ដល់ម្លឹងផង! អ្នកវិទ្យាសាស្ត្ររកឃើញថា យំដោយសារ​តែ​សង្សារចាស់ អាចជួយ​ធ្វើអោយ​អ្នកស្រកទំងន់

មនុស្សជាច្រើន បាន​​ព្យាយាម​លាក់បាំង​អារម្មណ៍​ឈឺចាប់​របស់ពួកគេ ដោយសារតែខ្លាចមនុស្សជុំវិញខ្លួន និយាយថា​ពួកគេជា​មនុស្សទន់ជ្រាយ រឺជាមនុស្សខ្សោយ ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្របានបង្ហាញថា ពេញមួយ​ជីវិត​មនុស្សយើង​​យំជាមធ្យម បើគិតទៅប្រហែលជា ១៦ ហ្គាល្លុង (gallon) កន្លះ ។  ថ្វីត្បិតតែ​​មនុស្សភាគ​ច្រើន​​គិតថា ការយំគឺជា​ការ​បង្ហាញ​នូវភាព​​ទន់ខ្សោយ រឺអារម្មណ៍ទន់ជ្រាយ ប៉ុន្តែការ​ពិត​ទៅ​មិនមែន​បែបនោះទេ ការយំ នៅពេល​ដែលអ្នកតានតឹងនោះ គឺជួយ​ធ្វើអោយ​ផ្លូវចិត្ត​​របស់​អ្នកធូរស្រាលខ្លះ ។

ទន្ទឹមគ្នានេះផងដែរ យោងតាម​របាយការណ៍​ថ្មីមួយ​របស់អ្នកវិទ្យាសាស្ត្រ បានអោយដឹងផងដែរថា ការយំអាចជួយអោយស្រកទំងន់ ព្រោះវាបន្ថយកំរិត cortisol (វាផ្សារភ្ជាប់ទៅនឹងការធាត់លើសទំងន់) ។ ជាធម្មតាទេការបែកគ្នា ធ្វើ​អោយអ្នក​ទទួលអារម្មណ៍ឈឺចាប់ រំជួលចិត្ត ហេងហាង និងមានអារម្មណ៍ថាបាត់បង់អ្វីម្យ៉ាង ដែលពិបាកនឹងបរិយាយ ។ ទោះបីជាមនុស្សម្នាក់ៗ​នឹង​ប្រឈមមុខ​នឹង​ស្ថានភាព​ខុសគ្នា​ក៏ពិតមែន ប៉ុន្តែអារម្មណ៍ឈឺចាប់ដូចគ្នានេះ ក៏នឹងវិវត្តទៅជាការធ្លាក់ទឹកចិត្ត ក្រោយបែកគ្នា រឺមនុស្សខ្លះទៀត អាចនឹងរកវិធីធ្វើបាបខ្លួន ក៏ដូចជាគិតខ្លីជាដើម ។ ចំណែកមនុស្សខ្លះពេលបែកគ្នា​មិនយំទេ តែបែរជ្រើសរើសការញុំាមកបន្ធូរអារម្មណ៍ទៅវិញ ដែលជាហេតុនាំអោយឡើងទំងន់ ។

យោងតាមវេជ្ជបណ្ឌិត Pete Sulack បាននិយាយថា ការយំ គឺជាវិធីដ៏ល្អ​ក្នុងការ​កាត់បន្ថយ​កំរិតនៃ​ការស្ត្រេស ហើយនឹង​ភាពតានតឹង​នៅក្នុងរាងកាយ ។ ការយំ​ក៏​អាច​ជួយ​កាត់បន្ថយកម្រិត cortisol ដែល​អាច​ជួយ​ក្នុង​ការ​សម្រកទំងន់ផងដែរ ។ បើតាមរបាយការណ៍របស់ popsugar បាន​សរសេរ​អំពី​ការ​បកស្រាយ​របស់លោក​វេជ្ជបណ្ឌិត Pete Sulack ថា ទឹកភ្នែកចេញពី អារម្មណ៍ស្ត្រេស មានផ្ទុកអ័រម៉ូន​ជាច្រើន​ដូចជា អ័រម៉ូ Prolacin អ័រម៉ូន adrenocorticotropic ហើយនឹង leukine enkephalin ដែល​ត្រូវបាន​បង្កើតឡើង ដោយរាងកាយរបស់មនុស្សយើង នៅពេលដែល​វា​ទទួល​រងនូវភាពតានតឹង ។ លោកវេជ្ជបណ្ឌិត​បានបញ្ជាក់​ប្រាប់ទៀតថា កំចាត់អ័រម៉ូន adrenocorticotropic ពិតជាអាច​ជួយ​បន្ថយ​កម្រិត cortisol នៅក្នុងខ្លួន ។

យោងតាម​​របាយការណ៍របស់ New York Times បានសរសេរ​អំពីការ​សិក្សា​មួយ​​ដែល​ធ្វើ​ឡើង​ដោយមជ្ឈមណ្ឌល​ St. Paul-Rasmey Medical ដែលដឹកនាំ​ដោយអ្នកជីវវិទូ គឺលោក Dr. William H. Frey បានរកឃើញថាការយំ គឺដូចគ្នាទៅនឹងការបែកញើស រឺការនោមផងដែរ វាអាចជួយបំបាត់ជាតិពុល ដែលបង្កគ្រោះថ្នាក់ និងបំបាត់​អ័រម៉ូនស្ត្រេស ។ លោកវេជ្ជបណ្ឌិត​ថែមទាំង​បាន​រក​ឃើញ​ទៀតថា ទឹកភ្នែកដែល​ហូរចេញ​ពីអារម្មណ៍ផ្លូវចិត្ត គឺមានអ័រម៉ូនស្ត្រេស តែទឹកភ្នែកដែលហូរ​ចេញ​ពី​ការ​ហាន់ខ្ទឹមបារាំង គឺគ្មានអ័រម៉ូនស្ត្រេសទេ ។ ពេលវេលាដ៏ល្អ​បំផុត​ក្នុងការ​យំនោះ​គឺរវាងម៉ោង ៧យប់ និង ម៉ោង ១០ យប់ ជាពេល​ដែល​មនុស្សភាគ​ច្រើន​កំពុង​ទស្សនារឿងភាគ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial