ដាស់តឿន​ដល់​អ្នក​លេប​ថ្នាំ​សម្រក​ទំងន់​ទាំងឡាយ៖ គ្រូបង្រៀន​ម្នាក់ ស្លាប់​ដោយសារ​គាំងបេះដូង បន្ទាប់ពីលេបថ្នាំសម្រកទំងន់

មនុស្សស្រីតែងតែ ស្រលាញ់រាងស្រលូន ស្គមៗ ដូច្នេះទើបពួកគេព្យាយាមរកវិធីសម្រកទំងន់ ដោយការតមអាហារ ហាត់ប្រាណ រឺខ្លះទៀត ដោយការលេបថ្នាំសម្រកទំងន់ជាដើម ។ ទោះបីជាយ៉ាងណាក៏ដោយ សំរាប់វិធីសម្រកទំងន់ដោយការលេបថ្នាំ ពិតជាអាចប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ ប្រសិនបើ​ពួកគេ​មិន​បាន​ដឹង​ច្បាស់​ពី​ស្ថាន​ភាព​សុខភាព​របស់ខ្លួន ជាពិសេសសំរាប់​អ្នក​ដែល​មាន​បញ្ហាបេះដូង គឺត្រូវ​បាន​គេ​ហាមដាច់​ខាត​មិន​អោយ​លេបថ្នាំសម្រកទំងន់ទេ ព្រោះវា​អាច​ធ្វើ​អោយ​មាន​ការគាំងបេះដូង​ស្លាប់ ។ ជាក់​ស្តែង​រឿង​នេះ​បាន​កើត​ឡើង​នៅឯប្រទេស​ថៃ បើយោង​តាម​សេចក្តី​រាយ​ការណ៍​មួយ​បាន​អោយ​ដឹងថា អ្នក​គ្រូ​បង្រៀន​នៅ​សាលាឯកជន​មួយ​កន្លែង បាន​ស្លាប់​បន្ទាប់​ពី​បាន​លេបថ្នាំ​សម្រក​ទំងន់រួច ។

យោងតាម​សំដី​ប៉ូលីស​ប្រចាំ​តំបន់​នោះ​បាន​ប្រាប់​អោយ​ដឹងថា ជន​រងគ្រោះ​មាន​ឈ្មោះថា Chalida Watanasin អាយុ ៣២ ឆ្នាំ មុខ​របរ​ជា​គ្រូបង្រៀន ។​ សាក​សព​ជនរង​គ្រោះ​ត្រូវ​បានប្រទះឃើញ​នៅវេលាម៉ោង ៨៖៤៥ នាទីព្រឹក ថ្ងៃពុធ (១០ មេសាម្សិលមិញ) ដោយឪពុករបស់គាត់ ។ បើតាមសំដីលោក Somkiart បានប្រាប់ថា គាត់បានចូលទៅដាស់កូនស្រីរបស់គាត់ ព្រោះម៉ោងជាង ៨ ព្រឹកហើយនៅមិនទាន់ក្រោកទៀត ស្រាប់តែគាត់ភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលដឹងថាកូនស្រីរបស់គាត់បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។​ យោង​តាម​ប្រភព​ព័ត៌មានដដែលបានបន្តថា មុនថ្ងៃកើតហេតុ ស្ត្រីជនរងគ្រោះបានទៅលេងឪពុក និងកូនប្រុសរបស់ខ្លួន នៅឯស្រុក Muang ខេត្ត Trang ហើយនៅថ្ងៃនោះផងដែរ ស្ត្រីរងគ្រោះក៏បានលេបថ្នាំសម្រកទំងន់ មុនពេលចូលគេង ហើយវាក៏ត្រូវគេជឿថាស្ត្រីរងគ្រោះបានស្លាប់ដោយសារគាំងបេះដូង ។ បន្ទះថ្នាំសម្រកទំងន់ ត្រូវបានគេរកឃើញនៅក្នុងបន្ទប់របស់នាង តែបាត់ថ្នាំពីរគ្រាប់ ដែលមានន័យថា នាងទើបតែលេបបាន ២ គ្រាប់ប៉ុណ្ណោះ ។

គ្រូពេទ្យ​ដែល​បាន​ចុះ​មក​ពិនិត្យ​មើល​សាក​សព​របស់នាង បាន​និយាយ​ថា​រាងកាយ​របស់នាង គ្មានស្នាមរបួសទេ ប៉ុន្តែនៅ​ក្នុង​មាត់​របស់​នាង​មាន​បែក​ពពុះ ។ បន្ទាប់ពី​ពិនិត្យ​យ៉ាង​ល្អិតល្អន់រួចហើយ គ្រូពេទ្យជឿជាក់ថា Chalida ស្លាប់ប្រហែលជា ៦ ទៅ ៨ ម៉ោង មុន​ពេល​ដែល​ឪពុករបស់នាងប្រទះឃើញ ។  ស្របគ្នានេះដែរ បើតាមសំដី​មិត្តភក្តិ​ជន​រងគ្រោះ​បាន​ប្រាប់​ប៉ូលីស​អោយដឹងថា ជនរងគ្រោះ​ទើប​តែ​ចាប់ផ្តើម​លេបថ្នាំ​សម្រក​ទំងន់​កាល​​ពី​ថ្ងៃទី ៥ ខែ មេសានេះទេ ។ ទោះបី​ជាយ៉ាងណា​ក៏ដោយ សាកសព​របស់​ជន​រងគ្រោះ​ត្រូវ​បាន​គេបញ្ជូន​ទៅកាន់ Songkla Nagarind Hospital នៅក្នុងស្រុក Hat Yai ខេត្ត Songkhla ដើម្បីធ្វើកោសល្យវិច្ឆ័យបន្ថែមទៀត ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial