ដាស់តឿនដល់ឪពុកម្តាយ សូមយកចិត្តទុកដាក់ចំពោះសុខភាពមាត់ធ្មេញរបស់កូន៖ ក្មេងប្រុសម្នាក់ប៊ិះនឹងត្រូវស្លាប់ ដោយសារតែមិនដែលដុសធ្មេញ

ថ្មីៗនេះ​មាន​ស្ត្រីម្នាក់​ដែល​មាន​ឈ្មោះថា Leah Liza Duran បានធ្វើការ​ដាស់តឿន ដល់ឪពុកម្តាយគ្រប់រូប អោយយកចិត្តទុកដាក់ចំពោះ សុខភាពមាត់ធ្មេញរបស់កូន ជៀសវាងជួបរឿងអាក្រក់បែបនេះ ។ បើតាមការ​សរសេរ​រៀបរាប់ នៅលើ​គណនី​ហ្វេសប៊ុក​របស់នាង បានអោយដឹងថា​កូនប្រុសអ្នកស្រី ប៊ិះនឹងត្រូវស្លាប់ ដោយសារតែ​ឆ្លងមេរោគ​តាមរយៈធ្មេញ។ នាងបញ្ជាក់ថា ដំបូងឡើយ កូនរបស់នាង មានអាការៈឈឺធ្មេញ ហើយមានហើមតិចៗ តែនាងក៏មិនចាប់អារម្មណ៍ថា វាប្រែទៅជាធ្ងន់ធ្ងរបែបនេះទេ ។

លុះស្អែកឡើង​ស្រាប់តែ អញ្ចាញធ្មេញ​កូនរបស់អ្នកស្រី ក៏បង្កទៅជាខ្ទុះ ហើយកូនអ្នកស្រីមានអាការៈក្តៅ និងប្រកាច់ ។ ទើបអ្នកស្រី​ប្រញាប់នាំ​កូន​ទៅកាន់​មន្ទីរពេទ្យ ។ គ្រូពេទ្យបាន​ប្រាប់អ្នកស្រីថា កូនប្រុស​របស់​អ្នកស្រី បានឆ្លង​មេរោគ​រីករាល​ដាល ទៅខួរក្បាល​របស់គេ បណ្តាលអោយប្រកាច់ ។ វាបង្កឡើង​ដោយសារ​តែ ធ្មេញរបស់គេហើម ហើយមានខ្ទុះ ។ ចង្វាក់បេះដូងកូនរបស់អ្នកស្រីធ្លាក់ចុះ ហើយគេក៏បានក្អួតធ្លាក់ឈាមយ៉ាងច្រើន ។

អាការៈរបស់ក្មេងប្រុសធ្លាក់ចុះយ៉ាងខ្លាំង ។ គ្រូពេទ្យថែមទាំងបានប្រាប់ទៀតថា ខួរក្បាលកូនអ្នកស្រី មានឈាម ។ មិនតែប៉ុណ្ណោះ នៅក្នុងក្រពះ និងសួតក៏មានឈាមដែរ ។ អ្នកស្រីបានប្រាប់ថា កូនរបស់អ្នកសន្លប់មិនដឹងខ្លួនរយៈពេល ២៤ ម៉ោង ។ អ្នកស្រីពិតជា​អស់​សង្ឃឹម​ខ្លាំងណាស់ ពេលដែល​ឃើញ​អាការៈ​កូន​របស់​អ្នកស្រីបែបនេះ ។ គ្រូពេទ្យបាន​ តាម​ដាន​​ស្ថានភាព​​របស់គេ យ៉ាងយក​ចិត្តទុក​ដាក់​បំផុត ជាសំណាងល្អ ដែលក្មេងប្រុសអាច​ឆ្លង​ដំណាក់កាល​ដ៏គ្រោះ​ថ្នាក់​នេះបាន ហើយគេ​ក៏ប្រែមកជា​ល្អប្រសើរ​បន្តិចម្តងៗ ។

ទោះបីជាយ៉ាងណាក៏ដោយ កូនប្រុសអ្នកស្រីត្រូវ​​គេងសម្រាក​នៅក្នុង មន្ទីរពេទ្យជាច្រើនថ្ងៃ ទំរាំជាសះស្បើយ ទើបគ្រូពេទ្យ​អនុញ្ញាត​អោយ​ត្រលប់​ទៅផ្ទះវិញ ។ ឃ្លាចុងក្រោយ​របស់អ្នកស្រី បានបញ្ជាក់យ៉ាងច្បាស់ៗថា សូមយកចិត្ត​ទុកដាក់ ចំពោះសុខភាព​មាត់ធ្មេញ​របស់កូនៗ ជៀសវាង​ជួបរឿង​អាក្រក់​ដូចជា​កូនអ្នកស្រី ។ អ្នកស្រីប៊ិះនឹង​ត្រូវ​បាត់បង់​កូនទៅហើយ សំណាងណាស់ដែលគ្រូពេទ្​យអាច​សង្គ្រោះជីវិតបាន ។

ស្របគ្នានេះ​ដែរគ្រូពេទ្យក៏បាន ធ្វើការដាស់តឿនដល់ឪពុកម្តាយគ្រប់រូបផងដែរ ថាសុខភាពមាត់ធ្មេញរបស់កូនគឺជារឿងចាំបាច់ខ្លាំងណាស់ ។ អ្នកគួរតែយកចិត្តទុកដាក់អោយមែនទែន ព្រោះអាចធ្វើអោយបាត់បង់អាយុជីវិតបាន ប្រសិនបើមានការឆ្លងរីករាលដាលធ្ងន់ធ្ងរ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial