អ្វីជាជំងឺបាក់ទឹកចិត្ត? តើវាគួរអោយខ្លាចកំរិតណា? តោះទៅស្វែងយល់ទាំងអស់គ្នា

វាគឺជារឿងធម្មតានោះទេ ដែលម្តងម្កាលមនុស្សយើងក៏ មានអារម្មណ៍មិនល្អ រឺមិនសប្បាយចិត្តនោះ ប៉ុន្តែប្រសិនបើអារម្មណ៍នេះ វានៅតែតាមអ្នកជារៀងរាល់ថ្ងៃនោះ ហើយតែងតែកើតមានឡើង​ជាញឹកញាប់ នោះវាអាចជាសញ្ញានៃ​ជំងឺការធ្លាក់ចិត្ត ។ ការធ្លាក់ទឹកចិត្ត​​គឺជា​​ព្រឹត្តការណ៍​នៃភាព​សោកសៅ រឺស្មារតីមិនល្អ​ដែល​វា​មកជា​មួយរោគសញ្ញា​ផ្សេងទៀត ដែលកើតឡើងម្តងៗ មានរយៈ​ពេល​យ៉ាង​ហោច​ណាស់ ២ សប្តាហ៍ជាប់គ្នា ហើយ​រាល់ពេល​ដែល​វាកើត​ឡើងម្តងៗ វានឹង​បង្អាក់​សកម្មភាព​ប្រចាំថ្ងៃ​របស់អ្នកជំងឺ ។

ជំងឺធ្លាក់ទឹកចិត្ត វាមិនមែន​ជា​សញ្ញានៃ​ភាពទន់ជ្រាយ ឬមាន​បុគ្គលិក​លក្ខណៈ​​អវិជ្ជមានទេ ។ រោគសញ្ញា​ចម្បងនៃ​ជំងឺធ្លាក់ទឹកចិត្ត​គឺ​អារម្មណ៍​សោកសៅឥតដែនកំណត់ ឬបាត់បង់​ចំណាប់អារម្មណ៍នៅក្នុងជីវិត ។ សកម្មភាពដែលធ្លាប់រីករាយ ក៏លែងមាន ។ អ្នកជំងឺធ្លាក់ទឹកចិត្ត តែងតែត្រូវបាន​លង​បន្លាច​ដោយអារម្មណ៍ ហាក់ដូចជា​មានកំហុស រឺ អារម្មណ៍ដែល​គិតថា​ខ្លួនឯង​គ្មាន​តម្លៃសោះឡើយ ។ គ្មានអ្នកណាយល់ចិត្ត ពួកគេ​តែងតែ​មាន​អារម្មណ៍​បាត់បង់ក្តីសង្ឃឹម ហើយ​ចេះ​តែមានអារម្មណ៍ថា មានតែការ​ស្លាប់​​មួយ​គត់ ​ដែល​អាច​​ធ្វើ​អោយ​​ពួកគេ​​គេចផុត​​ពី​ស្រមោល​ដ៏ខ្មៅ​នោះបាន ។

ក្រៅពី​អារម្មណ៍នេះហើយ អ្នកជំងឺបាក់ទឹកចិត្ត​តែងតែ​មាន​អាការៈ​ផ្សេងទៀត ដែល​កើតមាន​ឡើងនៅលើ​រាងកាយ​របស់ពួកគេដូចជា ហេវហត់ គ្មាន​កំលាំងកំហែង​ទាល់តែសោះ ។ ដេកមិនលក់ ជាពិសេស​តែងតែ​ភ្ញាក់នៅ​ពេលទាបភ្លឺ ។ ដេកច្រើននៅពេលថ្ងៃ តែដេកតិចនៅពេលយប់ ។ មានអារម្មណ៍ឈឺចាប់មិនចេះចប់ដូចជា ឈឺក្បាល រមួលក្រពើ ឈឺក្រពះ ទោះព្យាបាលក៏មិនជា ។ ជំងឺធ្លាក់ទឹកចិត្ត អាចធ្វើ​អោយ​ប៉ះពាល់​ដល់​បញ្ហា​សុខភាព​ដទៃទៀត ហើយវា​កាន់តែអាក្រក់ថែមទៀតផង ជាពិសេសវាធ្វើអោយឈឺរុំារ៉ៃ ។ ជំងឺផ្សេងៗ នឹងត្រូវបានធូរស្រាលប្រសិនបើ ជំងឺបាក់ទឹកចិត្តជាសះស្បើយ ។

ការបាត់បង់ការចង់ញុំាអាហារ ក៏ជារោគសញ្ញានៃជំងឺបាក់ទឹកចិត្តផងដែរ ។ ការផ្លាស់ប្តូរចំណង់អាហារ ឬក៏សុខៗស្រាប់តែ​​ស្រកទំងន់ ក៏ត្រូវបានគេកត់សម្គាល់ថាជាជំងឺធ្លាក់ទឹកចិត្តដែរ ។ ផ្ទុយពីនេះ មានអ្នកជំងឺមួយភាគតូច ស្រាប់តែចូលចិត្តញុំាជាងសព្វដង ញុំាយ៉ាងណាក៏មិនឆ្អែត ។ ប្រសិនបើគ្មានការព្យាបាលទេនោះ ជំងឺធ្លាក់ទឹកចិត្តនេះ នឹងធ្វើអោយប៉ះពាល់ដល់អាជីពការងារ ចំណង់ចំណូលចិត្ត និងទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ។ អ្នកដែលទទួលរងនូវជំងឺធ្លាក់ទឹកចិត្តនេះ ជារឿយៗមានការលំបាកក្នុងការប្រមូលផ្តុំអារម្មណ៍ និងពិការក្នុងការសម្រេចចិត្ត ។ ពួកគេបានងាកចេញពីសកម្មភាព ដែលពួកគេធ្លាប់ចូលចិត្តធ្វើពីមុន រួមទាំងការរួមភេទផងដែរ ។ នៅក្នុងករណី​ធ្ងន់ធ្ងរ​អ្នកជំងឺ​ធ្លាក់ទឹក​ចិត្ត​អាច​នឹង​ក្លាយ​ជា​ម​នុស្ស​ដែល​គិត​តែ​ពី​ចង់​ស្លាប់​អោយផុតៗ ។

មនុស្សដែលទទួលរងនូវជំងឺធ្លាក់ចិត្ត តែងតែគិតចង់ធ្វើអត្តឃាត ។ សញ្ញាព្រមានរួមមានទាំងការនិយាយអំពីការស្លាប់ (ខ្ញុំដូចគិតថាការស្លាប់ងាយស្រួលជាងសម្រាប់ខ្ញុំ… ខ្ញុំចង់ស្លាប់អោយផុតពីលើលោកនេះ… មានតែការស្លាប់ទេដែលអាចជួយខ្ញុំបាន… -ល-)។ ក្រៅពីគិតដល់ការសម្លាប់ខ្លួនហើយនោះ មានអ្នកជំងឺខ្លះទៀតមានគំនិតចង់ធ្វើបាបអ្នកដទៃផងដែរ ។ ការពិតទៅវេជ្ជបណ្ឌិតភាគច្រើន នៅមិនទាន់អាចរកឃើញពីមូលហេតុដែលបណ្តាលអោយមានជំងឺធ្លាក់ទឹកចិត្តនេះនៅឡើយទេ ប៉ុន្តែអ្វីដែលពាក់ព័ន្ធធំបំផុតនោះគឺ ការផ្លាស់ប្តូររចនាសម្ព័ន្ធ និងមុខងារគីមីនៅក្នុងខួរក្បាល ។

នៅពេលដែល មានជំងឺធ្លាក់ទឹកចិត្ត វាធ្វើអោយ​មុខងារខួរក្បាល ដែលគ្រប់គ្រងអារម្មណ៍​ មិនអាចធ្វើការបាន។ ថ្នាំដែល​ព្យាបាល​ជំងឺ​ធ្លាក់ទឹកចិត្ត ត្រូវបាន​គេជឿថា​​នឹង​​ធ្វើ​អោយ​​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​​រវាង​កោសិកា​សរសៃប្រសាទ ដែល​​ធ្វើអោយ​ពួកវា​​ដំណើរ​ការ​​បាន​តាម​ធម្មតាវិញ ។អ្នកជំនាញ​ក៏បានគិតផងដែរថា នៅពេលដែលមានអារម្មណ៍ ​ភាពតានតឹង (ស្ត្រេស) ចំពោះអ្វីម្យ៉ាងខ្លាំង ជាពិសេស​ដូចជា​​ការ​បាត់បង់​មនុស្សជា​ទីស្រលាញ់ អាច​ជា​ដើមហេតុ​ដែល​បណ្តាលអោយ​មាន​ជំងឺធ្លាក់ទឹកចិត្តដំបូងបំផុត ហើយវានឹងវិវឌ្ឍន៍ទៅរកភាពខុសប្រក្រតី ។ កត្តាផ្សេងទៀតអាច​រួមមាន​ថ្នាំលេប​ព្យាបាល​ជំងឺមួយចំនួន ការផឹកគ្រឿងស្រវឹង ឬគ្រឿងញៀន ការផ្លាស់ប្តូរអ័រម៉ូន ឬសូម្បីតែ​ផ្លាស់ប្តូរអាកាសធាតុក៏ដោយ ។

ជំងឺនេះភាគច្រើន កើតមានឡើងនៅលើ​ស្ត្រីដែលទើបនឹងសម្រាលកូនរួច ។ ទោះបីជាយ៉ាងណាក៏ដោយ ជំងឺនេះក៏អាចកើតមានឡើងទៅលើកុមារ រឺមនុស្សវ័យជំទង់ផងដែរ ។ នៅសហរដ្ឋអាមេរិច ជំងឺធ្លាក់ទឹកចិត្តបាន​ជះឥទ្ធិពល​ទៅលើ​សិស្សសាលា ២% ហើយអាច​កើតមាន​ឡើងចំពោះ ក្មេងជំទង់ម្នាក់​ក្នុង​ចំណោម ១០ នាក់ ។ ក្មេងដែល​ទទួលរងនូវជំងឺនេះ ពិបាកក្នុងការរាប់អានអ្នកដទៃ ។ ភាគច្រើនពួកគេ ផ្តាច់ខ្លួនចេញពីក្មេងៗដទៃទៀតតែម្តង ។

រោគសញ្ញាមានលក្ខណៈស្រដៀងគ្នាទៅនឹង ជំងឺធ្លាក់ទឹកចិត្តនៅលើមនុស្សធំដែរ ប៉ុន្តែក្មេងមួយចំនួន​នឹងបង្ហាញ​នូវ​អាការៈឆាប់ខឹងច្រឡោត ពិបាកនិយាយគ្នា រឺពួកគេចូលចិត្តធ្វើសកម្មភាពប្រថុយប្រថាននានា​ ។ ទោះបីជាយ៉ាងណាក៏ដោយ ជំងឺធ្លាក់ទឹកចិត្តនេះពិបាកក្នុងការធ្វើរោគវិនិច្ឆ័យ នៅពេលដែលវាកើតឡើងនៅលើកុមារ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial