ស្ត្រីម្នាក់ខ្វាក់ភ្នែក ដោយសារតែប្រើ makeup ហួសថ្ងៃកំណត់

យោងតាមការចុះផ្សាយនៅលើ theasianparent បានអោយដឹងថា មាន​ស្ត្រីវ័យ ៥០ ឆ្នាំជនជាតិអូស្ត្រាលីម្នាក់ បានខ្វាក់ភ្នែកដោយសារតែប្រើ makeup ហួសថ្ងៃកំណត់ ។ ប្រភពព័ត៌មានដដែលបានបន្តថា ស្ត្រីរងគ្រោះមានឈ្មោះថា Shirley Potter គាត់មិនដែលប្រើ makeup ទេ ប៉ុន្តែថ្ងៃមួយនៅពេលដែលគាត់ចេញទៅក្រៅជាមួយកូនស្រីរបស់គាត់នោះ គាត់ក៏សម្រេចចិត្តលាបគ្រឿងសម្អាងដែលគាត់ទិញជាយូរណាស់មកហើយ ។

ស្អែកឡើងប្តីរបស់គាត់ បានប្រទះឃើញភ្នែកទាំងគូរបស់គាត់ឡើងក្រហម ហើយអ្នកស្រី Shirley បានប្រាប់ប្តីគាត់ថា គាត់ឈឺភ្នែកទាំងសងខាង ។ ដោយទ្រាំមិនបានអ្នកស្រីក៏សម្រេចចិត្តទៅមន្ទីរពេទ្យភ្នែក គ្រូពេទ្យនៅទីនោះបានរកឃើញថា ភ្នែករបស់គាត់ទាំងសងខាង​បានឆ្លងមេរោគ ។ អ្នកស្រីបានប្រាប់គ្រូពេទ្យភ្នែកថា គាត់បានប្រើគ្រឿងសម្អាងដែលទិញយូរហើយ គាត់មិនសូវដែលបានប្រើទេ ។ ជាសំណាងអាក្រក់ ដែលគ្រូពេទ្យបានប្រាប់ថា ភ្នែករបស់គាត់ឆ្លងមេរោគធ្ងន់ធ្ងរ ហើយមិនអាចព្យាបាលបានទេ ។ ភ្នែករបស់គាត់នឹងចាប់ផ្តើមងងឹតបន្តិចម្តងៗរហូតមើលលែងឃើញតែម្តង ។

អ្វីដែលអ្នកគួរដឹង៖
-លាងសំអាតដៃមុនពេលចាប់កាន់គ្រឿងសំអាង ជាពិសេសប៉ុងផាត់ម្សៅត្រូវតែលាងសំអាត រឺឧស្សាហ៍ប្តូរថ្មី ។
-អនុវត្តតាមការណែនាំដែលមាននៅលើប្រអប់គ្រឿងសំអាង ។
-ជៀសវាងប្រើគ្រឿងសំអាងចូលគ្នាជាមួយអ្នកដទៃ ។
-រក្សាគ្រឿងសំអាងរបស់អ្នកនៅកន្លែងត្រឹមត្រូវ កន្លែងត្រជាក់ រឺកន្លែងស្ងួត ។
-កុំប្រើគ្រឿងសំអាងដែលបើកចោលរយៈពេល ១ ឆ្នាំ រឺក៏ហួសថ្ងៃកំណត់ ព្រោះបាក់តេរីអាចរីកលូតលាស់ និងបង្កអោយមានការឆ្លងមេរោគតាមរយៈគ្រឿងសំអាងចាស់ៗ ។
-បិទគំរបគ្រឿងសំអាងអោយបានជិតល្អ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial