រឿងដ៏កម្របំផុត​នៅក្នុងលោក៖ ស្ត្រីអ្នក​ជំងឺ​សន្លប់បាត់ស្មារតី (Coma) រយៈពេល ១០ ឆ្នាំម្នាក់ ស្រាប់តែឆ្លងទន្លេ ប៉ូលីសអះអាង​ថានេះ​គឺជា​ករណីចាប់រំលោភ

កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៨ មានរឿងដ៏​ភ្ញាក់ផ្អើល​មួយបាន​កើតឡើង នៅ​មណ្ឌល​​ថែរក្សា​​អ្នក​ជំងឺ​​ដែល​​សន្លប់​រយៈពេលវែង (Coma)មួយកន្លែងនៅសហរដ្ឋអាមេរិក​ បន្ទាប់​ពីអ្នកជំងឺស្រីម្នាក់ ដែល​សន្លប់​រ​យៈពេល ១០ ឆ្នាំទៅហើយនោះ ស្រាប់តែ​ឆ្លង​ទន្លេបាន​កូនប្រុសម្នាក់ ។ យោងតាម The Guardian បានអោយដឹងថា ហេតុការណ៍​នេះ​​បានកើត​ឡើងនៅ​ក្នុងរដ្ឋ Arizona នៅសហរដ្ឋអាមេរិក ។

វាហាក់បី​ដូចជា​មិនទំនងទាល់​តែសោះ​ដែលថា អ្នកមើល​ថែទាំអ្នកជំងឺ មិនបាន​ដឹង​ពីការមានផ្ទៃពោះរបស់នាង រហូតទាល់​តែ​នាង​​ចាប់ផ្តើម​​សំរាលកូន ។ បើតាម​សេចក្តី​រាយការណ៍​នៅលើ Daily Mail បានអោយដឹងថា ទារកដែល​កើត​ចេញពីស្ត្រី Coma ម្នាក់នោះ​មិន​ដក​ដង្ហើមនោះទេ ដែលមានន័យថា ទារកប៊ិះនឹង​ត្រូវស្លាប់ ក្រោយ​ពេល​កើត​មកភ្លាម ។ ទោះបីជា​យ៉ាងណា​ក៏ដោយ បន្ទាប់​ពីធ្វើ​ការសង្គ្រោះបន្ទាន់ ទាំងទារក និងម្តាយក៏ឆ្លងផុតគ្រោះថ្នាក់ ប៉ុន្តែម្តាយ​នៅតែ​សន្លប់បាត់ស្មារតី (Coma) ។

ទន្ទឹមនឹងនេះផងដែរ ក្រុមគ្រួសារ​ជនរងគ្រោះ មានការខឹង​សម្បារ​ជាខ្លាំង​ចំពោះ​ហេតុការណ៍ដ៏អាក្រក់នេះ ដោយចោទ​ប្រកាន់ថា​ នេះគឺជា​កំហុសនៃការ​ធ្វេសប្រហែសអោយកើតរឿងនេះឡើង ហើយនេះគឺ​ជា​ករណី​រំលោភ​បំពានផ្លូវភេទ ដែល​កើត​មាន​ឡើង​នៅ​កន្លែង​មើល​ថែ​ទាំ​អ្នកជំងឺនោះតែម្តង ។ បើយោង​តាម​សំដី​មេធាវី​គ្រួសារជនរងគ្រោះ បានអោយដឹងថា ទារក​ដែល​ទើប​នឹងកើតមកនោះ ត្រូវបាន​ក្រុមគ្រួសារ​​យក​ទៅ​ផ្ទះចិញ្ចឹម​ ។ ពួកគាត់​នឹងស្រលាញ់ ហើយមើលថែ និងផ្តល់​ភាព​កក់ក្តៅ​ដល់​ទារក​នោះ​អោយ​បាន​ល្អជា​ទីបំផុត ។

បន្ទាប់ពី​ហេតុ​ការណ៍​នោះ​បាន​កើតឡើង ប៉ូលីសក៏​បាន​ចាប់ផ្តើម​បើក​ការស៊ើប​អង្កេត​លើករណីរំលោភបំពានផ្លូវភេទ ហើយ​ប៉ូលីស​ក៏បាន​ធ្វើតេស្ត DNA គ្រប់បុគ្គលិកប្រុសៗ​ដែល​ធ្វើការ​នៅក្នុងមណ្ឌល​ថែទាំ​ទាំងអស់គ្នា ។ ប៉ូលីស​បានអះអាងថា នឹង​រក​មុខ​ជន​ល្មើស​អោយឃើញ ដើម្បីផ្តល់យុត្តិធម៌អោយស្ត្រីរងគ្រោះ ៕

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial