ក្មេងស្រីអាយុ ៣ ឆ្នាំម្នាក់ ធ្លាក់ពីលើអគារជាន់ទី ១៧ ស្លាប់យ៉ាងអណោចអធ័ម ខណៈពេលដែលឪពុកម្តាយមិននៅផ្ទះ

យោងតាមការចុះផ្សាយនៅលើ​គេហរ​ទំព័រ​ព័ត៌មាន​​ប្រទេស​ម៉ាឡេស៊ីមួយ បានអោយដឹងថា មានក្មេងស្រីអាយុ ៣ ឆ្នាំម្នាក់ បានធ្លាក់ពី​លើអគារ​ស្នាក់​នៅមួយ​កន្លែង ស្លាប់ភ្លាមៗយ៉ាង​អណោចអធ័ម ។ សោកនាកម្ម​ដ៏​រន្ធត់នេះ បានកើត​ឡើង កាលពីវេលា​ម៉ោង ៧ព្រឹក ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៨ ។

ប្រភពព័ត៌មាន​ដដែលបន្តថា នៅថ្ងៃកើតហេតុនោះ កុមារីរងគ្រោះ​នៅផ្ទះតែម្នាក់ឯង ព្រោះឪពុកម្តាយរបស់នាង បានចេញ​ពីផ្ទះ​តាំងពី​ម៉ោង ៦ ព្រឹក ដើម្បីទៅលក់បាយ ។ បើតាម​សំដី​ឪពុកម្តាយក្មេងស្រី​រងគ្រោះ​បាន​អោយ​ដឹងថា ពួកគេ​មាន​កូនចំនួន ៣ នាក់ ហើយជា​រៀងរាល់​ថ្ងៃ​ពួកគេ​តែងតែ​ចេញពី​​ផ្ទះ​ទៅ​លក់បាយ ដោយទុក​កូនៗ អោយកូនស្រី​ម្នាក់ទៀត ដែលមានអាយុ ១៤ ឆ្នាំ ជាអ្នកនៅមើលថែប្អូនៗ ។ ចៃដន្យ​នៅថ្ងៃ​កើតហេតុ កូនស្រី​បងគេបង្អស់ ដែលមានវ័យ ១៤ ឆ្នាំ  បានឆ្លៀត​ជូន​ប្អូនបន្ទាប់ ដែលមានអាយុ ៧ ឆ្នាំ ទៅសាលារៀន ដែលនៅជិតផ្ទះ ហើយបានទុកក្មេងស្រី​រងគ្រោះ អោយនៅផ្ទះតែម្នាក់ឯង ព្រោះ​នាង​មិនទាន់​ក្រោក​ពីគេងនៅឡើយ ។

បើយោងតាមសំដីបងស្រី ជនរងគ្រោះ​បាន​ប្រាប់​ប៉ូលីស​ថា ខ្លួនឃើញ​ប្អូន​គេងលក់ ដូច្នេះហើយទើបបាន​ជា​មិនចង់ដាស់ប្អូន ព្រោះប្អូន​កំពុងគ្រុនក្តៅ ។ ពេលដែល​នាង​ត្រលប់​មក​ផ្ទះវិញ ស្រាប់​តែអ្នក​ជិត​ខាង​បាន​ប្រាប់​នាង​ពី​ដំណឹង​ដ៏អាក្រក់នេះ ។ បើយោង​តាម​ការស៊ើប​អង្កេត​របស់​ប៉ូលីសបានអោយដឹងថា នៅ​យ៉រខាងក្រៅ​បន្ទប់​ស្នាក់​នៅ នៃគ្រួសារជនរងគ្រោះ ឃើញមាន​កៅអីជ័រមួយ ហើយពួកគេ​ជឿថា កុមារីរងគ្រោះ ប្រាកដជា​ឡើង​លើកៅអី​នោះ ហើយក៏បាន​រអិលជើងធ្លាក់ចុះមកក្រោម ។

បើតាមសំដី​សាក្សី​ដែល​នៅម្តុំ​នោះ​បាន​ប្រាប់​អោយដឹងថា ពួកគេ​បាន​ឃើញ​ក្មេងស្រី​រងគ្រោះឡើងលើកៅអី ហើយព្យាយាម​ចង្អើត​​ជើង​យក​​ខោ​អាវ ដែល​ហាលនៅខាងក្រៅ ទើបបណ្តាលអោយធ្លាក់បែបនេះ។ យ៉ាងណា​ក៏​សូមដាស់​តឿនដល់ ឪពុកម្តាយ​គ្រប់រូប អោយមាន​ការប្រុងប្រយ័ត្នចំពោះកូនៗ កុំទុកពួកគេអោយនៅតែម្នាក់ឯងអោយសោះ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial