ដាស់តឿនដល់មិត្តស្ត្រីទាំងឡាយ ដែលតែងតែប្រើកន្ត្រៃកាត់ក្រចករួមគ្នា រឺ និយមចូលចិត្ត ធ្វើក្រចកដៃនៅតាមផ្សារ ប្រយ័ត្នឆ្លងមេរោគដ៏កាចសាហាវដូចនារីម្នាក់នេះ

យោងតាមការចុះផ្សាយ នៅលើគេហរទំព័រព័ត៌មាន myfox បានអោយដឹងថា មានស្ត្រីជនជាតិប្រេស៊ីល វ័យ ២២ ឆ្នាំម្នាក់ មានផ្ទុកមេរោគអេដស៍ តាមរយៈការប្រើប្រាស់កន្ត្រៃកាត់ក្រចក រួមគ្នាជាមួយនឹងអ្នកមានផ្ទុកមេរោគអេដស៍ ។ ប្រភពព័ត៌មានដដែលបន្តថា នាងដឹងថាខ្លួនឯងមានផ្ទុកមេរោគនេះ បន្ទាប់ពីនាងធ្វើតេស្តឈាម មុនពេលដែលនាងបរិច្ចាគឈាម ។

លទ្ធផលធ្វើតេស្តឈាម បង្ហាញនាងមានផ្ទុកមេរោគអេដស៍ ។ បើយោងតាមសំដីនារីរូបនោះ បានអោយដឹងថា នាងមិនដែលរួមភេទដោយមិនបានការពារនោះទេ ដូច្នេះវាមិនអាចឆ្លងតាមរយៈការរួមភេទទេ ។ ទោះបីជាយ៉ាងណាក៏ដោយ គ្រូពេទ្យបានអោយមិត្តប្រុសរបស់នាង ធ្វើតេស្តឈាម ប៉ុន្តែលទ្ធផលបង្ហាញថា មិត្តប្រុសរបស់នាងគ្មានផ្ទុកមេរោគអេដស៍នោះទេ ។ លើសពីនេះទៀត ម្តាយរបស់នាងក៏បានធ្វើតេស្តដែរ ប៉ុន្តែលទ្ធផលនៅតែអវិជ្ជមាន ។ ហើយនាងក៏មិនធ្លាប់ធ្វើការវះកាត់អ្វីនោះដែរ ។

ក្រោយការសាកសួរ យ៉ាងល្អិតល្អន់ ថាតើនាងបានចែករំលែករបស់ប្រើប្រាស់ផ្ទាល់ខ្លួនជាមួយអ្នកណា ដែលមានផ្ទុកមេរោគនេះដែររឺទេ ? នាងក៏បាននិយាយប្រាប់ថា នាងធ្លាប់បានប្រើកន្ត្រៃកាត់ក្រចក កន្ត្រៃច្រឹបសាច់ រួមគ្នាជាមួយនឹងបងប្អូនជីដូនមួយរបស់នាងម្តង ប៉ុន្តែនាងមិនដឹងទេថា បងប្អូនរបស់នាងមានផ្ទុកមេរោគនេះរឺអត់ទេ ។ គ្រូពេទ្យក៏បានដាក់ការសន្និដ្ឋានថា នាងប្រហែលជាឆ្លងមេរោគអេដស៍នេះ តាមរយៈការប្រើប្រាស់របស់រួមគ្នា ដោយមិនបានសម្លាប់មេរោគហើយ ។

ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីរឿងនេះបានផ្ទុះឡើង បងប្អូនជីដូនមួយរបស់នាងក៏បានសារភាពថា នាងមានផ្ទុកមេរោគនេះយូរហើយ ប៉ុន្តែនាងមិនដែលប្រាប់រឿងនេះទៅអ្នកណាម្នាក់នោះទេ ។ យោងតាមសំដីគ្រូពេទ្យបាននិយាយលើកឡើងថា នេះមិនមែនជាករណីទី ១ នោះទេ ។ ការពិតទៅរឿងស្រដៀងគ្នានេះ ធ្លាប់កើតមានឡើងច្រើនមកហើយ ។ មិនតែប៉ុណ្ណោះ គ្រូពេទ្យក៏បានដាស់តឿនថា ប្រភពដែលចម្លងមេរោគមានច្រើនណាស់ មិនមែនតែកន្ត្រៃកាត់ក្រចកនោះទេ ។ សូម្បីតែម្ជុលចាក់សាក់ ក៏អាចចម្លងមេរោគបានដែរ ។

វាមិនត្រឹមតែអាចចម្លងមេរោគអេដស៍នោះទេ វាអាចចម្លងជំងឺផ្សេងៗជាច្រើនមុនទៀតដូចជា ជំងឺស្វាយ ជំងឺរើម ជំងឺ chlamydia (ប្រភេទប៉ារ៉ាស៊ីតម្យ៉ាងដែលឆ្លងទៅមនុស្សតាមរយៈសត្វល្អិត) រោគប្រមេះ ជំងឺថ្លើម និងជំងឺកាចសាហាវជាច្រើនទៀតផងដែរ ។ ដូច្នេះអ្នកមិនគួរប្រើរបស់រួមគ្នានោះទេ ជាពិសេសស្ត្រីទាំងឡាយដែលនិយមធ្វើក្រចកនៅតាមហាងជាដើម ព្រោះអ្នកមិនប្រាកដទេថា ឧបករណ៍ទាំងនោះ ពិតជាបានសម្លាប់មេរោគដែររឺអត់នោះទេ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial