ស្ត្រីវ័យ ៦០ ឆ្នាំម្នាក់ ស្លាប់ បន្ទាប់ពីញុំាបង្គារួច

កាលពីថ្មីៗនេះ មានហេតុការណ៍ដ៏គួរអោយភ្ញាក់ផ្អើលមួយ បានកើតឡើងនៅប្រទេសសិង្ហបុរី ខណៈពេលដែលស្ត្រីវ័យ ៦០ ឆ្នាំម្នាក់ ត្រូវបានគេរាយការណ៍ថា​បានស្លាប់ បន្ទាប់ពីញុំាបង្គាររួច ។យោងតាម​​ប្រភព​ព័ត៌មាន​បាន​អោយដឹងថា ស្ត្រីចំណាស់​រូបនោះ​​មាន​​ប្រតិកម្ម​​ជាមួយ​​នឹង​បង្គា ហើយ​​នឹង​​អាហារ​​សមុទ្​រដទៃទៀត ប៉ុន្តែគាត់នៅតែញុំាជារឿយៗ ។

យោងតាម​ប្រភព​ព័ត៌មាន​ដដែល​បានបន្តថា នៅមុនថ្ងៃកើតហេតុ ៤ ថ្ងៃ គាត់ ហើយនឹង​មិត្តភក្តិរបស់គាត់ ៤ នាក់ផ្សេងទៀត បានទៅ​ញុំាអាហារ​ថ្ងៃត្រង់ នៅ​ភោជនីយដ្ឋាន​មួយកន្លែង ហើយគាត់​ក៏បាន​ហៅ​ឌីមសាំ​សាច់​បង្គាញុំា ប៉ុន្តែ​គាត់​មិន​មាន​ប្រតិកម្មនោះទេ ។ ដូច្នេះ​ហើយ​ទើប​នៅថ្ងៃកើតហេតុ គាត់ក៏​សម្រេច​ចិត្តថា​ កុម្ម៉ង់បង្គាពីហាងមួយកន្លែង យកមកញុំានៅផ្ទះម្តងទៀត ។

ស្រាប់តែ ២ ម៉ោងកន្លះក្រោយ អ្នកស្រី Khoo ក៏បានត្អូញថា​រមាស់ ហើយ​គាត់​ក៏បាន​លេបថ្នាំប្រឆាំងនឹងប្រតិកម្ម ដែល​ចេញ​វេជ្ជបញ្ជា ដោយវេជ្ជបណ្ឌិត​របស់គាត់ ។ ថ្វីត្បិត​តែគាត់​បានលេបថ្នាំ​រួច​ហើយ​ក៏ដោយ ប៉ុន្តែ​ស្ថានភាព​ប្រតិកម្ម​របស់គាត់ មិនបាន​អន់ថយនោះទេ ។ ផ្ទុយទៅវិញមុខ​របស់​គាត់ចាប់ផ្តើម​ឡើងកន្ទួល ហើយហើមខ្លាំង បន្ទាប់ពី​លេបថ្នាំ​រួចបាន​រយៈ​ពេល ៥ នាទី ។

លុះ ២០ នាទីក្រោយ មកទៀត អ្នកស្រី Khoo ត្អូញថា​ពិបាក​ក្នុងការ​ដកដង្ហើម ហើយរាងកាយរបស់អ្នកស្រី​ចាប់ផ្តើម​ទន់ទៅៗ ។ ឃើញដូច្នេះ អ្នកបំរើ​នៅក្នុងផ្ទះ​របស់​អ្នកស្រី​ក៏បាន​ទូរស័ព្ទហៅភ្នាក់ងារសង្គ្រោះបន្ទាន់ ។ អ្នក​បំរើនៅក្នុងផ្ទះអ្នកស្រី ក៏បាន​ជួយធ្វើ​ចលនាបេះដូង តាមការណែនាំ​ពីអ្នក​ជំនាញ ទំរាំឡាន​សង្គ្រោះបន្ទាន់ទៅដល់ ។

ទោះបី​ជាមាន​ការព្យាយាម​ជួយសង្គ្រោះ​យ៉ាងណា​ក៏ដោយ ក៏អ្នកស្រី​នៅតែមិនដឹងខ្លួន ។ ជាអកុសល ក្រុម​គ្រួសារ​របស់អ្នកស្រី បានប្រាប់​អោយ​ដឹងថា អ្នកស្រីបាន​​ស្លាប់​​បាត់បង់​​ជីវិត​នៅ​វេលា​ម៉ោង ៩៖ ៥០នាទីយប់ ​នៅឯមន្ទីរពេទ្យ ។ យោងតាម​​របាយការណ៍​​គ្រូពេទ្យ​​បាន​អោយ​ដឹងថា​នៅក្នុង​បំពង់​ខ្យល់​​ផ្នែក​​ដើម​​បន្ដ​ពីមាត់ របស់អ្នកស្រី Khoo បាន​ប្រមូល​ផ្តុំ​នូវ​សារធាតុរាវ ហើយ​សួត​របស់​អ្នកស្រី​បានស្ទះ ដែលជា​លទ្ធផល​នៃប្រតិកម្មអាហារ ។

ដូច្នេះអ្នកដែល​មានប្រតិកម្មចំណីអាហារ កុំគិតថាជារឿងធម្មតាៗអោយសោះ ហើយអ្នកក៏​មិនគួរសាកល្បង​ញុំាអាហារ​ទាំងនោះដែរ ព្រោះវា​ពិត​ជា​មានគ្រោះថ្នាក់​ដល់​អាយុជីវិត​របស់អ្នកពិតមែន ប្រសិនបើសង្គ្រោះមិនទាន់ពេលវេលាទេនោះ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial