ពុទ្ធោ! សូម្បីតែកូនក្មេងកើតជំងឺទឹកនោមផ្អែមដែរ សូមប្រយ័ត្នចំពោះរោគសញ្ញាទាំងអស់នេះ៖ រន្ធត់ចិត្តណាស់ ក្មេងស្រីអាយុ ៣ ឆ្នាំម្នាក់ស្លាប់ដោយសារតែជំងឺទឹកនោមផ្អែម

កាលពីថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ២០១៨ មានស្ត្រីម្នាក់ បាន​សម្រេចចិត្តចែករំលែក នូវរឿងដ៏សង្វែកមួយដែលបាន​កើតឡើង​ចំពោះកូនស្រី​របស់នាង ដែលបាន​ស្លាប់​ដោយសារ​តែ​ជំងឺទឹកនោមផ្អែមប្រភេទទី ១ ។ អ្នកស្រី Sierra Greenlee បាននិយាយថា វាគ្មាន​រោគសញ្ញា​ណាមួយ​ច្បាស់លាស់ទេ ដែល​ជាហេ​តុធ្វើ​អោយអ្នកស្រី មិនបាន​ចាប់អារម្មណ៍​ថា​កូនស្រី​របស់​អ្នកស្រី មានផ្ទុកនូវជំងឺនេះ ។

អ្នកស្រីបាននិយាយថា អ្នកស្រីបង្ហោះរឿងនេះ មិនមែនជាចង់បានការអាណិត រឺទាក់ទាញការចាប់អារម្មណ៍អ្វីនោះទេ ប៉ុន្តែអ្នកស្រីគិតថាវាគឺជារឿងដ៏ចាំបាច់បំផុត ដែលមនុស្សគ្រប់គ្នាគួរតែដឹង ហើយនឹងប្រុងប្រយ័ត្ន ។ អ្នកស្រីបាននិយាយថា ជំងឺទឹកនោមផ្អែម គឺជាជំងឺពេញនិយមមួយ ប៉ុន្តែយើងធ្លាប់លឺតែលើមនុស្សចាស់តែប៉ុណ្ណោះ ។ ការពិតទៅជំងឺនេះ ក៏អាចកើតមានឡើងចំពោះកុមារបានដែរ ។

អ្នកស្រីបាននិយាយរៀបរាប់ នៅលើគណនីហ្វេសប៊ុក របស់អ្នកស្រីថា នៅថ្ងៃទី ២២ មិនា ឆ្នាំ ២០១៨ អ្នកស្រីបានទៅទទួលកូនពីកន្លែងមើលថែក្មេង ។ ពេលទៅទីនោះ អ្នកមើលថែក្មេងម្នាក់បានបីកូនស្រីរបស់អ្នកស្រីដាក់លើឡាន ដំបូងអ្នកស្រីគិតស្មានថាកូនស្រីគេងលក់ ។ អ្នកស្រីក៏ដាស់កូនស្រី ដែលគេងស្តូកស្តឹងនៅលើពូកឡានខាងក្រោយ ប៉ុន្តែទោះបីជាដាសយ៉ាងណាក៏កូនស្រីនៅតែមិនព្រមភ្ញាក់ ។ អ្នកស្រីក៏យកដៃដាក់លើទ្រូងកូន ស្រាប់តែអ្នកស្រីភ្ញាក់ព្រឺត ព្រោះកូនអ្នកស្រីហាក់ដូចជាគ្មានដង្ហើមនោះទេ ។

អ្នកស្រីក៏បីកូនរត់ចូលទៅក្នុងកន្លែងមើលថែក្មេងវិញ ព្រោះនៅទីនោះមានពេទ្យកុមារប្រចាំការ ។ ទោះបីជាមានការសង្គ្រោះយ៉ាងណាក៏ដោយ ក៏កូនអ្នកស្រីមិនដឹងខ្លួនដែរ ទើបអ្នកស្រីបញ្ជូនកូនទៅកាន់មន្ទីរពេទ្យ ។ គ្រូពេទ្យបានប្រើឧបករណ៍កន្ត្រាក់បេះដូង ហើយនឹងឧបករណ៍ផ្សេងៗ ដើម្បីជួយសង្គ្រោះកូនអ្នកស្រី ប៉ុន្តែលទ្ធផលនៅតែដូចគ្នា គឺកូនអ្នកស្រីមិនដឹងខ្លួននោះទេ ។ មួយសន្ទុះធំក្រោយមក គ្រូពេទ្យក៏បានដើរមកប្រាប់អ្នកស្រីថា ពួកគេបានព្យាយាមជួយសង្គ្រោះអស់ពីលទ្ធភាពហើយ ប៉ុន្តែគួរអោយសោកស្តាយ ដែលកូនអ្នកស្រីបានស្លាប់បាត់បង់ជីវិតហើយ ។

អ្នកស្រីស្រាប់តែស្រឡាំងកាំង នៅពេលលឺដំណឹងនេះ ។ ប្រហែលជា ៣០ នាទីក្រោយមក គ្រូពេទ្យបានយកលទ្ធផលធ្វើតេស្តមួយ ដែលបានបង្ហាញថា កូនស្រីរបស់អ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី ១ ហើយកំរិតជាតិស្ករនៅក្នុងឈាមរបស់នាង បានឡើងដល់ ៥០០ ឯណោះ ។ អ្នកស្រីស្ទើតែមិនចង់ជឿថា កូនរបស់អ្នកស្រីមានជំងឺទឹកនោមផ្អែមនេះ ។ តើកូនរបស់អ្នកស្រីមានជំងឺទឹកនោមផ្អែមដោយរបៀបណា ? អ្នកស្រីបានប្រាប់គ្រូពេទ្យថា ប្រហែលជាលទ្ធផលនេះខុសហើយ ព្រោះកូនរបស់អ្នកស្រីតែងតែពិនិត្យសុខភាពជានិច្ច ហើយលទ្ធផលថាល្អទាំងអស់ ។

គ្រូពេទ្យបានសួរអ្នកស្រីថា តើធ្លាប់សម្គាល់មើលពីអាការៈរបស់កូនដែរទេ កន្លងមក? តើមានអ្វីប្លែកទេ ? អ្នកស្រីគិតមួយសន្ទុះ ហើយក៏ប្រាប់គ្រូពេទ្យថា កូនរបស់អ្នកស្រី ផឹកទឹកច្រើន ហើយនោមច្រើន ហើយលេងឆាប់ហត់ និងអស់កំលាំង ។ អ្នកស្រីមិនចាប់អារម្មណ៍អ្វីទេ ព្រោះអ្នកស្រីគិតថា ទម្លាប់របស់ក្មេងៗគឺបែបនេះ លេងច្រើន ផឹកច្រើន ហើយគេងច្រើន ។ គ្រូពេទ្យក៏​បញ្ជាក់​ប្រាប់នោះ អាចជា​រោគសញ្ញា​នៃ​ជំងឺទឹកនោមផ្អែម ប៉ុន្តែសំណាង​អាក្រក់ដែលអ្នកស្រី​មិនចាប់អារម្មណ៍ចំពោះវា ។ ជាធម្មតា​អ្នកជំងឺ​ដែល​ឡើង​ជាតិស្ករ​ដល់កំរិត ៤០០ ទៅ ៥០០ គឺតែងតែ​សន្លប់ ប៉ុន្តែចំពោះ​រាងកាយ​ក្មេងគឺមិន​អាច​ទ្រាំទ្​រនឹងកំរិត​ដ៏ខ្ពស់​បែបនេះ​
បានទេ ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រីបានធ្វើការដាស់តឿនដល់ឪពុកម្តាយគ្រប់រូប សូមកុំប្រហែសចំពោះរោគសញ្ញាណាមួយ ដែលកើតឡើងចំពោះកូនៗ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial