ខ្លោចចិត្ត៖ ក្មេងប្រុសអាយុ ៣ ឆ្នាំម្នាក់ ត្រូវឪពុកបង្កើតចិត្តតិរិច្ឆាន ធ្វើទារុណកម្ម ដោយបង្អត់អាហារ ហើយចងនៅយ៉រក្រៅផ្ទះ

ថ្មីៗនេះមាន​ហេតុការណ៍​ដ៏ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង​នៅប្រទេសចិន ខណៈពេល​ដែល​មាន​សេចក្តី​រាយការណ៍​មួយបាន​អោយ​ដឹងថា មានក្មេង​ប្រុសអាយុ ៣ ឆ្នាំម្នាក់ ត្រូវបាន​ឪពុក​បង្កើតរបស់ខ្លួន ធ្វើទារុណកម្មបង្អត់អាហារ ហើយចងនៅយ៉រក្រៅផ្ទះ​យ៉ាងវេទនាបំផុត។ ហេតុការណ៍​ដ៏រន្ធត់​នេះបាន​ផ្ទុះឡើង បន្ទាប់ពី​ស្ត្រីម្នាក់​ដែល​ត្រូវជាម្តាយ បាន​ទៅផ្ទះអតីតស្វាមី ដែល​ត្រូវជា​ឪពុក​ក្មេងប្រុសរងគ្រោះ ទើប​ប្រទះ​ឃើញ​កូនប្រុស​របស់ខ្លួន​រងទុក្ខវេទនា​យ៉ាងនេះ ។

បើយោងតាម​សំដី​ស្ត្រី ដែល​ត្រូវ​ជា​ម្តាយក្មេង​ប្រុស​រងគ្រោះ បានអោយ​ដឹងថា នាងមានកូនចំនួន ៣ នាក់ ក្នុងនោះមាន ប្រុស ២ និង ស្រី ១ ប៉ុន្តែនាង ហើយនឹងស្វាមី បានលែងលះគ្នា ដោយ​សារ​តែ​​ស្វាមីរបស់នាង​មានស្រីផ្សេង ។ ហើយ​​កូន​ប្រុស​​ទាំងពីរ​នាក់​របស់នាង ក៏ត្រូវបាន​​តុលាការ​កាត់​​អោយ​​ទៅ​រស់​នៅ​ខាងប្តី ចំណែក​ឯកូន​ស្រី​ ត្រូវរស់នៅជាមួយនាង ។

ស្ត្រីរូបនោះ​បាន​បន្តទៀតថា កូនស្រីរបស់នាង បានយល់សប្តិឃើញ ប្អូនប្រុស (ក្មេងប្រុសរងគ្រោះ) ស្លាប់ បន្ទាប់ពី​លឺសំដី​កូនស្រី​បែបនេះ នាងក៏មាន​ការព្រួយ​បារម្ភ​ចំពោះកូន ដូច្នេះនាងក៏មក​មើលកូន​ប្រុស​នៅផ្ទះខាងប្តី ក៏ប្រទះឃើញ​កូន​ប្រុសពៅ​​របស់ខ្លួន ត្រូវបានឪពុកចងដៃព្យួរឡើងទៅលើ ដោយគ្មានស្លៀកពាក់អ្វីទាំងអស់ ។ ខ្លួនប្រាណ ស្គមសល់តែ​ស្បែក​ហើយនឹងឆ្អឹង ព្រោះតែឪពុកបង្អត់​​មិន​អោយ​ញុំាអាហារ ។ អ្វីដែល​កាន់​តែ​តក់ស្លុត​នោះគឺ ខ្លួនប្រាណ​ក្មេងប្រុសរងគ្រោះ ពោរពេញទៅដោយ​ស្នាមជាំពេញដងខ្លួន ហើយ​ឪពុកក្មេងប្រុស​​បាន​​​យក​ខ្សែភ្លើង​ចងដៃកូន ។

ក្រោយ​ពី​ឃើញ​​ស្ថានភាព​​កូនប្រុស​​របស់​នាង​​បែប​នេះ​ហើយ ស្ត្រីរូបនោះ​​ក៏បាន​​ទូរស័ព្ទ​ទៅ​ប្តឹង​ប៉ូលីស ហើយក៏បាន​​បញ្ជូន​កូន​ទៅមន្ទីរពេទ្យ ដើម្បីព្យាបាល ។ យោងតាម Taiwan news បានប្រាប់អោយដឹងថា ក្រោយពី​អាការៈ​ក្មេងប្រុស​រងគ្រោះបានជា​សះស្បើយ​ហើយនោះ ម្តាយក្មេងប្រុស​ក៏យក​កូន​ទៅ​រស់​នៅជា​មួយវិញ ។

ប្រភពព័ត៌មានដដែលបន្តថា​ ប៉ូលីសបាន​ធ្វើការ​ស៊ើបអង្កេត លើ​ករណី​រំលោភ​បំពាន​លើកុមារ ។ ទោះបីជា​យ៉ាង​ណា​ក៏ដោយ ក្មេងប្រុសអាយុ ៤ ឆ្នាំម្នាក់ទៀត ដែលត្រូវបង ក្មេងប្រុស​រងគ្រោះមិនមាន​ស្នាម​វាយ​ដំអ្វីទេ ។ បើយោង​តាម​សំដី​បុរសវ័យ ២៩ ឆ្នាំ ដែល​ត្រូវជា​ឪពុកក្មេងប្រុស បានសារភាព​​ថា​ ខ្លួនបាន​ដាក់​ទារុណកម្ម​លើកូនប្រុស ដោយសារ​តែគេ​មិនស្តាប់បង្គាប់ ។ ឪពុកក្មេងប្រុសប្រើដៃ និង ស្បែកជើង វាយគូទ និងភ្លៅរបស់គេ ។

ការ​ទុក្ខបុកម្នេញ​ដ៏ឃោរឃៅ​មកលើ​ក្មេង​ប្រុស​រងគ្រោះនេះ ត្រូវបាន​ប្រជាជន​ដែល​រស់នៅ​តំបន់នោះ ស្នើសុំ​អោយ​រដ្ឋាភិបាល​ជួយរក​យុត្តិធម៌​អោយកុមារ និងសុំអោយក្មេងៗ​វិល​ត្រលប់​ទៅរស់នៅ​ជាមួយ​ម្តាយគេវិញ ។ លើសពីនេះទៀត ពួកគេក៏បាន​ទទូច​សុំអោយ​មាន​កាត់ទោសឪពុកតិរិច្ឆាន​រូបនោះ​អោយសម​នឹង​ទង្វើរបស់ខ្លួន ដែលបាន​ធ្វើទៅលើ​កូន​ប្រុស​បង្កើត​ ដែលមានអាយុទើបតែ ៣ ឆ្នាំថែមទៀតផង ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial