សាហាវ៖ ស្ត្រីអ្នកទេសចរណ៍សូឡូម្នាក់ ត្រូវបានគេចាប់រំលោភ ហើយសម្លាប់ចោល​នៅលើឆ្នេរសមុទ្រដ៏ល្បីមួយ នៅប្រទេសថៃ

ស្ត្រីជនជាតិអាឡឺម៉ង់ ដែលជាអ្នកទេសចរណ៍សូឡូម្នាក់ (ចូលចិត្តធ្វើដំណើរកំសាន្តតែម្នាក់ៗឯង) ត្រូវបានគេប្រទះឃើញ​សាកសព​នៅលើ​ឆ្នេរសមុទ្រដ៏ល្បីមួយនៅ​ប្រទេសថៃ ។ យោងតាមការធ្វើកោសល្យវិច្ឆ័យ បានអោយដឹងថាស្ត្រីរូបនោះ ត្រូវបានគេរំលោភ ហើយសម្លាប់ចោល ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០១៩ នៅលើឆ្នេរសមុទ្រ Koh Sichang ។

អ្នកនាំពាក្យប៉ូលីសបានអោយដឹងថា​​​ ស្ត្រីរងគ្រោះមានអាយុ ២៧ ឆ្នាំ នៅលើដងខ្លួនរបស់នាង មានស្នាមវាយដំយ៉ាងឃោរឃៅ រហូតដល់ស្លាប់ ។ សាកសពនារីរងគ្រោះ ត្រូវបានជនដៃដល់យកទៅលាក់នៅក្រោមគំនរស្លឹកឈរ និងថ្ម ។ ទោះបីជាយ៉ាងណាក៏ដោយ នៅវេលាម៉ោង ៨ យប់ ថ្ងៃដដែល ប៉ូលីសក៏បានចាប់ឃាត់ខ្លួនបុរសវ័យ ២៤ ឆ្នាំម្នាក់ នៅក្នុងផ្ទះរបស់បុរសនោះ ដោយសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងករណីនេះ ដោយសារតែអាវបុរសនោះមានស្នាមប្រលាក់ឈាម ។

អ្នកនាំពាក្យប៉ូលីសម្នាក់ទៀត​ បានបញ្ជាក់ប្រាប់ថា ជនសង្ស័យភ័យខ្លាចថានារីរងគ្រោះនឹងយករឿងនេះ ទៅប្រាប់ប៉ូលីស ដូច្នេះជនសង្ស័យក៏បានយកថ្មវាយទៅលើសៀតផ្កា និងមុខរបស់នារីរងគ្រោះ ។ ក្រោយមកជនសង្ស័យនោះ ក៏ព្រមទទួលសារភាពពីទោសកំហុសរបស់ខ្លួន ហើយនឹងបានបញ្ជាក់ប្រាប់ទៀតថា ខ្លួនបានប្រើប្រាស់ថ្នាំញៀនមុនពេលដែលប្រព្រឹត្តបទល្មើសនេះ ។

យោងតាមការសារភាពបានអោយដឹងថា បុរសនោះបានឃើញនារីរងគ្រោះ ដែលជាភ្ញៀវទេសចរណ៍ជាលើកដំបូង នៅពេលដែលនាងមកជួលម៉ូតូសំរាប់ជិះ​នៅលើកោះ ។ បុរសនោះបានព្យាយាម និយាយលេងជាមួយនារីរងគ្រោះ ប៉ុន្តែត្រូវបាននាងប្រកែកមិននិយាយលេងជាមួយ ដូច្នេះហើយទើបធ្វើអោយជនដៃដល់នោះកើតចិត្តខឹង ហើយតាមនារីរងគ្រោះរហូតដល់លើភ្នំ Phra Chulachomklao ហើយក៏ចាប់រំលោភនាងតែម្តង ។ ជនដៃដល់ក៏ត្រូវបាន​គេ​ចោទប្រកាន់ពី​បទឃាតកម្មរំលោក និងលាក់បាំងសាកសព ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial