ដាស់តឿនដល់ឪពុកម្តាយ បើស្រលាញ់កូន កុំថើបមាត់កូនដាច់ខាត ប្រយ័ត្នកូនកើតជំងឺដូចក្មេងប្រុសនេះ

ថ្មីៗនេះ មានស្ត្រីជាម្តាយម្នាក់ បានបង្ហោះសារដាស់តឿនមួយ ដល់​ឪពុកម្តាយគ្រប់រូប អំពីគ្រោះថ្នាក់ដែល​អ្នកនឹក​ស្មាន​មិនដល់ អំពីការថើបមាត់កូន ។ ស្ត្រីរូបនោះ​បាន​ប្រាប់​អោយ​ដឹងថា កូនប្រុស​របស់​នាង​ស្រាប់តែ​ចេញ​រោគ​សញ្ញា​នៃជំងឺ Herpes បន្ទាប់ពីអ្នកស្រី​ថើបកូន​ ។

យោងតាមការ​រៀបរាប់​របស់​អ្នកស្រី Rachel Faith Badong Sebastian បាន​អោយ​ដឹងថា កូនប្រុសរបស់អ្នកស្រី មានឈ្មោះថា Sky អាយុទើបតែ ២១ ខែ បានចេញរោគសញ្ញាគ្រុនក្តៅ កាលពីយប់ថ្ងៃទី ១ កញ្ញា កន្លងទៅ ។ លុះព្រឹកឡើង កូនរបស់អ្នកស្រីនៅលេងធម្មតាទេ ដូច្នេះអ្នកស្រីក៏មិនបានចាប់អារម្មណ៍អ្វីដែរ ស្រាប់តែយប់ឡើង កូនអ្នកស្រីក៏ឡើងកំដៅកាន់តែខ្លាំងៗ ។

អ្នកស្រី Rachel ក៏បានអោយកូនលេបថ្នាំ Paracetamol មួយគ្រាប់ ។ បន្ទាប់ពីលេបរួចកំដៅកូនរបស់អ្នកស្រីក៏ថយចុះបន្តិច តែមិនបាត់នោះទេ កំដៅនៅតែឡើងនៅពេលពាក់កណ្តាលយប់ ហើយកូនអ្នកស្រីចាប់ផ្តើមលែងឃ្លាន ហើយមិនអាចញុំាអ្វីៗបាន សូម្បីតែបៅទឹកដោះ ។ រហូតមកដល់ថ្ងៃទី ០៣ អាការៈកូនអ្នកស្រីកាន់តែអាក្រក់ៗ ។ ប្តីរបស់អ្នកស្រីក៏ប្រទះឃើញខ្នងកូន មានឡើងកន្ទួលដូចជា ពងបែកយ៉ាងច្រើន ហើយនៅជុំវិញមាត់ក៏មានពងមួយៗដែរ ។

បន្ទាប់ពីបញ្ជូន​កូនទៅ​កាន់មន្ទីរពេទ្យ ទើបគ្រូពេទ្យ​ពិនិត្យឃើញថា កូនប្រុសរបស់អ្នកស្រី បានឆ្លងជំងឺម្យ៉ាងហៅថា Herpes ដែលជាជំងឺរើម ។ គ្រូពេទ្យ​បានប្រាប់ថា ជំងឺនេះឆ្លងតាមរយៈទឹកមាត់ ពេលដែលនរណា​ម្នាក់ថើប ។ គ្រូពេទ្យ​ថែមទាំង​បាន​ពន្យល់​ប្រាប់​ទៀតថា មនុស្សធំ​អាច​មានផ្ទុក​ជំងឺនេះ ប៉ុន្តែ​ពេលខ្លះ​វា​មិនបាន​បង្ហាញ​រោគសញ្ញាទេ ដោយសារតែ​ប្រព័ន្ធភាព​សុំាពួកគេខ្លាំង ។ ផ្ទុយមកវិញ ដោយ​សារ​ប្រព័ន្ធភាពសុំា​របស់​ក្មេង​ទន់ខ្សោយ ដូច្នេះ​ពួកគេទើប​ងាយ​​នឹង​ឆ្លងមេរោគ Herpes នេះណាស់ ។

គ្រូពេទ្យបានអោយ Sky គេងសម្រាកនៅមន្ទីរពេទ្យមួយរយៈ ដើម្បីតាមដានជំងឺបន្តទៀត រហូតទាល់តែ គេជាសះស្បើយពេញលេញ ទើបគ្រូពេទ្យអោយត្រលប់ទៅផ្ទះវិញ ។ ម្តាយរបស់ Sky គ្រាន់តែចង់ចែករំលែក នូវរឿងរ៉ាវនេះដល់ឪពុកម្តាយគ្រប់រូបអោយមានការប្រុងប្រយ័ត្ន កុំអោយនរណាម្នាក់ថើបកូនរបស់អ្នក ជាពិសេសនៅត្រង់មាត់នេះតែម្តង ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial