ក្មេងប្រុសម្នាក់មានអាការៈហូរទឹកភ្នែកលាយឈាម ម្តាយជឿជាក់ថា បណ្តាលមកពី ការមើលទូរស័ព្ទយូរម៉ោងពេក

 

កាលពីថ្មីៗនេះ​ មានស្ត្រីម្នា​ក់ដែលមាន​ឈ្មោះថា Fitri Resita Dewi បាន​ចែក​រំលែក​រឿងរ៉ាវដ៏គួរអោយរន្ធត់មួយ នៅលើ​គណនី​ហ្វេសប៊ុក​របស់នាង ដែល​ទាក់ទង​ទៅនឹង​ការ​លេង​ទូរសព្ទ័របស់ក្មេង ។ ជារឿយៗ​យើង​តែងតែ​លឺពីផលប៉ះ ដែល​បណ្តាល​មកពី​ ការលេងទូរស័ព្ទយូរ ប៉ុន្តែករណីថ្មីមួយនេះ គឺពិត​ជា​រន្ធត់​ខ្លាំង​ណាស់ ដោយសារតែ ស្ត្រីរូបនោះ បានអះអាងថា កូនរបស់នាង មានការហូរ​ទឹកភ្នែក​លាយឈាម ព្រោះសំលឹងមើលទូរស័ព្ទយូរពេក។ តើករណីនេះពិតជាបណ្តាលមកពីការលេងទូរស័ព្ទរឺយ៉ាងណា ?

បើយោង​​តាម​​សរសេរ​​រៀបរាប់​​យ៉ាង​​ក្បោះក្បាយ នៅលើ​គណនី​ហ្វេសប៊ុក​របស់នាង បានអោយដឹងថា ដំបូងឡើយ​​ ភ្នែក​កូនប្រុស​របស់នាង ឡើងក្រហម ហើយ​ហើម​រយៈ​ពេល​ពីរបីថ្ងៃ ប៉ុន្តែ​នាង​​មិន​បាន​​​ចាប់​​​អារម្មណ៍ទេ ហើយ​នាង​​​ក៏ចេះ​​​​តែ​​​បណ្តោយ​ ​អោយ​​កូន​​លេង​តាមធម្មតា ។​ ស្រាប់តែ​ថ្ងៃ​បន្ទាប់​មកទៀត នាងមាន​ការ​តក់ស្លុត​ជាខ្លាំង នៅពេលដែល​ នាង​ប្រទះ​ឃើញ ភ្នែកកូនរបស់នាង មាន​អាការៈ​ហូរ​​ទឹកភ្នែក​​លាយឈាម ។

នាងក៏​​ប្រញាប់​នាំ​កូន​ទៅកាន់​មន្ទីរពេទ្យ ។ នាង​បាន​​និយាយថា «វាពិត​​ជារឿង​ដ៏​​តក់​ស្លុត​​ខ្លាំង​​មែនទែន ​សម្រាប់នាងខ្ញុំ នៅពេល​​ដែល​ភ្នែកកូនរបស់ខ្ញុំ មានអាការៈ​ហូរ​ទឹកភ្នែក​​​លាយ​ឈាម ។ វាជាកំហុសរបស់ខ្ញុំ ដែលខ្ញុំបណ្តោយ អោយកូនលេងទូរស័ព្ទ ដោយមិនបាន​គិតដល់ អំពីផលប៉ះពាល់នៃវិទ្យុសកម្ម ។ ខ្ញុំ​ក៏​ធ្លាប់បាន​​អានព័ត៌មាន​ជាច្រើន ទាក់ទងទៅ​នឹង​​បញ្ហា​ទូរស័ព្ទនេះ ប៉ុន្តែខ្ញុំនៅតែ បណ្តោយ​​អោយ​​កូន​លេង​ធម្មតា តែពេលនេះ វាពិតជា​បានកើតឡើង ចំពោះកូនរបស់ខ្ញុំមែន ។ វាពិតជា​រឿងដ៏គួរ អោយខ្លាច​ខ្លាំង​ណាស់ ។ ខ្ញុំភ័យខ្លាំងណាស់ ហើយក៏បាននាំកូន​ទៅកាន់មន្ទីរពេទ្យ » ។

ជាសំណាងល្អ ដែលស្ថានភាព​ជំងឺកូន​របស់នាង ​​នៅមិនទាន់​ហួសពី ​សមត្ថភាព​របស់គ្រូពេទ្យ​នៅឡើយ ។ បន្ទាប់ពី​គ្រូពេទ្យ​​ពិនិត្យ​​មើលរួចរាល់ ក៏រកឃើញថា មានភ្នាស​​មួយ​បាន​បិទ​​រន្ធ​ភ្នែក ដែលជា​​មូលហេតុ​​នៃការ​​ហូរ​ទឹកភ្នែកលាយឈាមនេះ ។ គ្រូពេទ្យ​បាន​ចាប់ផ្តើម​ធ្វើការព្យាបាល និងបាន​លាង​សម្អាតភ្នែក​អោយកូនប្រុសរបស់អ្នកស្រី ។ បើតាម​ការ​​ពន្យល់​​របស់​គ្រូពេទ្យ បានប្រាប់អោយដឹងថា ករណីហូរទឹកភ្នែកលាយឈាមនេះ គេហៅថា haemolacria ហើយវាមិនមែន បណ្តាលមកពី វិទ្យុសកម្មទូរស័ព្ទនោះទេ ។

ការពិតទៅមាន​កត្តា​ច្រើនណាស់ ដែលបណ្តាល​អោយ ភ្នែកឡើងក្រហម និងមានការហូរ​ទឹកភ្នែកលាយឈាមនេះ ដែលកត្តាទាំងនោះ រួមមាន ភ្នែកស្ងួត និងរមាស់នៅក្នុងភ្នែក ហើយអ្នកជំងឺយក​ដៃទៅញីរ ដែលជាហេតុ ធ្វើអោយភ្នែក​របស់អ្នក ជំងឺកាន់តែស្ងួត ហើយរមាស់ឡើងៗ រហូតបណ្តាល ​អោយ​មានការ ​ហូរឈាមមក​ជាមួយ​​​ទឹកភ្នែក​បែបនេះ ។ គ្រូពេទ្យ​​បាន​​បន្ថែមទៀតថា ថ្វីត្បិតតែករណីនេះ មិនជាប់ទាក់ទង ទៅនឹងការ​លេងទូរស័ព្ទ ទាំងស្រុងក៏ដោយ ប៉ុន្តែមិនមែនមាន​ន័យថា វាមិនបានរួមចំណែកនោះទេ ដូច្នេះម្តាយឪពុកគ្រប់រូប កុំបណ្តោយ​អោយ កូនលេងខ្លាំងពេក ។

ក្រោយ​ពីទទួល​ការព្យាបាល ហើយសម្រាកតាមដានស្ថានភាព​ជាច្រើនថ្ងៃរួចមក កូនរបស់អ្នកស្រីក៏​ជា​សះស្បើយ និង​មាន​កំលាំង​កំហែង​ឡើងវិញ ។ អ្នកស្រីបាន​ដាស់តឿន​ជាចុងក្រោយថា ទោះបីជាយ៉ាងណាក៏ដោយ ឪពុកម្តាយគ្រប់រូប គួរតែកាត់បន្ថយ ការលេងទូរស័ព្ទរបស់កូនៗ កុំបណ្តោយ​អោយកូនរបស់លោកអ្នក ក្លាយជាជនរងគ្រោះបន្ទាប់ ដោយសារតែទូរស័ព្ទ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial