កសិករម្នាក់ត្រូវបានគ្រូពេទ្យកាត់ម្រាមដៃចោល បន្ទាប់ពីប្រើថ្នាំគីមីសម្លាប់សត្វល្អិត ដោយមិនបានប្រើប្រាស់ឧបករណ៍ការពារ

យោងតាមការ​ចុះផ្សាយ​នៅលើ​គេហរ​ទំព័រព័ត៌មាន​ប្រទេសថៃមួយ បានអោយដឹងថា កសិករ ៥ នាក់ នៅក្នុងចំណោម ១០០ នាក់ ដែលរស់នៅក្នុងស្រុក Bua Yai នៃនគររាជសីមា ត្រូវបានគេរកឃើញថា មានសារធាតុគីមីពុលនៅក្នុងឈាម ក្រោយពីការធ្វើតេស្តឈាម ។ ការតេស្តឈាមនេះ ត្រូវបានឡើងដោយការិយាល័យសុខាភិបាលស្រុក Bua Yai បន្ទាប់ពីទទួលដំណឹងថា
ប្រជាកសិករ​នៅទីនោះ បានប្រើប្រាស់​​សារធាតុគីមី​សម្លាប់​សត្វល្អិត​ខ្លាំងបំផុត ។

ប្រភពព័ត៌មាន​ដដែលបន្តថា ក្នុងចំណោមកសិករទាំង ៥ នាក់ ដែលពិនិត្យឃើញថាមាន
សារធាតុគីមី​នៅក្នុង​ឈាមនោះ មានកសិករ​ ចំណាស់វ័យ ៥០ ឆ្នាំម្នាក់ ត្រូវបានគ្រូពេទ្យធ្វើការកាត់ម្រាមដៃរបស់គាត់ចោល ដើម្បី​ទប់ស្កាត់​ការ​រីករាល​ដាល​កាន់តែ​ធ្ងន់ធ្ងរ ។

ដូចគ្នានេះដែរ  នៅក្នុងស្រុក Chok Chai គ្រូពេទ្យក៏​បាន​រកឃើញ​ ជាតិពុល​ដ៏គ្រោះថ្នាក់​បំផុត នៅក្នុងឈាមកសិករវ័យ ៦០ ឆ្នាំម្នាក់ ដែលធ្វើអោយមានការប៉ះពាល់ទៅដល់បេះដូង ។ យោងតាមសំដីកសិករចំណាស់រូបនោះបានប្រាប់អោយដឹងថា «អាការៈរបស់ខ្ញុំបានវិវត្តទៅជាបញ្ហាបេះដូងជាច្រើនមុខ ចាប់តាំងពីខ្ញុំប្រើថ្នាំគីមីនៅក្នុងចំការរបស់ខ្ញុំអស់រយៈពេល ៥ ឆ្នាំកន្លងមក» ។

បើយោងតាមមន្ទីរសុខាភិបាលស្រុក Bua Yai បានធ្វើការព្រមានថា កសិករគួរតែការពារខ្លួនឯង ដោយធ្វើតាមការណែនាំអោយបានត្រឹមត្រូវ ដែលមាននៅលើកញ្ចប់ថ្នាំសម្លាប់សត្វល្អិតនោះ ហើយពួកគេគួរតែពាក់ឧបករណ៍ការពារ អោយបានត្រឹមត្រូវផងដែរ ។ ចំណែកឯកញ្ចប់ថ្នាំទទេរ គួរតែយកទៅបោះចោលអោយបានត្រឹមត្រូវ ។

ស្របគ្នានេះដែរ មន្ត្រីសុខាភិបាលម្នាក់ ថែមទាំងបានណែនាំដល់ប្រជាជន ដែលបានទិញបន្លែទៅពិសារទាំងអស់គ្នាថា សូមធ្វើការលាងសម្អាតបន្លែទាំងនោះអោយបានច្រើនដង មុនពេលនឹងហូប ព្រោះថ្នាំគីមីទាំងនោះធ្វើអោយប៉ះពាល់ដល់សុខភាពជាខ្លាំង ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial