ក្មេងស្រីអាយុ ៤ ឆ្នាំម្នាក់ស្លាប់បាត់បង់ជីវិត ក្រោយពេល​ជាប់នៅក្នុងឡាន ៩ ម៉ោង

មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង នៅចំកណ្តាលទីក្រុងនៃប្រទេសចិន ក្រោយពេលដែលក្មេងស្រីអាយុ ៤ ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងឡាន ។ យោងតាមការចុះផ្សាយនៅលើ The Star បានអោយដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះថា Qiqi មុនពេលកើតហេតុ នាងត្រូវបានឪពុកជិះឡានជូនទៅសាលារៀន ប៉ុន្តែនៅពេលដែលដល់មុខសាលា គាត់រវល់តែនិយាយទូរស័ព្ទ មិនបានមើលកូនស្រីថាចុះពីលើឡានឬនៅទេ លុះពេលនិយាយទូរស័ព្ទចប់ គាត់ក៏បន្តដំណើរទៅមុខទៀត ដោយមិនបានដឹងទាល់តែសោះ ថាកូនស្រីនៅក្នុងឡាននៅឡើយទេ ។​

លុះ​ទៅ​ដល់​គោលដៅ​របស់គាត់ ឪពុក​រូបនោះ​ ក៏​​បាន​​យក​ឡាន​​ទៅចត​នៅក្នុង​ចំណតរថយន្ត បន្ទាប់មកក៏ចាក់សោរ ហើយដើរទៅបាត់ទៅ ដោយគាត់មិនបាន​ឃើញ​កូន​ស្រី​របស់គាត់នៅក្នុងឡានទេ​ ។ ពិតជា​មិន​គួរអោយជឿទាល់តែសោះ!

៩ ម៉ោងក្រោយមក ម្តាយក្មេងស្រី​​ក៏​​បាន​​ទៅ​​ទទួល​​កូន​​ចេញ​​ពីសាលារៀន ទើបដឹងថាកូនស្រីរបស់គាត់ មិនបានមករៀនទេថ្ងៃនេះ ។ ទំរាំ​ដឹង​​ថា​​កូន​ស្រី​​នៅ​​ក្នុង​​រថយន្ត​គឺ​ហួស​ពេល​បាត់​ ៩ ម៉ោងទៅហើយ ។

ទោះបីជា​យ៉ាង​ណាក៏​ដោយ ឪពុកក្មេងស្រីរងគ្រោះ បានទាមទារ​​អោយ​សាលារៀន​រួម​ចំណែកខុស ទៅលើករណីដ៏រន្ធត់នេះ ព្រោះនៅពេលនោះ ហេតុអ្វីបានជា​សាលារៀន​មិន​បាន​បញ្ជូនដំណឹង​ប្រាប់គាត់​ថា កូនស្រីរបស់គាត់អនុវត្តមានទេ បើប្រាប់ពេលនោះ ម្ល៉េះកូនស្រីរបស់គាត់មិនស្លាប់បែបនេះទេ ។ ឪពុករូបនោះបាននិយាយថា «គ្រូបង្រៀនដល់ទៅ ៣ នាក់ នៅមើលថែក្មេងៗមិនដល់ ២០នាក់ផង ក្នុងមួយថ្នាក់ៗ ហេតុអ្វីបានជាពួកគេមិនដឹងថា តើសិស្សមួយណា​មិន​បាន​មករៀន?»

យោង​តាម​របាយការណ៍​ ប៉ូលីស​បានអោយដឹងថា ចុងក្រោយសាលារៀន ក៏យល់ព្រម​បង់​សង​ជំងឺ​ចិត្ត​នូវ​ទឹកប្រាក់ចំនួន 32,000 យន់ ទៅកាន់គ្រួសារក្មេងស្រីរងគ្រោះ ដើម្បីបញ្ចប់រឿង ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial