ក្មេងស្រីវ័យ ១៦ ឆ្នាំម្នាក់បានសម្លាប់ខ្លួន បន្ទាប់ពីអ្នកនិយមលេង IG បោះឆ្នោតអោយនាងទៅស្លាប់ ហើយចំណែកអ្នក​ដែលបោះឆ្នោត អាចនឹងជាប់គុករយៈពេល ២០ ឆ្នាំ

មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង នៅប្រទេសម៉ាឡេស៊ី ខណៈពេលដែលមានក្មេងស្រីអាយុ ១៦ ឆ្នាំម្នាក់ បានលោតចុះពីអគារជាន់ទី ៣ មួយកន្លែងនៅតំបន់ Bandar Baru Bata Kawa កាលពីយប់ថ្ងៃទី ១៣ ខែឧសភា កន្លងទៅនេះ ។ បើយោង​តាម​ការ​ចុះផ្សាយ​នៅ​លើ​​​គេហរទំព័រ worldofbuzz បានអោយដឹងថា ក្មេងស្រីវ័យជំទង់នោះ បានសម្រេចចិត្តធ្វើអត្តឃាត បន្ទាប់ពីអ្នកនិយមលេង IG បានធ្វើការបោះឆ្នោត តាមរយៈការជ្រើស (Poll) យកអក្សរ D (die) និង អក្សរ L (Live) ។

ប្រភពដដែលបានបន្តថា បន្ទាប់ពីក្មេងស្រីរងគ្រោះ​បាន​សរសេរអក្សរ D/L នៅលើ Poll អោយអ្នកដែល Follow នាងជ្រើសរើសនោះ លទ្ធផលគឺ អក្សរ D = ៦៩ % ដែលមានន័យថា គាំទ្រអោយនាងទៅស្លាប់ ។ នៅលើគណនី IG របស់ក្មេងស្រីរងគ្រោះបានសរសេរថា «វាពិតជាសំខាន់ខ្លាំងណាស់! សូមជួយជ្រើសរើសជំនួស​ខ្ញុំរវាងអក្សរ D/L» ។  សូមបញ្ជាក់ផងដែរថា ការសរសេររបស់នាងមិនបានបញ្ជាក់ថា D តំណាងអោយ (Die= ស្លាប់) ហើយ​ L តំណាងអោយ (Live =រស់) នោះទេ​ ។ ទន្ទឹមគ្នានេះដែរ ក្មេងស្រីរងគ្រោះក៏បាន​សរសេរនៅ​លើ​ហ្វេសប៊ុករបស់ខ្លួនផងដែរថា «ចង់បញ្ចប់ជីវិតដ៏អាក្រក់​នេះខ្លាំងណាស់ ។ ខ្ញុំពិតជាហត់នឿយណាស់» ។

ក្រោយកើតហេតុ ប៉ូលីសក៏បានពិនិត្យមើលនៅក្នុងទូរស័ព្ទដៃជនរងគ្រោះ ក៏ប្រទះឃើញថាក្មេងស្រីរូបនេះ បានសរសេរសារដ៏ក្តុកក្តួលមួយជាភាសាចិន ទៅកាន់មិត្តរបស់នាង តាមរយៈ Wechat មុននឹងសម្លាប់ខ្លួនផងដែរ ។ បើតាមការ​សន្និដ្ឋាន​របស់​ប៉ូលីស​​បាន​អោយ​ដឹងថា ក្មេងស្រី​ទំនង​ជា​មាន​អារម្មណ៍​ថា​តានតឹងខ្លាំង បន្ទាប់ពីឪពុកចុងរបស់នាង បានរៀបការជាមួយនឹងស្ត្រីជនជាតិវៀតណាមម្នាក់ ដែលរស់នៅប្រទេសសិង្ហបុរី ។ បន្ទាប់ពីរៀបការរួច ឪពុកចុងរបស់នាង ហើយនឹងប្រពន្ធថ្មីរបស់គាត់ កំរមកផ្ទះខ្លាំងណាស់ ។ សាកសពក្មេងស្រីរងគ្រោះ ត្រូវបានគេប្រទះឃើញនៅវេលាម៉ោងប្រហែលជា ៨ យប់ ហើយអ្នកដែលនៅម្តុំនោះ ក៏បានទាក់ទងទៅប៉ូលីស ។ បន្តិចក្រោយមក បងប្រុស​ និងម្តាយក្មេងស្រីរងគ្រោះក៏បានមកដល់កន្លែងហេតុផងដែរ ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រភពព័ត៌មានមួយ ដែលបានចុះផ្សាយនៅលើ Free Malaysia Today បានអោយដឹងថាគណៈកម្មការ Malaysian Communications & Multimedia Commission (MCMC) បាននិយាយថា អ្នកដែលបោះឆ្នោតអោយក្មេងស្រីនេះទៅស្លាប់ ទំនងជាអាចនឹងជាប់គុករយៈពេល ២០ ឆ្នាំ ហើយនឹងពិន័យជាប្រាក់ផងដែរ ប្រសិនបើការស៊ើបអង្កេតរកឃើញថា ពួកគេពិតជាមានចេតនាគាំទ្រ​អោយក្មេង​ស្រី​រងគ្រោះ​​ទៅសម្លាប់ខ្លួនពិតមែន នេះបើតាមច្បាប់ដែលបានចែងនៅប្រទេសម៉ាឡេស៊ី ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial