៅកែ ។

អ្វីដែលគួរអោយខ្លោចផ្សាថែមទៀតនោះគឺ នារីរងគ្រោះបានមកធ្វើការជាអ្នកបំរើនៅផ្ទះថៅកែចិត្តឬស្យានេះរយៈពេល ៧ ខែហើយ ប៉ុន្តែនាងមិនដែលបានប្រាក់ខែនោះទេ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial