ខ្លាចកូនស្រីធំឡើងមានកំពស់ទាប ម្តាយម្នាក់ទិញថ្នាំ​កាល់ស្យូម​កិន​លាយ​ជាមួយ​ទឹកដោះ​អោយកូនផឹកជារៀងរាល់ថ្ងៃ ចុងក្រោយកើតជំងឺ…

កាលពីថ្ងៃទី ២២ ធ្នូឆ្នាំ ២០១៨ មានក្មេងស្រីអាយុជិត​ ២ ឆ្នាំ ម្នាក់ត្រូវបានម្តាយប្រញាប់ប្រញាល់បញ្ជូនមកកាន់មន្ទីរពេទ្យ បន្ទាប់ពីប្រទះឃើញទឹកនោមរបស់នាង ដែលនោមចេញមកនោះមានលាយជាមួយឈាម ។ ក្រោយធ្វើការពិនិត្យអេកូ គ្រូពេទ្យបានរកឃើញថា តម្រងនោមរបស់នាងមាន​គ្រួសចំនួន ៩ គ្រាប់ ដែលមានទំហំធំបំផុង ២ សង់ទីម៉ែត្រ ។

យោងតាម​ការសរសេរ​នៅលើ Guang Ming បានអោយដឹងថា គ្រួសតម្រងនោមចំនួន ២-៣ គ្រាប់ បានរាំងស្ទះផ្នែកខាងលើ និងផ្នែកខាងក្រោមនៃបំពង់ទឹកនោម ដែលជាហេតុធ្វើអោយ​ចាល់​ទឹក​នៅ​ក្នុង​​តម្រងនោម ធ្វើអោយតម្រងនោមឡើងប៉ោងខ្លាំង ។ ក្រៅពីនេះទៀតមុខងារតម្រងនោម របស់នាងក៏ចាប់ផ្តើមបង្ហាញនូវរោគសញ្ញាមិនធម្មតាមួយចំនួនផងដែរ ។ បើយោងតាមអាយុ និងស្ថានភាពរបស់នាង គ្រូពេទ្យមិនអាចយល់បានទេថា មូលហេតុអ្វីបានជានាងមានជំងឺគ្រួសនៅក្នុងតម្រងនោមនេះ ។ យោងតាមសំដីម្តាយក្មេងស្រីបានអោយដឹងថា ការពិតទៅកូនរបស់អ្នកស្រី កើតមកមិនគ្រប់ខែទេ ហើយខ្លួនរបស់នាងតូចខ្លាំងណាស់ បើប្រៀបនឹងក្មេងដទៃទៀត ដែលមានអាយុដំណាល់នាង ។

ដោយភ័យខ្លាចថា កូនស្រីនឹងមានកំពស់ទាប និងលូតលាស់មិនបានល្អដូចគេឯង ទើបអ្នកស្រីសម្រេចចិត្តទិញថ្នាំគ្រាប់​កាល់ស្យូម ហើយកិនវាអោយម៉ត់ មុននឹងលាយជាមួយនឹងទឹកដោះគោអោយកូនរបស់អ្នកស្រីបៅ ។ អ្វីដែលធ្វើអោយគ្រូពេទ្យស្រឡាំងកាំងនោះគឺ អ្នកម្តាយដ៏ឆ្លាតវៃម្នាក់នេះ បានអោយកូនញុំាថ្នាំគ្រាប់កាល់ស្យូមលាយជាមួយទឹកដោះគោនេះ តាំងពីនាងមានអាយុទើបតែ ១០ ថ្ងៃម្ល៉េះ ។ នៅពេលដែលកូនស្រីមានអាយុ ១០ ខែហើយ នៅតែមិនទាន់មានធ្មេញទៀតនោះ ធ្វើអោយអ្នកស្រីមានការព្រួយបារម្ភជាខ្លាំង ហើយអ្នកស្រីគិតថាកូនអ្នកស្រីច្បាស់ជាមានជំងឺខ្វះជាតិកាល់ស្យូមខ្លាំង ។

ដូច្នេះអ្នកស្រីក៏​បានទិញ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម និងប្រេងត្រី ពីឳសថស្ថានមកអោយកូនលេប ។ ការផ្តល់ថ្នាំគ្រាប់មិនត្រឹមត្រូវនេះ ជាហេតុ​នាំ​អោយ​កូនរបស់អ្នកស្រី​ កើតមាន​គ្រួស​នៅក្នុង​តម្រងនោម ។ ជាសំណាងល្អដែលការវះកាត់យកគ្រួសតម្រងនោមចេញទទួលបានជោគជ័យ ហើយគ្រូពេទ្យក៏បានផ្តល់ការណែនាំមិនអោយក្មេងស្រីលេបថ្នាំគ្រាប់ទាំងនោះទៀតទេ ។ គ្រូពេទ្យថែមទាំងបានរំលឹកដល់ឪពុកម្តាយទាំងអស់គ្នាថា សូមកុំផ្តល់អាហារបំប៉នបន្ថែមទៅទារកដែលមានអាយុតិចជាង ៦ ខែ ត្រឹមតែទឹកដោះគោមួយមុខគឺល្អបំផុតហើយសម្រាប់ទារក ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial