ចប់៖ ពេទ្យឯកជនដ៏ល្បីឈ្មោះមួយនៅថៃ​ បានចម្លងជំងឺអេដស៍ ទៅអ្នកជំងឺរបស់ខ្លួនដោយចៃដន្យ

មន្ទីរពេទ្យឯកជនឈានមុខគេមួយ នៅទីក្រុងបាងកក បានទទួលសារភាពនូវ​កំហុសរបស់ខ្លួន កាលពីថ្ងៃព្រឹកថ្ងៃសុក្រនេះ ថាពិតជាបានចម្លងមេរោគអេដស៍ទៅកាន់អ្នកជំងឺមហារីកម្នាក់ ដោយចៃដន្យនៅក្នុងអំឡុងពេលចាក់បញ្ជូលឈាម ។ រឿងហេតុដ៏អាក្រក់នេះ ត្រូវបានផ្ទុះឡើងក្រោយពេលអ្នកជំងឺម្នាក់ បានប្រាប់ទៅកាន់អ្នកផ្សព្វផ្សាយព័ត៌មាន​ថា ខ្លួន​បានឆ្លងមេរោគអេដស៍ពីមន្ទីរពេទ្យ Bumrungrad នៅក្នុងអំឡុង​ពេល​ដែល​ធ្វើការ​ព្យាបាល​ជំងឺមហារីក​នៅទីនោះ ។

បន្ទាប់ពី​ផ្ទុះរឿងដ៏អាក្រក់នេះ ខាងមន្ទីរពេទ្យក៏បាន​ទទួល​ស្គាល់​នូវ​កំហុសរបស់ខ្លួន ហើយនឹងបានសុំទោសជាសាធារណៈផងដែរ ។ តបមកខាងអ្នកសារព័ត៌មាន មន្ទីរពេទ្យបាន​និយាយថា «មន្ទីរពេទ្យ​ពិត​ជាមាន​ការសោកស្តាយយ៉ាងខ្លាំង នូវអ្វីដែលបានកើតឡើងចំពោះអ្នកជំងឺរបស់ខ្លួន»។ មន្ទីរពេទ្យដែល​ជាប់​​ចំណាត់ថ្នាក់​​ដ៏ល្អបំផុត ហើយនឹងថ្លៃបំផុតនៅក្នុងប្រទេសថៃនោះ បានអោយដឹងថា​ មូលហេតុ​ដែល​​បណ្តាល​​អោយ​អ្នកជំងឺ​ឆ្លងមេរោគនោះគឺ ជា​ការចៃដន្យ​នៅពេលដែលបញ្ជូលឈាមអោយអ្នកជំងឺ ព្រោះថាឈាម​ដែល​យក​មកពី​កាកបាទក្រហមនោះ មានផ្ទុកមេរោគអេដស៍ ហើយមេរោគនោះមិនត្រូវបានគេរកឃើញទេ នៅពេលដែលគេបរិច្ចាគទេ ។

ខាងមន្ទីរពេទ្យបានបន្តទៀតថា «នៅក្នុងករណី​ដែល​អ្នកបរិច្ចាគ ទើបតែឆ្លងមេរោគអេដស៍ថ្មីៗ គេមិនអាចធ្វើតេស្តរកវាឃើញទេ ព្រោះថាចំនួន​របស់វាគឺ​នៅមិនទាន់គ្រប់គ្រាន់នៅឡើយ​ ។ ទោះបីជាយ៉ាងណា​ក៏ដោយ​​ករណីនេះ​គឺកម្រនឹងមានខ្លាំងណាស់» ។ ជាទូទៅ​​មេរោគអេដស៍នេះ អាចនឹងរកឃើញ​ក្នុង​រយៈពេល ១ ទៅ ២ សប្តាហ៍ ក្រោយពេលអ្នកជំងឺឆ្លងជំងឺនេះ ។ ទោះបីជាយ៉ាងណាក៏ដោយ ករណីដ៏កម្រនេះក៏បានកើតមានឡើងចំពោះអ្នកជំងឺវ័យ ២៤ ឆ្នាំម្នាក់ ដែលមានឈ្មោះថា Takeru Noppasin Jin ដែលជាជំងឺមហារីកឈាម និង​បានឆ្លងមេរោគអេដស៍ពីមន្ទីរពេទ្យ Bumrungrad ។

នៅក្នុងកិច្ចសម្ភាសន៍មួយ បុរសកូនកាត់ថៃ-ជប៉ុន​រូបនោះ​បាន​ប្រាប់​អោយដឹងថា ខ្លួនចាប់ផ្តើមព្យាបាល​ជំងឺមហារីក​ដោយគីមី​ពីឆ្នាំ ២០០៤ នៅអាយុ ៩ ឆ្នាំ ។ មន្ទីរពេទ្យបានប្រាប់ថា ខ្លួននឹងត្រូវព្យាបាល ១៤ ដំណាក់កាល ដែលត្រូវបង់​ថ្លៃព្យាបាល​អស់យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ រហូតមកដល់ការ​ចាក់​បញ្ជូលឈាមលើកទី ១២ បានធ្វើ​អោយគាត់មានជំងឺរបេង និងជំងឺផ្សេងៗទៀត ។ ក្រោយមកទៀត​គ្រូពេទ្យបានប្រាប់ថា គាត់បាន​ឆ្លង​មេរោគអេដស៍​ពីអ្នកបរិច្ចាគម្នាក់ ដែលអ្នកបរិច្ចាគរូបនោះគឺ​ជាប៉ូលីស ប៉ុន្តែមិនស្គាល់ឈ្មោះទេ​ ហើយអ្នក​បរិច្ចាគ​រូបនោះ​បាន​ស្លាប់កាលពីប៉ុន្មានឆ្នាំមុនបាត់ទៅហើយ ។

ក្រុមគ្រួសាររបស់ Takeru ដំបូង​ឡើយ​បាន​រៀបចំ​ដាក់​ពាក្យបណ្តឹង ដើម្បីប្តឹង​ខាងមន្ទីរពេទ្យ ប៉ុន្តែក្រោយមក​ក៏បោះ​បង់ចោល​វិញ ដោយសារតែ​ខាងមន្ទីរពេទ្យ​សន្យារ​ថានឹង​ទទួល​ខុសត្រូវ​លើថ្លៃព្យាបាលទាំងស្រុង ។ គ្រួសាររបស់ Takeru បានបន្ថែមទៀតថា ក្រោយមក​មន្ទីរពេទ្យបានបញ្ឈប់ផ្តល់​​ការព្យាបាល បន្ទាប់ពីកូនប្រុសរបស់គាត់ បានព្យាយាម​ស្វះស្វែង​រកថ្នាំបុរាណផ្សេងៗទៀត​ដើម្បីជួយព្យាបាល ។

ទោះបីជាយ៉ាងណាក៏ដោយ​មន្ទីរពេទ្យ Bumrungrad បានធ្វើការជំទាស់ទៅនឹងការចោទប្រកាន់ ដោយនិយាយថាខ្លួននៅតែបន្តជួយព្យាបាល Takeru ។ ខាងមន្ទីរពេទ្យបានលើកឡើងថា «ពួកយើងបានទទួលខុសត្រូវចំពោះការព្យាបាល ហើយនឹងប៉ះពាល់ផ្សេងទៀត ដែលបណ្តាលមកពីការឆ្លងនេះ ដែលគិតជាទឹកប្រាក់មានចំនួនរាប់លានបាតឯណោះ» ។ មន្ទីរពេទ្យថែមទាំងបញ្ជាក់ថា «មន្ទីរពេទ្យចង់បញ្ជាក់ថា នឹងនៅតែបន្តផ្តល់ការថែទាំដ៏ល្អបំផុតដល់អ្នកជំងឺនេះ» ។

ប្រភព៖ khaosodenglish

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial