ប្រេងសំបកក្រូចថ្លុងជួយការពារសក់ជ្រុះ និងជួយធ្វើអោយសក់មានពន្លឺ (វិធីធ្វើប្រេងសំបកក្រូចថ្លុង)

ជាធម្មតានៅពេលដែលយើងកក់សក់ រឺសិតសក់ នោះសក់របស់យើងនឹងមានការជ្រុះ ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើសក់របស់អ្នកជ្រុះច្រើនជាង ១០ សរសៃនោះ វាច្បាស់ណាស់ថាមិនមែនជារឿងធម្មតានោះទេ ។ បច្ចុប្បន្ននេះមានមនុស្សជាច្រើនកំពុងជួបនឹងបញ្ហាជ្រុះសក់នេះ សំរាប់អ្នកដែលចង់សន្សំសំចៃ ហើយចង់បានរូបមន្តធម្មជាតិ តោះសាកល្បងជាមួយនឹងប្រេងសំបកក្រូចថ្លុង ។

មុនពេលយើងប្រាប់ពីរបៀបធ្វើសំបកក្រុចថ្លុង យើងខ្ញុំសូមរៀបរាប់អំពីអត្ថប្រយោជន៍របស់វាជាមុនសិន ។ ប្រេងសំបកក្រូចថ្លុង ត្រូវបានគេចាត់ទុកថាជាថ្នាំព្យាបាលសក់ជ្រុះ ដោយសារតែវាមានផ្ទុកសារធាតុ pectin (ធាតុរំអិល), naringin, peroxydaza និង amylaza, ramoza sugar, វីតាមីន A និង វីតាមីន C ។ ដែលសារធាតុទាំងនេះគឺល្អសម្រាប់ស្បែកក្បាល និងជួយបំបាត់បាក់តេរីពីស្បែកក្បាលផងដែរ ។ ដូច្នេះម៉ាស្សាស្បែកក្បាលជាមួយនឹងប្រេងសំបកក្រូចថ្លុង នឹងជួយរំញោចសក់អោយដុះលូតលាស់បានលឿន ។ វាក៏ជួយចិញ្ចឹមសក់ ធ្វើអោយសក់មានសុខភាពល្អតាំងពីគល់ដល់ចុងសក់ ។

ខាងក្រោមនេះជាវិធីធ្វើប្រេងសំបកក្រូចថ្លុង៖
-លាងក្រូចថ្លុងអោយស្អាត ចិតសំបកវាតូចៗល្មម បន្ទាប់មកដាក់ចូលទៅក្នុងឆ្នាំង ចាក់ទឹក ១ លីត្រចូល ។ យកវាទៅរំងាស់រយៈពេល ១០ នាទី (កុំបើកភ្លើងខ្លាំងពេក) បិទភ្លើងទុកវាអោយត្រជាក់បន្តិច យកកន្ត្រងដួសយកសំបកក្រូចថ្លុងចេញពីក្នុងឆ្នាំង (សង្កត់លើសំបកក្រូចថ្លុងដើម្បីអោយហូរទឹកអោយអស់) ។ នៅពេលដែលប្រេងសំបកក្រូចថ្លុងត្រជាក់ ចាក់ចូលទៅក្នុងដបទុកប្រើប្រាស់ ។

អ្នកអាចលាងសក់របស់អ្នកជាមួយនឹងទឹកសំបកក្រូចថ្លុងនោះ រឺក៏បាញ់វាទៅលើសក់​រួចយកដៃទៅម៉ាស្សានៅលើស្បែកក្បាលថ្នមៗ រយៈពេល ៥នាទី នោះសក់របស់អ្នកនឹងកាត់បន្ថយការជ្រុះបន្តិចម្តងៗ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial