ខ្លាំងបាត់! ទារលេខកូដសំងាត់ទូរស័ព្ទមិនព្រមអោយ ដុតប្តីទាំងរស់

យោងតាមការចុះផ្សាយនៅលើគេហរទំព័រព័ត៌មានរបស់ប្រទេសឥណ្ឌូនេស៊ីមួយដែលមានឈ្មោះថា Tribun Jambi បានអោយដឹងថា មានបុរសម្នាក់ត្រូវបានប្រពន្ធដុតទាំងរស់ បន្ទាប់ពីឈ្លោះគ្នារឿងលេខកូដសំងាត់ទូរស័ព្ទ ។ បើតាមសាក្សីដែលបានឃើញហេតុការណ៍នេះ បានប្រាប់អ្នកយកព័ត៌មាន Tribun Jambi ថា មុនពេលកើតហេតុគេឃើញ ប្តីប្រពន្ធមួយនេះបានឈ្លោះប្រកែកគ្នា បន្ទាប់ពីស្ត្រីដែលជាប្រពន្ធទារលេខកូដសំងាត់ទូរស័ព្ទរបស់ប្តី ។

ទោះបីជាយ៉ាងណាក៏ដោយ បុរសជនរងគ្រោះរូបនោះបានប្រកែកដាច់អហង្ការ មិនព្រមអោយទេ ដូច្នេះជម្លោះក៏ផ្ទុះកាន់តែខ្លាំងឡើង រហូតឈានដល់ការប្រើអំពើហឹង្សាលើគ្នា ដោយជនរងគ្រោះបានវាយប្រពន្ធរបស់គាត់មុន ។ ដោយទប់កំហឹងមិនបានស្ត្រីជាប្រពន្ធ ក៏ស្ទុះទៅយកដបប្រេងកាតជះទៅលើប្តី ហើយដុតទាំងរស់តែម្តង ។ ក្រោយឃើញហេតុការណ៍ដ៏រន្ធត់បែបនេះ ប្រជាជនដែលរស់នៅក្បែរខាងនោះ ក៏នាំគ្នាប្រញាប់ប្រញាល់ជួយពន្លត់ភ្លើង ហើយបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យដែលនៅជិតនោះ ។

គួរអោយសោកស្តាយខ្លាំងមែនទែន ដោយសារតែជនរងគ្រោះរងរបួសធ្ងន់ពេក គាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃបន្ទាប់​ ។ យោងតាមប្រភពព័ត៌មានដដែល បានបន្តថាស្ត្រីជាប្រពន្ធត្រូវបានប៉ូលីសចាប់ខ្លួន ហើយនឹងត្រូវផ្តន្ទារទោសទៅតាមផ្លូវច្បាប់ផងដែរ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial