ហួសចិត្ត៖ ស្ត្រីម្នាក់ផ្លោះចូលផ្ទះបុរសម្នាក់ ព្រោះចង់សាកថ្មទូរស័ព្ទ

ថ្មីៗនេះមានរឿង​ដ៏ហួសចិត្ត​មួយបាន​កើតឡើង​នៅប្រទេសថៃ ខណៈពេល​ដែល​ម្ចាស់ផ្ទះ បានរាយការណ៍ថា មានស្ត្រីប្លែកមុខម្នាក់​ បាន​លួច​ផ្លោះ​ចូលផ្ទះរបស់ខ្លួន ដោយ​ហេតុផល​ចង់​សាកថ្មទូរស័ព្ទ ។ យោងតាម​គេហរទំព័រ​ព័ត៌មាន​ប្រទេសថៃ​មួយបាន​អោយដឹងថា កាលពីថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០១៨ វេលាម៉ោង ១១ កន្លះព្រឹក មានអ្នកជិតខាងម្នាក់ បានប្រទះឃើញស្ត្រីប្លែកមុខម្នាក់ បានធ្វើខ្លួនលិបលរ ហើយផ្លោះចេញផ្លោះចូល ពីផ្ទះមួយទៅផ្ទះមួយ។

បុរសរូបនោះបន្តទៀតថា ចុងក្រោយ​នាងក៏​បាន​ផ្លោះចូល​ផ្ទះរបស់ខ្លួន ដោយឃើញបែបនេះ បុរសនោះក៏រត់ទៅមើលយ៉ាងប្រញាប់ ស្រាប់តែគាត់ឃើញនាង អង្គុយសាកថ្មទូរស័ព្ទធ្វើព្រងើយ ។ ឃើញដូច្នេះគាត់​ក៏បាន​សួរទៅ​កាន់នាង​ថាកំពុងធ្វើអ្វី​នៅក្នុងផ្ទះខ្ញុំ? នាងឆ្លើយយ៉ាងខ្លីថា ៖ «កំពុងជ្រកថ្ងៃ» ។ គ្រាន់តែឆ្លើយហើយភ្លាម នាងក៏ស្ទុះយ៉ាងប្រញាប់ប្រញាល់ ផ្លោះរបងចេញមកវិញ ហើយឡើងជិះម៉ូតូរត់គេចខ្លួនបាត់ ។

ទង្វើរបស់នាង បានធ្វើអោយបុរសជាម្ចាស់ផ្ទះមានការ ខឹងសម្បារយ៉ាងខ្លាំង ហើយគាត់ក៏បានសម្រេចចិត្ត បង្ហោះសារនៅលើហ្វេសប៊ុកថា «តើអ្នកមាន​សិទ្ធអី​ដែលហ៊ាន​ផ្លោះរបងផ្ទះអ្នកដទៃ ហើយប្រើភ្លើង​របស់គេ​តាមចិត្តអ្នកបែបនេះ?» បន្ទាប់ពីសាររបស់គាត់ ត្រូវបានគេចែកចាយពេញហ្វេសប៊ុក ស្ត្រីដែល​ជាជន​សង្ស័យរូបនោះ ក៏បានទាក់ទង​មកកាន់​ម្ចាស់ផ្ទះ ដើម្បីធ្វើការសុំទោស ហើយក៏បាន​ទៅប៉ុស្តិ៍ប៉ូលីស​ជាមួយគាត់ ដើម្បីធ្វើរបាយការណ៍ ។

នាងបានអះអាងថា នាងមិនបានគិត​ទុកមុន​ពេល​ធ្វើសកម្មភាពនោះទេ ហើយនាងក៏គ្មានបំណងចូលលុកលុយផ្ទះរបស់គាត់ដែរ ។ ថ្វីត្បិតតែម្ចាស់ផ្ទះមិនជឿជាក់ទាំងស្រុក នូវអ្វីដែលនាងបានសារភាពក៏ពិតមែន ប៉ុន្តែគាត់មិន​បាន​ដាក់​ពាក្យ​បណ្តឹងប្តឹង​នាងអ្វីដែរ គាត់គ្រាន់​តែព្រមាននាង ដោយអោយធ្វើកិច្ចសន្យា ថានឹងមិនប្រព្រឹត្តបែបនេះទៀត ហើយគាត់ថែមទាំងបានដាស់តឿន ដល់អ្នកដទៃទៀតកុំអោយយកគំរូតាមនាង ព្រោះនេះជាទង្វើដ៏អាក្រក់បំផុត ដែលផ្លោះចូលផ្ទះអ្នកដទៃ ដោយគ្មានការអនុញ្ញាត ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial