អ្នកដែលតែងតែចូលគេងយប់ជ្រៅ និងតែងតែស្ត្រេសខ្លាំង ប្រយ័ត្នជួបរឿងដូចស្រីស្អាតម្នាក់នេះ

យោងតាមគណនី​ហ្វេសប៊ុករបស់​នារី​ជនជាតិហ្វីលីពិនម្នាក់ ដែលមានឈ្មោះថា Kristine Cepe បានសរសេររៀបរាប់ អំពីបញ្ហាដែលបានកើតឡើង ចំពោះប្អូនស្រីរបស់នាង ទាក់ទងទៅនឹងការគេងយប់ជ្រៅ ហើយស្ត្រេសខ្លាំងពេក ។ បើតាមនារី​រូបនោះ​បាន​និយាយឡើងថា កាលពីព្រឹកព្រលឹមថ្ងៃទី ២៥ ខែកុម្ភៈឆ្នាំនេះ ប្អូនស្រីរបស់នាង ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើសង្គ្រោះបន្ទាន់ ក្រោយពេលដែលនាង មានអាការៈដកដង្ហើមញាប់ខុសពីធម្មតា ។

នារីរូបនោះបានបន្តទៀតថា ប្អូនស្រីរបស់នាងមានឈ្មោះថា Gorgie នាងតែងតែចូលគេងយប់ជ្រៅ ដោយសារតែនាងនៅមើលមេរៀនត្រៀមប្រលង ដែលនេះជា​ហេតុបណ្តាល​អោយប្អូន​ស្រី​របស់នាង មានអារម្មណ៍ស្ត្រេសខ្លាំង ។ ជារឿយៗ ប្អូនស្រីរបស់នាង​តែងតែ​រអ៊ូដាក់នាងថា រូបគេមានអារម្មណ៍ស្ត្រេសខ្លាំងណាស់ ព្រោះខ្លាចប្រលងមិនជាប់ ។ ទោះបីជា​​ក្រុមគ្រួសារ​របស់នាង​តែងតែ​ផ្តល់​កំលាំងចិត្ត​អោយនាង​យ៉ាងណាក៏ដោយ ប៉ុន្តែ Gorgie នៅតែ​មាន​អារម្មណ៍ស្ត្រេស ហើយគេ​តែងតែ​ចូល​គេង​យប់ជ្រៅ រឺពេលខ្លះទៀត គេចូល​គេង​ជិតភ្លឺក៏មានដែរ ។

ស្រាប់តែថ្ងៃកើតហេតុ ប្អូនស្រីរបស់នាង មានអាការៈគ្រុនក្តៅខ្លាំង ហើយដកដង្ហើមញាប់ខ្លាំង ។ ដោយ​ឃើញសភាពបែបនេះ ក្រុមគ្រួសាររបស់នាង ក៏បានបញ្ជូន Gorgie ទៅកាន់មន្ទីរពេទ្យ ។ បន្ទាប់ពី​ពិនិត្យរួចរាល់ហើយ គ្រូពេទ្យបានប្រាប់ថា Gorgie បានប្រឈមមុខនឹងបញ្ហាសុខភាពមួយ ដែលហៅថា hyperventilation ។

Hyperventilation ជាស្ថានភាពមួយ ដែលធ្វើអោយ អ្នកជំងឺចាប់ផ្តើម​ដកដង្ហើម​ញាប់ខ្លាំង ដោយការ​បញ្ចេញដង្ហើម ច្រើនជាងការស្រូបដង្ហើមចូល ។ បញ្ហានេះ​វា​បណ្តាល​អោយ មានការ​កាត់បន្ថយ​កាបូនឌីអុកស៊ីត នៅក្នុងខ្លួន​យ៉ាង​ឆាប់រហ័ស ។ គ្រូពេទ្យ​បាន​ប្រាប់ថា​បញ្ហានេះ បណ្តាលមក​ពីភាពតាន​តឹងខ្លាំងពេក អស់កម្លាំង និងគេងមិនគ្រប់គ្រាន់ ។

ទោះបីជាយ៉ាងណាក៏ដោយ Hyperventilation មិនមែនស្ថានភាពធ្ងន់ធ្ងរនោះទេ គ្រូពេទ្យបានប្រាប់ថា អ្នកជំងឺគ្រាន់តែគេងអោយបានគ្រប់គ្រាន់ ហើយញុំអាហារដែលផ្តល់នូវថាមពល ហើយកាត់បន្ថយអារម្មណ៍ស្ត្រេស នោះអាការៈនឹងល្អប្រសើរឡើងវិញ ។ លោកគ្រូពេទ្យ ក៏ដូចជាក្រុមគ្រួសាររបស់ Gorgie បានដាស់តឿនដល់មនុស្សគ្រប់គ្នា ក៏ដូចជាសិស្សៗទាំងឡាយ ដែលតែងតែចូលគេងយប់ជ្រៅ ហើយស្ត្រេសនឹងមេរៀន អោយមានការប្រុងប្រយ័ត្ន កុំដាក់សម្ពាធលើខ្លួនឯងខ្លាំងពេក ព្រោះវាអាចធ្វើអោយប៉ះពាល់ដល់សុខភាពរាងកាយ និងសុខភាពផ្លូវចិត្តរបស់អ្នក៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial