ក្មេងប្រុសអាយុ ៧ ខែម្នាក់បានស្លាប់បាត់បង់ជីវិត ក្រោយពេលដែល​អ្នកមើលថែក្មេង ធ្វើអោយរងរបួសក្បាលធ្ងន់ធ្ងរ

យោងតាមការចុះផ្សាយនៅលើ NST បានអោយដឹងថា មានក្មេងប្រុសអាយុ ៧ ខែម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពេលដែលអ្នកមើលថែទាំក្មេងបានធ្វើអោយរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ ។ ប្រភពដដែលបានអោយដឹងទៀតថា ទារកត្រូវបានគេប្រទះឃើញថាបានសន្លប់ និង​មាន​ការ​ហូរឈាម​ចេញ​តាម​ច្រមុះថែមទៀតផង ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងផ្ទះរបស់អ្នកមើលថែទាំក្មេង ដែលមានទីតាំងនៅ Kampung Setia ប្រទេសម៉ាឡេស៊ី ។

យោងតាមម្តាយក្មេងប្រុសរងគ្រោះបានអោយដឹងថា ម្តាយរបស់ទារកបានទៅផ្ទះរបស់អ្នកមើលថែក្មេងនៅវេលាម៉ោងប្រហែល ១២ និង ១៥ នាទី ថ្ងៃត្រង់ នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១៩ ស្រាប់តែមានការភ្ញាក់ផ្អើលជាខ្លាំង ដោយប្រទះឃើញភ្នែកខាងស្តាំរបស់ទារកមានស្នាមជាំ ។ភ្លាមៗស្ត្រីជាម្តាយរូបនោះ បានទូរស័ព្ទទៅប្តីរបស់នាង (ឪពុកក្មេងប្រុសរងគ្រោះ) ។ ទាំងពីរនាក់ប្តីប្រពន្ធក៏ប្រញាប់នាំកូនទៅមន្ទីរពេទ្យឯកជនមួយកន្លែង ដើម្បីអោយគ្រូពេទ្យពិនិត្យមើលពីស្ថានភាពរបស់កូន ។ ដោយសារសភាពរបស់ក្មេងប្រុសធ្ងន់ធ្ងរពេក ទើបត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ Kuala Lumpur វិញ ។ ទោះបីជាយ៉ាងណាក៏ដោយ ក្មេងប្រុសរងគ្រោះមិនអាចសង្គ្រោះអាយុជីវិតបានទេ រូបគេបានបាត់បង់ជីវិតត្រឹមតែប៉ុន្មាននាទីក្រោយពេលដឹកដល់មន្ទីរពេទ្យ ។

យោងតាមសំដីឪពុកក្មេងប្រុសរងគ្រោះបានអោយដឹងថា កូនរបស់គាត់មានសុខភាពល្អធម្មតាទេ ។ ក្រោយពីធ្វើកោសល្យវិច្ច័យ ទៅលើសាកសពក្មេងប្រុសរងគ្រោះ លទ្ធផលបានបង្ហាញថាទារកបានស្លាប់ដោយសារតែ រងរបួសក្បាល និងមានការហូរឈាមនៅផ្នែកខាងក្នុង ដែលបណ្តាលមកពីការដួល រឺធ្លាក់ ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រភពព័ត៌មាន​មិនបានបញ្ជាក់ថា ស្ត្រីអ្នកមើល​ថែទាំ​ក្មេង​នោះ​ត្រូវ​បាន​គេ​ចាប់​ឃាត់​ខ្លួន​រឺ​អត់​នោះទេ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial