ប្រយ័ត្នឆ្កែកាច៖ ក្មេងស្រីអាយុ ៤ ឆ្នាំម្នាក់ ស្លាប់ដោយសារតែឆ្កែខាំហែកតាំងពីក្បាល ដល់ក

យោងតាមការចុះផ្សាយ នៅលើគេហរទំព័រព័ត៌មាន​ប្រទេសថៃ​មួយបាន​អោយ​ដឹងថា មានក្មេងស្រីជនជាតិថៃម្នាក់ ដែលមានឈ្មោះថា Thanyalak Salitkul អាយុ ៤ ឆ្នាំ ត្រូបានឆ្កែ ៣ ក្បាលខាំហែក​តាំងពីក្បាល មុខ និង ក រហូតដល់ស្លាប់ ។ ហេតុការន៍នេះ​បាន​កើតឡើង នៅវេលាម៉ោង ៥ និង ២០ នាទីល្ងាច ថ្ងៃអង្គារ៍កន្លងទៅនេះ នៅក្នុងស្រុក Ban Khawo  ខេត្ត Chaiyaphum ។

ប្រភពព័ត៌មានដដែលបន្តថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះបានជិះកង់លេងតែម្នាក់ឯង នៅក្បែរៗផ្ទះ ។ ស្រាប់តែមានឆ្កែ ៣ ក្បាល បានរត់ចេញពីក្នុងផ្ទះ ហើយស្ទុះខាំត្របាក់នាងតែម្តង។ បើតាមសំដីលោក Noppol Kulthanawat វ័យ ៥៧ ឆ្នាំ ដែលត្រូវជាអ្នកជិតខាង ហើយនឹងជា​​សាក្សី​ដែល​ឃើញ​​ហេតុការណ៍​ផ្ទាល់ភ្នែកបាន អោយប្រាប់​​ប៉ូលីស​​អោយដឹងថា ខណៈពេលនោះរូបលោក កំពុងមើលទូរទស្សន៍នៅក្នុងផ្ទះ ប្រហែលជា ៥ ល្ងាច គាត់ក៏បានលឺសំលេងក្មេងស្រីរងគ្រោះស្រែកអោយជួយផង ភ្លាមនោះគាត់ក៏ស្ទុះចេញទៅមើល ហើយក៏បានប្រទះឃើញក្មេងស្រីរងគ្រោះ ត្រូវបានឆ្កែ ៣ ក្បាល ព្រួតគ្នាខាំ ដែលឆ្កែទាំងនោះ ជាធម្មតាត្រូវបានម្ចាស់របស់វា ដាក់ច្រវ៉ាក់នៅក្នុងផ្ទះត្រឹមត្រូវ ។

គាត់បន្តថា ភ្លាមៗនោះផងដែរ គាត់ក៏បានស្ទុះចូលទៅយកកាំបិតមួយ ដើម្បីដេញឆ្កែទាំងនោះ ហើយគាត់ថែម​បានស្រែក​ហៅគេឯង អោយចេញមកជួយ និងនាំក្មេងស្រីរងគ្រោះ​ទៅកាន់មន្ទីរពេទ្យ ។ គាត់បានបញ្ជាក់ប្រាប់ថា ក្មេងស្រីរងគ្រោះបានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយមានឈាមស្រោចពេញផ្ទៃមុខរបស់នាង ។ ជាអកុសលនាង ក៏បានដាច់ខ្យល់ស្លាប់ តាមផ្លូវខណៈពេលដែលបញ្ជូននាងទៅកាន់មន្ទីរពេទ្យ​ ដោយសារតែឈាមហូរច្រើនពេក ។

អ្នកស្រី Daranee Phetchsorn វ័យ ៥០ ឆ្នាំដែលត្រូវជាជីដូន ក្មេងស្រីរងគ្រោះបាននិយាយទាំងទុក្ខសោកថា ក្រុមគ្រួសាររបស់គាត់ទាំងមូល ពិតជារន្ធត់ខ្លាំងណាស់ ចំពោះអ្វីដែលបានកើតឡើងនេះ ។ អ្នកស្រីបន្តថា នៅពេលដែលកើតហេតុនោះ គាត់កំពុងតែធ្វើម្ហូបនៅក្នុងចង្ក្រានបាយ ចំណែកឯម្តាយក្មេងស្រីរងគ្រោះ ធ្វើការជាគ្រូបង្រៀននោះ នៅមិនទាន់ត្រលប់ពីធ្វើការវិញទេ ។អ្នកស្រីបាន​និយាយ​ទាំង​ទឹកភ្នែក​រលីងរលោងថា ក្រុមគ្រួសាររបស់អ្នកស្រីមានគម្រោងរៀបចំពិធីខួបកំណើត គំរប ៥ ឆ្នាំ អោយក្មេងស្រីរងគ្រោះនៅថ្ងៃទី ៣០ ខែកញ្ញាខាងមុខនេះ ប៉ុន្តែមិនគួរណាចៅស្រីរបស់អ្នកស្រីជួបរឿង ដ៏អកុសលបែបនេះទេ ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រី Daranee បានបញ្ជាក់ប្រាប់ថា ម្ចាស់ឆ្កែ នៅមិនទាន់បានទាក់ទងមកកាន់ក្រុមគ្រួសារ ឬមកចូលរួមពិធីបុណ្យសពរបស់ Thanyalak នៅឡើយទេ ។ អ្នកស្រីបានទទួចថា សុំអោយមានការព្រមានដល់ម្ចាស់ឆ្កែ អោយមានគ្រប់គ្រងសត្វចិញ្ចឹមរបស់ពួកគេអោយបានត្រឹមត្រូវ ហើយត្រូវប្រាកដថា ពួកគេមិនព្រលែងឆ្កែអោយដើរពាសណាពាសណី បង្កជាបញ្ហាដល់អ្នកដទៃបែបនេះទេ ។

បើយោងតាមសំដីប៉ូលីសតំបន់នោះ បានប្រាប់អោយដឹងថា ប៉ូលីសនឹងកោះហៅម្ចាស់ឆ្កែ អោយចូលមកទទួលទោស ពីបទចិញ្ចឹមឆ្កែកាច ហើយមិនអាចគ្រប់គ្រងឆ្កែរបស់ខ្លួនបានត្រឹមត្រូវ បង្កអោយមានគ្រោះថ្នាក់រហូតធ្វើអ្នកដទៃបាត់បង់ជីវិត ។ ចំពោះបទឧក្រិដ្ឋនេះផងដែរ អាចនឹងត្រូវបានផ្តន្ទាទោសអតិបរមារយៈពេលពី ១ ខែឡើងទៅ ហើយនឹងមានការផាកពិន័យ ជាសាច់ប្រាក់ចំនួន ១០០០០ បាត ($៤២៣ដុល្លា) ។ ក្នុងករណី ប្រសិនបើប៉ូលីសធ្វើការស៊ើបអង្កេតរកឃើញថា ម្ចាស់ឆ្កែមិនមានប្រុងប្រយ័ត្នចំពោះឆ្កែរបស់ខ្លួននោះ ម្ចាស់ឆ្កែនឹងត្រូវបានដាក់បន្ថែមពីលើនោះ ។

ជាចុងក្រោយប៉ូលីសបានបញ្ជាក់ប្រាប់ថា បន្ទាប់ពីពិធីបុណ្យសពក្មេងស្រីរងគ្រោះចប់សព្វគ្រប់នោះ ប៉ូលីសនឹងកោះហៅភាគីទាំងសងមកនិយាយគ្នា​ ហើយនឹងដោះស្រាយទៅតាមផ្លូវច្បាប់ ៕

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial