សម្រាប់អ្នកមានបញ្ហាជ្រុះសក់ កុំភ្លេចសាកល្បងវិធីងាយៗទាំង ១០ ដូចខាងក្រោមនេះ

មានមនុស្សជាច្រើនមានបញ្ហាជាមួយនឹងការជ្រុះសក់ ។ បញ្ហាជ្រុះសក់នេះអាចបណ្តាលមកពីអាយុកាន់តែចាស់ឡើងៗ ស្ត្រេសខ្លាំង ស្ត្រីមានផ្ទៃពោះ រឺសម្រាលកូនរួច ញុំាអាហារ រឺលេបថ្នាំជាតិវីតាមីន A ច្រើនពេក កង្វះប្រូតេអ៊ីន ការប្រែប្រូលនៃអ័រម៉ូនស្ត្រី គេងមិនលក់ កង្វះវីតាមីន B ជាដើម ។ សម្រាប់អ្នកមានបញ្ហាជ្រុះសក់គួរដឹងពីវិធីថែទាំសក់មួយចំនួនដូចខាងក្រោម៖

១. អ្នកគួរតែថ្នមសក់របស់អ្នក ដោយសិតសក់ថ្នមៗ ហើយយឺតៗ កុំកន្ត្រាក់ ។

២. នៅពេលដែលសក់សើម កុំយកកន្សែងពោះគោ​ត្រដុសសក់ខ្លាំងៗពេក ។

៣. កុំចងសក់របស់អ្នកជាមួយនឹងកៅស៊ូតឹងពេក ។

៤. កុំលាងជម្រះសក់ជាមួយនឹងទឹកក្តៅ ត្រូវលាងសក់ជាមួយនឹងទឹកត្រជាក់បន្ទាប់ពីកក់សក់រួច ព្រោះគល់សក់ប្រែជាទន់ខ្សោយនៅពេលដែលត្រូវទឹកក្តៅ ។ ការកក់សក់ដោយប្រើទឹកក្តៅវាធ្វើអោយសក់ស្ងួត ហើយស្តើង និងងាយធ្វើអោយជ្រុះសក់ (បញ្ហានេះយើងឃើញកើតមានឡើងជាញឹកញាប់សម្រាប់ស្ត្រីដែលសម្រាលកូនរួច ដោយពួកគាត់កក់សក់ជាមួយនឹងទឹកក្តៅ) ។

៥. ជ្រើសរើសប្រភេទសាប៊ូអោយត្រូវនឹងប្រភេទសក់របស់អ្នក ។​​

៦. កុំសិតសក់របស់អ្នកនៅពេលដែលសក់សើម ព្រោះសក់មានសភាពទន់ខ្សោយនៅពេលដែលសើម​ ដូច្នេះវាងាយនឹងជ្រុះ រឺខូចសក់ ។

៧. ប្រើក្រាសសិតសក់ប្រភេទទន់ ហើយមានចន្លោះធំៗ ។

៨. ទុកអោយសក់ស្ងួតទៅតាមដំណើរ ។ ប្រើម៉ាស៊ីនផ្លុំសក់យូរៗសក់នឹងស្ងួត និងបែកចុង ហើយជ្រុះ។

៩. ព្យាយាមម៉ាស្សាស្បែកក្បាលជាមួយនឹងប្រេងធម្មជាតិ ដូចជាប្រេងដូង រឺប្រេងអូលីវជាដើម ដើម្បីជំរុញដល់ការដុសលូតលាស់នៃសក់ ។

១០. សាកល្បងជាមួយនឹងប្រទាលកន្ទុយក្រពើក៏បានដែរ ដោយលាបវាទៅលើស្បែកក្បាល ហើយម៉ាស្សាថ្នមៗ ទុកចោលរយៈពេល ១០ នាទីលាងទឹកចេញ ។

រូបមន្តកាត់បន្ថយសក់ជ្រុះតាមបែបឥណ្ឌា
បុកស្លឹកស្តៅពូតយកទឹក លាយជាមួយនឹងទឹកខ្មេះផ្លែប៉ោម (apple cider vinegar) រួចលាងសក់របស់អ្នកជាមួយវា ។ រូបមន្តមួយនេះមិនត្រឹមតែកាត់បន្ថយការជ្រុះសក់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយកាត់បន្ថយការឡើងប្រេងស្បែកក្បាល និងការកើតអង្គែផងដែរ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial