លេងសើចហួសព្រំដែន៖ ក្មេងប្រុសអាយុ ៤ ឆ្នាំម្នាក់ប៊ិះនឹងត្រូវស្លាប់ ដោយសារតែជាប់គាំងនៅក្នុងម៉ាស៊ីនបោកគក់

ថ្មីៗនេះមានរឿងហួសចិត្តមួយបានកើតឡើងនៅឯទីក្រុង Petaling Jaya នៃប្រទេសម៉ាឡេស៊ី ខណៈពេលក្មេងប្រុសម្នាក់ បានជាប់គាំងនៅក្នុងម៉ាស៊ីនបោកគក់ ដោយសារតែពូរបស់គេបានដាក់គេចូលទៅក្នុងម៉ាស៊ីននោះលេង ។ យោងតាម​ប្រភពព័ត៌មាន​​មួយបាន​អោយ​ដឹងថា​ មុនពេលកើតហេតុក្មេងប្រុស បានកន្លែងបោកគក់ ២៤ ម៉ោង មួយកន្លែង ជាមួយនឹងម្តាយ ហើយនឹងពូរបស់គេ ។

នៅក្នុងអំឡុង​​ពេល​​កំពុង​បោកគក់នោះ ពូរបស់ក្មេងប្រុស​​ក៏​បាន​ញាត់ក្មួយ ចូលទៅក្នុងម៉ាស៊ីន​បោក​គក់លេង ប៉ុន្តែការលេងសើច​មួយនេះ ក៏បាន​ប្រែក្លាយ​​ទៅជា​​រឿង​​ដ៏​រន្ធត់​​ទៅវិញ ដោយសារតែ​ម៉ាស៊ីន​បោក​គក់​បិទគំរប ហើយក្មេងប្រុស ជាប់នៅក្នុងម៉ាស៊ីន មិនអាចយកចេញមកវិញបាន ។

ប្រភពព័ត៌មាន​ដដែល​បានបន្តថា ក្មេងប្រុសបាន​ជាប់​នៅក្នុង​ម៉ាស៊ីន​បោកគក់នោះ មួយសន្ទុះធំ ទំរាំបុគ្គលិក​ដែលធ្វើការ​នៅក្នុងភោជនីយដ្ឋានមួយ ដែលក្បែរនោះ មកជួយ​សង្គ្រោះក្មេងប្រុសចេញពីម៉ាស៊ីន ។ បុគ្គលិក​ទាំងនោះ បានវាយ​បំបែក​គំរប​ម៉ាស៊ីន​បោកគក់ ដែលមានតម្លៃជិត ១០០០ដុល្លា ដើម្បីសង្គ្រោះក្មេងប្រុស ។

ជាសំណាងល្អ ដែលគេមកជួយទាន់ពេលវេលា ហើយក្មេងប្រុសក៏គ្មានរបួសអ្វីនោះដែរ គេគ្រាន់តែ​មាន​ការភ័យតក់ស្លុត​​តែប៉ុណ្ណោះ ។ ម្ចាស់ហាង​​មាន​ការ​ភ្ញាក់ផ្អើល​ជាខ្លាំង បន្ទាប់ពីបាន​ដឹងរឿងនេះ ព្រោះនេះជាករណីទី ១ ហើយដែល​កើតមាន​រឿង​បែបនេះឡើង នៅកន្លែង​បោកគក់របស់គាត់។ ទន្ទឹមគ្នានេះដែរ ម្ចាស់ហាងក៏​បានធ្វើការ​ដាស់តឿន ដល់ឪពុកម្តាយ​ដែល​បាននាំកូន ទៅកន្លែងបោកគក់នាៗ អោយមាន​ការប្រុងប្រយ័ត្ន ព្រោះក្មេងៗ​អាចគិត​ថាទីនោះ​គឺជា​កន្លែងក្មេងលេង ហើយពួក​គេអាច​ចូលទៅ​ពួន​នៅក្នុងម៉ាស៊ីនបោកគក់ ដែល​អាច​បង្កជា​គ្រោះថ្នាក់​ដល់ពួកគេ ។

ម្ចាស់ហាងបានលើកឡើងថា «អ្នកដែលមកទីនេះ ដើម្បីប្រើប្រាស់ម៉ាស៊ីនបោកគក់ រឺម៉ាស៊ីនសម្ងួត គួរតែធ្វើតាមការណែនាំ និងច្បាប់ ដែលបានបិទនៅលើជញ្ចាំងស្រាប់ ដើម្បីជៀសវាងជួបរឿងអាក្រក់បែបនេះ» ។

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial